ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីថ្ងៃទី៣ ខែមករា ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ រៀប​ចំ​ ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺនៅគ្រប់​បណ្តា​រាជធានី-ខេត្តទាំងអស់ នឹង​ត្រូវ​រៀបចំតុបតែងផ្សព្វផ្សាយ នៅតាមទីសាធារណៈនានា ចាប់​ពីពាក់​កណ្តាល​ខែមករា ឆ្នាំ​២០២៣ នេះ​តទៅ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែម ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជាបង្ហាញដល់បណ្តាប្រទេសនានា បានមើលឃើញពីការត្រៀមខ្លួនរបស់កម្ពុជា មុន​ពេល​ពិធី​រាប់ថយក្រោយ១០០ថ្ងៃចូលមកដល់»។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បាន​ផ្តល់​អនុ​សាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់ឱ្យខាងជំនាញគ្រប់ផ្នែកទាំងអស់ ត្រៀមខ្លួនឱ្យបានរួចរាល់ និង​ច្បាស់​លាស់ ដោយទទួលបានការគាំទ្រពីអាជ្ញាធររាជធានី-ខេត្តទាំងអស់ ក្នុងការរៀបចំតុបតែង ផ្សព្វ​ផ្សាយអំពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ សម្រាប់ការរៀបចំការតុបតែងនៅភ្នំពេញ នឹង​រៀបចំចាប់ផ្តើមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅតាមដងផ្លូវ ទីសាធារណៈផ្សេងៗ»។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ «ជារួម គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កំពុង​ត្រៀមរៀបចំរួចរាល់ហើយ ដែលយើងបានផ្តល់ជូនដល់ក្រុមហ៊ុន តាមរយៈការ​ផ្ទេរ​សិទ្ធិ​មុខងារ​មួយ​ចំនួន​ដល់ក្រុមហ៊ុនជាដៃគូ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ តែង​តែ​ផ្តល់​អនុសាសន៍​ឱ្យ​គណៈ​កម្មា​ធិការជាតិ CAMSOC ធ្វើកិច្ច​សន្យាឱ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុន ក្នុង​ការ​ផ្គត់ផ្គង់​សេវា​កម្ម​នានា។ កិច្ចការទាំងអស់នេះ យើងបានរៀបចំធ្វើយ៉ាងយកចិត្តទុកដាក់ខ្ពស់ ត្រៀម​រៀបចំ​តុបតែង​ផ្សព្វផ្សាយ​តាមទីតាំងគោលដៅនីមួយៗ»។

សម្រាប់កាលបរិច្ឆេទ យោងតាមការសម្រេចជាផ្លូវការកាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍ កីឡា ទាំង២នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺការប្រកួតស៊ីហ្គេម ចាប់​ផ្ដើមមុន រួច​ទើប​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ចាប់ផ្ដើមជាក្រោយ បានសេចក្ដីថា រំលង​ពី​គ្នារយៈពេល ១៧ថ្ងៃ។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.