ទំព័រប្រតិទិនថ្មី ឆ្នាំ២០២៣ ត្រូវបានបើកជាផ្លូវការ បន្ទាប់ពីបញ្ចប់ទំព័រឆ្នាំចាស់ ហើយ​នៅ​ពេល​និយាយ​ពីឆ្នាំ២០២៣ រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិតបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំរួចមកហើយ។

យ៉ាងណាមិញ នៅសល់រយៈពេលប្រហែល៥ខែទៀត ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដ៏​អស្ចារ្យ​មួយនេះ នឹងចូលមកដល់ ហើយដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ ទៅ​លើ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត នៅកម្ពុជានេះ Cambodia 2023 សូមបង្ហាញជូននូវចំនុចសំខាន់ៗ ដែល​លោកអ្នកគួរជ្រាបជាព័ត៌មាន។


១. និមិត្តសញ្ញា
និមិត្តសញ្ញា កម្ពុជា ឆ្នាំ២០២៣ ទាក់ទាញឱ្យមានការបំផុសស្មារតី អំពី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ព្រះរាជាណាចក្រកម្ពុជា និងប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូ (UNESCO) មិនត្រឹមតែជានិមិត្តរូប និងអត្តសញ្ញាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជាមោទកភាព និងសេចក្តីសោមនស្សរីករាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ពណ៌មាស ត្រូវ​បាន​ជ្រើសជាពណ៌ចម្បងនៃនិមិត្តសញ្ញា ដើម្បីតំណាងឱ្យកម្ពុជា និង​ភាព​រីកចម្រើន​ប្រកបដោយ​ភោគទ្រព្យ សុខភាព និងសុភមង្គល។


ចំណែក​រូបនាគ នៅក្នុងនិមិត្តសញ្ញា គឺជាអ្នកការពារ និងផ្តល់ស្ថិរភាព ដល់ព្រះរាជាណាចក្រកម្ពុជា។ រូបនាគទាំង៤ គឺមានពណ៌បៃតង ក្រហម ខៀវ និងលឿង ត្រូវបានចងភ្ជាប់ជាមួយគ្នា តំណាង​ឱ្យ​ការ​រួបរួម និងភាពចម្រុះ នៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ដោយពណ៌ទាំង៤នេះ តំណាង​ឱ្យ​ភាព​ចម្រុះ​នៃសហគមន៍អាស៊ីអាគ្នេយ៍ ដែលរួបរួមគ្នាតែមួយ តាមរយៈនាគទាំង៤។


២. បាវចនា
បាវចនា «កីឡារស់ក្នុងសន្តិភាព» ត្រូវបានបំផុសគំនិតជារៀងរាល់ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសន្តិភាព និងស្ថិរភាព។ កីឡា គឺជាកត្តាចលករជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស។ មហិច្ឆតា​របស់​កម្ពុជា គឺសម្រេចឱ្យបានជាប្រទេសមានប្រាក់ចំណូលមធ្យម ត្រឹមឆ្នាំ២០៣០ ជាមួយ​បំណង​ដ៏មុត​មាំនៃសន្តិភាពកំពុងបន្ត ដែលនាំឱ្យមានភាពរុងរឿង សុខភាពល្អ និងសុភមង្គលក្នុងសហគមន៍។


៣. ម៉ាស្កុត
ម៉ាស្កុតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា គឺរូបសត្វទន្សាយ២ មាន​ឈ្មោះថា បុរី (ឈ្មោល) និង រំដួល (ញី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ ទន្សាយ​ឈ្មោល​ឈ្មោះ បុរី តំណាងឱ្យសាមគ្គីភាព ហើយទន្សាយញីឈ្មោះ រំដួល ជាផ្កា​តំណាង​ឱ្យប្រទេសកម្ពុជា។


ទន្សាយ​ទាំង២ ដែលត្រូវបានជ្រើសរើសជា «ម៉ាស្កុត» សម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ជាតួអង្គគួរឱ្យស្រឡាញ់នៅក្នុងរឿងព្រេងនិទានបុរាណខ្មែរ ដែលបង្ហាញពីតម្លៃ នៅក្នុងការអប់រំតាមរយៈព្រះពុទ្ធសាសនា ជុំវិញការបំផុសគំនិតយុត្តិធម៌ មិនលម្អៀង ចំណេះដឹង និងការជួយសង្គម។ ការជ្រើសរើសសត្វទន្សាយក៏បញ្ជាក់ពីសមភាពយេនឌ័រក្នុងកីឡាផងដែរ។


៤. កាលបរិច្ឆេទ
យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍កីឡាទាំង២នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺការប្រកួតស៊ីហ្គេម ចាប់ផ្ដើមមុន រួច​ទើប​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ចាប់ផ្ដើមជាក្រោយ បានសេចក្ដីថា រំលងពីគ្នារយៈពេល ១៧ថ្ងៃ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។


៥. ប្រទេសចូលរួម

ប្រទេសចូលរួម គឺត្រូវបានបញ្ជាក់ថា រួចហើយថា ប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទាំង១០ រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម សុទ្ធ​តែនឹង​មកចូលរួម​ការ​ប្រកួត​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។


