ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយឈ្នះម៉ាឡេស៊ី ជើងទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ នារាត្រីថ្ងៃទី១០ ខែមករា ក្នុងកីឡដ្ឋាន Thammasat ប្រទេសថៃ។

៣គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិថៃ ស៊ុតបញ្ចូលទីដោយកីឡាករ Teerasil Dangda នៅនាទី១៩’, Bordin Phala នៅនាទី៥៥’ និង Adisak នៅនាទី៧១’។

ការប្រកួតជើងទី១ កន្លងទៅក្រុមជម្រើសជាតិម៉ាឡេស៊ី ​បានប្រកួតឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី ខណ:ជើងទី២ ក្រុមជម្រើសជាតិថៃ បានយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន  Thammasat ប្រទេសថៃ ដូច្នេះសរុបទាំងពីរជើង ថៃឈ្នះម៉ាឡេស៊ី ៣-១។

នេះជាការឡើងទៅវគ្គផ្តាច់ព្រ័ត្រលើកទី១០ របស់ក្រុមជម្រើសជាតិថៃ និងជាកំណត់ត្រាច្រើនជាងគេបំផុតបើប្រៀបទៅក្រុមដទៃទៀតក្នុងតំបន់អាស៊ាន។ ខណ:ការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងពីរជើងដោយជើងទីមួយនៅទឹកដីវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា និងជើងទីពីរនៅទឹកដីថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat។

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជាAFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់ក្រុមឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.