ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី.ប្រេីអំពើហិង្សាលេីគ្រួសារ ។

លោកឧត្តមសេនីយទោយោធារូបនោះ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់បញ្ជូនមកដល់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករា រួចហើយ ចំណែកមន្រ្តីយោធាដែលពាក់ផ្កាយ២ នោះ និងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹក នេះ ។

តាមប្រភពព័ត៍មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងអំពើហឹង្សានោះ មានជនរងគ្រោះ៣ នាក់ ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រី ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកផ្ទះ ហើយក៏កើតមានទំនាស់ពាក្យសំដីជាមួយក្មួយ ស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហឹង្សាលើក្រុមគ្រួសារទៀតផង ។ យប់ថ្ងៃកើតហេតុជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ឲ្យទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំមានគ្រោះថ្នាក់ដល់ជីវិត ។ ពេលសមត្តកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ ។ លុះព្រឹកឡើងភ្ញាក់ពីដំណេក បុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសំដី និងប្រើអំពើហឹង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត នៅពេលសមត្តកិច្ចចុះ ទៅដល់ បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតអាវុធអាកា២ ដើម និងគ្រាប់មួយចំនួន ។

ជនរងគ្រោះឲ្យដឹងទៀតថា លោកផ្កាយ២យោធារូបនោះ មិនមែនទើបតែប្រើអំពើហឹង្សាលើក្រុមគ្រួសារម្តងនេះទេ គឺកើតឡើងជាញឹកញាប់អស់រយៈពេល ៧ទៅ៨ឆ្នាំមកហើយ ដែលក្រុមគ្រួសាររងទុក្ខលំបាក តែក៏មិន បានប្តឹងផ្តល់នោះដែរ ដើម្បីទុកកិត្តិយសឲ្យគាត់ ប៉ុន្តែអំពើហឹង្សាពេលនេះទ្រាំលែងបាន ទើបពួកគាត់សម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យអនុវត្តតាមច្បាប់ជាធរមាន ដូច្នោះសុំឲ្យតុលាការជួយផ្តល់ភាពយុត្តិធម៍ ដល់ពួកគាត់ជាជនរងគ្រោះផង ៕

អត្ថបទ៖ ចតុមុខ

Share.