៦. ប្រភេទកីឡាដាក់ឱ្យប្រកួត

ចំពោះ​ប្រភេទកីឡាដាក់ឱ្យប្រកួត ក៏មានការបែងចែកដាច់ពីគ្នាផងដែររវាង ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ដោយស៊ីហ្គេម មានប្រភេទកីឡាច្រើនជាង អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវ​បាន​ប្រកាស​ជាផ្លូវការថា នឹងមានកីឡាចំនួន ៣៧ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ (Demonstration) ដាក់ឱ្យប្រកួត ដែលស្មើនឹង ៦០៨វិញ្ញាសា (៦០៨ មេដាយមាស)។

ចំណែកអាស៊ានប៉ារ៉ាហ្គេម ត្រូវបានប្រកាសជាផ្លូវការថា មានកីឡាចំនួន ១៣ប្រភេទ បូកនឹង​កីឡា​សម្ដែង ១ប្រភេទ ដាក់ឱ្យប្រកួត ស្រប​ពេល​ដែល​វិញ្ញាសាប្រកួត​ស្ថិត​ក្នុង​ការ​ពង្រាង​មាន​ប្រមាណ​ជាង​៤០០វិញ្ញាសា។ កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមាន​កីឡា​អត្តពលកម្ម​ជនពិការ, ហែលទឹកជនពិការ, វាយសីជនពិការ, បាល់ទាត់ ៥ម្ខាង, បាល់ទាត់ ៧ម្ខាង, លើក​ទម្ងន់​ជនពិការ, បូស្យាជនពិការ, វាយកូនឃ្លីលើតុជនពិការ, យូដូជនពិការ, បាល់បោះជិះរទេះជនពិការ, បាល់បោះជនពិការភ្នែក, បាល់ទះអង្គុយ និងកីឡាអុក រីឯកីឡាសម្ដែង ១ប្រភេទ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។


៧. ទីតាំងប្រកួត
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​សម្រេចជ្រើសរើសទីតាំងប្រកួតជាគោលធំៗ ចំនួន ៥ រួមមាន រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្ត​ព្រះសីហនុ, ខេត្តកំពត និងខេត្តកែប។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹង​ក្លាយ​ជាទីតាំង​ប្រារព្ធ​ពិធីបើក-បិទ និងជាកន្លែងប្រកួតដ៏មមាញឹកជាងគេ។
ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) សម្រេចធ្វើការប្រកួតរួមតែមួយនៅរាជធានីភ្នំពេញ ដើម្បី​ផ្ដល់​ភាពងាយ​ស្រួល​ដល់អត្តពលិក​ដែលមានពិការភាព។


៨. ហេដ្ឋារចនាសម្ព័ន្ធ
យើងមានសំណង់ពហុកីឡដ្ឋានដ៏ប្រណិត ដែលរំលេចចេញជារូបរាងយ៉ាងអស្ចារ្យ ត្រដែត​នៅ​ចំកណ្ដាលនៃទន្លេមេគ្គង និងទន្លេសាប នោះគឺ ពហុកីឡដ្ឋានជាតិមតរកតេជោ ដែល​ជា​ទីតាំង​បណ្ដុំ​ទៅ​ដោយទីលានប្រកួតកីឡាជាច្រើន រួមជាពិសេស «វិមានពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ៦០,០០០នាក់។


ក្នុងបរិវេនពហុកីឡដ្ឋានជាតិមតរកតេជោ ក៏មានភូមិកីឡា ផងដែរ ដែលនេះជាទីតាំងសម្រាប់ប្រតិភូ និងអត្តពលិក ស្នាក់នៅ និងហូបចុកផ្ទាល់តែម្ដង ជាចំណែកនៃការកាត់បន្ថយការធ្វើដំណើរឆ្ងាយ។ ពហុកីឡ​ដ្ឋានជាតិ ក៏បាននឹងកំពុងធ្វើការជួសជុលជាបណ្ដើរៗ ទាំងផ្នែកបច្ចេកទេស ក៏ដូច​ជាផ្នែកសោភ័ណភាព ដើម្បីបម្រើដល់ការប្រកួតកីឡាមួយចំនួននៅទីនោះ។


ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាផ្លូវថ្នល់ ផ្លូវជាតិលេខ៦, មហាវិថីឈ្នះឈ្នះ ក៏បាន​នឹង​កំពុងធ្វើការជួសជុលយ៉ាងសស្រាកសស្រាំ ដោយការចាក់កៅស៊ូថ្មី ដាក់ភ្លើងបំភ្លឺ ដាំដើមឈើ បង្កើន​គុណភាព​បៃតង និងការសាងសង់ផ្លូវថ្មីបន្ថែមមួយខ្សែទៀត ក៏កាន់តែជិតទៅសម្រេចបានជោគជ័យផងដែរ។ ការធ្វើ​ដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដែលជាទីតាំងប្រកួតកីឡាមួយចំនួននៅទៅនោះ ក៏កាន់​តែកាត់​បន្ថយការធ្វើដំណើររយៈពេលយូរពី ៤ទៅ៥ម៉ោង បន្ទាប់ពីលេចចេញនូវផ្លូវល្បឿនលឿន ដែល​ចំណាយ​ពេលត្រឹមតែ ២ម៉ោងពីរាជធានីភ្នំពេញ៕

ប្រភព៖ Cambodia 2023

Share.