សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្កាល់ បានប្រកាសតែងតាំងលោក Roberto Martinez ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ដើម្បីជំនួសកៅអីលោក Fernando Santos ដែលបានចាកចេញ ក្រោយដឹកនាំព័រទុយហ្គាល់ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក ក្នុងលទ្ធផល ១-០ ព្រឹត្តិការណ៍ World Cup ២០២២ នៅកាតា។

លោក Roberto Martinez កើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៣ នៅទីក្រុង Balaguer ប្រទេសអេស្ប៉ាញ បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ។ ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅឆ្នាំ ២០០៧-០៩ ដឹកនាំក្រុម Swansea City មុនផ្លាស់ទៅដឹកនាំក្រុម Wigan Athletic នៅឆ្នាំ ២០០៩-១៣ ហើយក៏បន្តទៅដឹកនាំ Everton នៅឆ្នាំ ២០១៣-១៦ និងចុងក្រោយគឺក្រុមជម្រើសជាតិបែលហ្ស៊ិក នៅឆ្នាំ ២០១៦-២០២២។

ស្នាដៃរបស់លោក Roberto Martinez៖
-ជួយក្រុម Swansea City ឈ្នះពាន EFL League One នៅឆ្នាំ ២០០៧-០៨
-ជួយក្រុម Wigan Athletic ឈ្នះពាន FA Cup នៅឆ្នាំ ២០១២-១៣
-ជួយក្រុមជម្រើសជាតិហែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ៣ World Cup ឆ្នាំ ២០១៨។

ខណ:លោក Fernando Santos ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ដំបូងនៅឆ្នាំ២០១៤។ ស្នាដៃសំខាន់ៗរបស់លោកគឺជួយជាតិឈ្នះជើងឯក Euro ក្នុងឆ្នាំ ២០១៦ និង UEFA Nations League ឆ្នាំ ២០១៩ មុនចាកចេញពីចុងឆ្នាំ ២០២២។

គួរដឹងថាលោក Roberto Martinez បានចាកចេញពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយដឹកនាំក្រុមរហ័សនាមបិសាចក្រហម ធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល World Cup ជាលើកដំបូងក្នុងរយ:ពេល ១៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨។

បច្ចុប្បន្នក្រុមជម្រើសជាតិព័រទុយហ្គាល់ មានខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុម ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសរុប ១១៨គ្រាប់ និងជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទី ៥សម័យកាល World Cup ផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤ ២០១៨ និង ២០២២)៕

Share.