បាត់ដំបង÷ បុរសម្នាក់​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីសុំអតីតប្រពន្ធត្រូវគ្នាវិញមិនបាន ខឹងកើតជាហិង្សា វាយទៅលើប្រពន្ធ ២ខ្នងពូថៅបណ្តាលឲ្យស្លា.ប់ កាលថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី ១២ ក្នុងភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នគរបាលស្នងការខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះខុន សុខណា ភេ ទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង បានមកស្នាក់នៅក្នុងមូលដ្ឋានស្រុកមោងឫស្សីបណ្តោះអាសន្ន។ ហើយនៅព្រលប់ថ្ងៃកើតហេតុ ដោយជនសង្ស័យបានសុំរស់នៅជាមួយប្រពន្ធដូចធម្មតាវិញ ប៉ុន្តែជនរងគ្រោះ ឈ្មោះហួម ទីម ភេទស្រី អាយុ ២៨ឆ្នាំ មិនព្រម ស្រាប់តែជនបង្កយកពូថៅវាយសំពងលើអតីតប្រពន្ធផ្ទួនៗចំនួន ២ខ្នងពូថៅ ចំត្រង់ក្បាល ចំហៀងខាងស្តាំ បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត រួចបានស្លាប់នៅរំលង អាធ្រាតថ្ងៃដដែល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការសាកសួរ នឹងកសាងសំណុំរឿងមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖ ដំបងក្រញូង

Share.