តារា​សម្ដែង​ Han Ye Seul កំពុង​រៀបចំ​បណ្ដឹង​ដើម្បី​ធ្វើ​ការ​ប្ដឹង​ផ្ដល់​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បង្កើត​ឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ ពាក់ព័ន្ធ​​នឹង​ជីវិត​ឯកជន​របស់​កញ្ញា​។​

សូម​ចុ​ចអាន​ តួឯក​ស្រី​រឿង​ «​កំណើត​ស្រី​ស្អាត» ​ ​ត្រូវ​​អ្នក​កាសែត​​ចោទ​​ថា​យក​ខ្លួន​ប្រាណ​​ប្ដូរ​ទីផ្សារ​!

ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ​ Han Ye Seul ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​រឿង​ជា​ពិសេស​ជីវិត​ឯកជន​របស់​កញ្ញា​។ ពាក្យ​ចចាមអារ៉ាម​ខ្លះ​និយាយ​ដល់​មិត្ត​ប្រុស​ថ្មី​របស់​កញ្ញា Ryu Sung Jae ​គឺ​ជា​​មាន​ពាក់ព័ន្ធ​នឹង​ឧស្សាហ៍កម្ម​សិល្បៈ​បែប​មនុស្ស​ពេញ​វ័យ​ (​រឿង​អាសអាភាស)​ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ចោទ​ប្រកាន់​កញ្ញា​ពាក់ព័ន្ធ​នឹង​ការ​យក​ខ្លួន​ប្រាណ​ប្ដូរ​ទី​ផ្សារ​ជា​ដើម​ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់នោះ​ ត្រូវ​បាន​កញ្ញា​បដិសេធ​។ ​ក្នុង​​ចំណោម​ដំណឹង​ចចាមអារ៉ាម​ទាំង​អស់​មាន​ដំណឹង​មួយ​កើត​ចេញ​ពី​ YouTuber ឈ្មោះ​ Kim Yong Ho (​​អតីតអ្នក​កាសែត​)​ ដែល​បាន​ចេញ​មក​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ Han Ye Seul និង​តារា​កូរ៉េ​ល្បី​ៗ​ជា​ច្រើន​ទៀត​នៅ​លើ​ Channel YouTube។

យ៉ាង​ណា​ម​ិញ​ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​នេះ​តារា​សម្ដែង​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​ «កំណើត​ស្រី​ស្អាត» ដែល​ធ្លាប់​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ហង្សមាស​របស់​កម្ពុជា​ កញ្ញា​ Han Ye Seul និង​ក្រុម​ការងារ​ផ្នែក​ច្បាប់​របស់​កញ្ញា​បាន​ចេញ​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

ការិយាល័យ​ច្បាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ កំពុង​រៀបចំ​ឯកសារ​ដើម្បី​ធ្វើ​ការ​នប្ដឹង​ចំពោះ​ YouTube Channel «Kim Yong Ho Entertainment Head» និង YouTube Channel ផ្សេង​ទៀត​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ព្រម​ជាមួយ​នោះ​ក៏​នឹង​ប្ដឹង​ចំពោះ​អ្នក​ដែល​ខមមិន​ដោយ​ពាក្យ​ពេចន៍​ ជេរប្រមាថ ​និង​មើល​ងាយ​ខ្លាំង​ៗ​ចំពោះ​ Han Ye Seul។

ខណៈ​សាមី​ខ្លួន​ Han Ye Seul ក៏​បាន​ចេញ​មក​ច្រាន​ចោល​គ្រប់​ពាក្យ​ចោទ​ប្រកាន់​ និង​ពាក្យ​ចចាមអារ៉ាម​ពាក់​ព័ន្ធ​នឹង​រូប​កញ្ញា​ ក៏​ដូច​ជា​មិត្ត​ប្រុស​ ដែល​ក្នុង​នោះ​កញ្ញា​បាន​លើក​ពី​ការ​ប្រើប្រាស់​ខ្លួន​ប្រាណ​ប្ដូរ​ទីផ្សារ​ ព្រម​ទាំង​​ការ​ចោទ​ប្រកាន់​ថា​កញ្ញា​គេច​​វេស​មិន​បង់​ពន្ធ​ជូន​រដ្ឋ​។

ចុង​ក្រោយ​ Han Ye Seul បាន​សំណូម​ពរ​ឱ្យ​​បណ្ដាញ​សារព័ត៌មាន​និង​អ្នក​តាម​ដាន​រឿង​នេះ​រង់​ចាំ​លទ្ធផល​ពី​តុលការ​ដែល​នឹង​ចេញ​មក​បញ្ជចាក់​ការ​ពិត​។ ក្នុង​នាម​កញ្ញា​ជា​ជន​រងគ្រោះ​ដែល​ឆ្លង​កាត់​រឿង​រ៉ាវ​ឈឺចាប់​និង​ជូរ​ចត់​ក្នុង​ជីវិត​ ហើយ​ត្រូវ​ការ​កម្លាំង​ចិត្ត​ដើម្បី​ប្រឆាំង​នឹង​រឿងរ៉ាវ​ដ៏​គ្រោតគ្រាត​​នេះ​។​ តារា​សម្ដែង​ពេញ​ដោយ​ទេព​កោសល្យ​ Han Ye Seul បាន​លើក​ឡើង​ដែរ​ថា​កញ្ញា​នឹង​ត្រលប់​វិញ​ក្នុង​នាម​ជា​តារា​សម្ដែង Han Ye Seul ដែល​​ពេញ​ដោយ​​ពន្លឺ​ចិញ្ចែងចិញ្ចាច​​ដើម្បី​តប​ស្នង​ចំពោះ​ការ​ជឿ​ទុក​ចិត្ត​និង​ការ​ស្រលាញ់​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​កញ្ញា​៕​

ប្រភព៖ Soompi

Telegram-Troryorng
Share.