ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ​គឺជា​ព្រឹត្តិ​ការណ៍នឹងបង្កឱកាសឱ្យកម្ពុជាពង្រឹង និង​ពង្រីក​សក្ដានុពល​ផ្នែក​កីឡា​របស់​ខ្លួន​ដែល​ក្នុង​នោះ​ក៏មាន​កីឡាករ កីឡាការិនីជម្រើសជាតិ​មួយចំនួន​មាន​សមាសភាព​ចេញ​ពីក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​នេះដែរ។

នេះ​ជាការ​លើកឡើងរបស់​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមប្រឹក្សាកីឡា​ក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡា​ការិនី នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ប្រារព្ធនៅសាលប្រជុំ នៃ​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាន​សន្យាថា​នឹងពិនិត្យ​លទ្ធភាព​ដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេស​ក្រប​ខណ្ឌន​គរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និង​កីឡាការិនីមានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។ សម្ដេចបានទទូចជាថ្មីទៀតឱ្យកីឡាករ កីឡាការនី បន្ត​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ទទួល​បានឱកាសអភិវឌ្ឍន៍ខ្លួន។

ក្នុង​ពិធី​សំណេះសំណាលនេះ ក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ក៏មានត្រៀមឈុតឆាកខ្លីៗ នៃកីឡាករ កីឡាការីនីទាំង០៨ប្រភេទផ្សេងគ្នា ដើម្បីសម្តែង និងបង្ហាញជូនថ្នាក់ដឹកនាំ អំពី​សក្កា​នុពល និងភាពរីកចម្រើន នៃវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤) កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣) និង​ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ទទួលបានមេដាយសរុប២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០) នាំឱ្យក្រសួងមហាផ្ទៃឈរនៅលំដាប់ទី១ទូទាំងប្រទេស។

ចំពោះព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានមេដាយសរុប ៣៥គ្រឿង (មាស០៧ ប្រាក់០៨ និងសំរឹទ្ធ២០) ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗនៅឆាកអន្តរជាតិវិញ អគ្គលេខាធិការដ្ឋាន បានបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតនៅប្រទេសមួយចំនួនដូចជា៖ ចិន, ហូឡង់ដ៍, កូរ៉េ, និងថៃជាដើម ដោយទទួលបានមេដាយសរុប ១៥៦គ្រឿង (មាស៤២ ប្រាក់៦៨ និងសំរឹទ្ធ៤៦)៕

Share.