ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 បានបញ្ចប់វគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ដោយរកឃើញជើងខ្លាំងចំនួន៤ដូចជា៖ ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ម៉ាឡេស៊ី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខណ:ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ធ្លាក់ត្រឹមវគ្គជម្រុះពូល A ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៣ ជាមួយ៦ពិន្ទុក្នុងដៃ ពីការលេង៤ប្រកួត ឈ្នះ២ និងចាញ់២លើក។

នេះគឺកំណត់ត្រាថ្មីចាប់តាំងពី​ឆ្នាំ ១៩៩៦ មកម្ល៉េះដែលកម្ពុជា អាចរកបាន ៦ ពិន្ទុ​ជា​លើកដំបូង ក្នុងពានរង្វាន់ AFF Championship ពោលពីមុនមក កម្ពុជា មិនដែល​រក​បាន​លើស​ពី ៣ ពិន្ទុ​ឡើយ។ ជាពិសេសនោះគឺគោព្រៃ​កម្ពុជា អាច​រក​គ្រាប់​បាល់​បាន​ច្រើន ពោល​គឺ​រក​បាន ១០ គ្រាប់ ក្នុង​ចំណោម ៤ ប្រកួត ខណៈ ៨ លើក​កន្លងមក តែងតែ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​បាន ៦ គ្រាប់ប៉ុណ្ណោះ។

ក្នុងចំណោម ៤ ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 មានតែកីឡាករ ២ រូបប៉ុណ្ណោះដែលមាននាទីលេងច្រើនជាងគេសរុប ៣៦០នាទី គឺ ខ្សែការពារ ជួន ចាន់ចាវ និង អ្នកចាំទី កែវ សុខសិលា។

ចំណែកខ្សែការពារ សឿត បារាំង បង្ហាញខ្លួនបាន ៣៣៩នាទី, ទេស សម្បត្តិ បង្ហាញខ្លួន ៣៣៧នាទី, អ៊ន ចាន់ប៉ូលីន បង្ហាញខ្លួនបាន ៣១៨នាទី, សឿយ វិសាល បង្ហាញខ្លួនបាន ៣១០នាទី និង សៀង ចន្ធា បង្ហាញខ្លួនបាន ៣០៨នាទី។

យ៉ើ មូស្លីម បាន ២៧០នាទី, លឹម ពិសុទ្ធ បាន ២៦២នាទី, សុះ​ ស៊ូហាណា បាន ២៥៧នាទី, រុឹង ប៊ុនហៀង បាន ១៩៩នាទី, សារ ទី បាន ១០៤នាទី, អុិន សូដាវីដ បាន ១០០នាទី, សារ៉េត គ្រីយ៉ា បាន ៩០នាទី, Nick Taylor បាន ៨៩នាទី, កែវ សុខផេង បាន ៨៣នាទី, កុក ប៉ូរីស បាន ៦៦នាទី, ប៊ីន ចន្ថាជារី បាន ២៩នាទី, ឆេង ម៉េង បាន ២១នាទី និង ម៉ាត់ ណូរ៉ុន បាន១៦នាទី។

ដោយឡែកកីឡាករ ៤ រូបដែលជាប់ជម្រើសជាតិ ប៉ុន្តែមិនបានបង្ហាញខ្លួនលើទីលានសោះមានដូចជា៖ កែន ច័ន្ទសុភ័ក្រ្ត, ហ៊ុល គឹមហ៊ុយ, អ៊ុក សុវណ្ណ, តាំង ប៊ុនឆៃ, វីរះ ដារ៉ា និង ប្រាក់ ធីវ៉ា។

កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
ជើងទី១
-ថ្ងៃទី៦ ខែមករា ឥណ្ឌូនេស៊ី ប៉ះ វៀតណាម នៅកីឡដ្ឋាន Gelora Bung Karno Stadium
-ថ្ងៃទី៧ ខែមករា ម៉ាឡេស៊ី ប៉ះ ថៃ នៅកីឡដ្ឋាន Bukit Jalil National Stadium
ជើងទី២៖
-ថ្ងៃទី៩ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Mỹ Đình National Stadium
-ថ្ងៃទី១០ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat Stadium៕

Share.