សិល្បៈជាតិ៖ នាពេលថ្មីៗនេះ តារាចម្រៀង នី រតនា ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលដំបូង បានលើកឡើងពីទំនាក់ទំនងស្និទស្នាលជាមួយ ម៉ៅ ហាជី ដែលជាមិត្តរួមជំនាន់នៅប្រឡងចម្រៀង។ អ្នកទាំងពីរបានលេចវត្តមានក្នុងកម្មវិធីជួបជុំមួយ និងបានអង្គុយតុរួមគ្នាទៀតផង។ លោក នី រតនា សារភាពថា កន្លងបាន ៨ ឆ្នាំមកនេះ លោក និងហាជី គឺស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនល្អ ព្រោះមានតែហ្វេនទេទើបយល់ច្បាស់។

នី រតនា បាននិយាយឡើងនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន​ឱ្យមហាជនយល់ថា កាលជំនាន់ឆ្នាំ ២០១៥ នៃការប្រឡង Cambodian Idol រដូវកាលទី១ សំឡេងហ៊ោកញ្ច្រៀវហៅឈ្មោះអាយដល ម៉ៅ ហាជី នី រតនា ៗៗ នាពេលប្រកាសពាននោះបានធ្វើឱ្យម្នាក់ៗបុកពោះខ្លាំង។ រយៈពេល៨ឆ្នាំកន្លងផុតទៅ គឺមានតែ Fan រតនា និង Fan ហាជី ទេទើបយល់អារម្មណ៍មួយនេះ។ រតនា បន្ថែមថា ៖ «យើងប្រកួតប្រជែងតែក្នុងកម្មវិធីប្រឡងតែប៉ុណ្ណោះ នៅខាងក្រៅយើងគឺជាបងប្អូនល្អ។ សូមអរគុណបងប្អូនទាំងអស់គ្នា ដែលតែងតែស្រលាញ់ចូលចិត្តនិងគាំទ្រយើងខ្ញុំទាំង ២ នាក់រហូតមក ! សូមជូនពរបងប្អូនទាំងអស់ ជួបតែសុខភាពល្អ សំណាងល្អរហូតទៅ »។

ជាមួយការលើកឡើងរបស់លោក នី រតនា ធ្វើឱ្យគេនឹកឃើញថា បេក្ខជនកំពូលចំនួន ៣ រូបដែលជា Top 3 នៅក្នុងនៅកម្មវិធី Cambodian Idol រដូវកាលដំបូង គឺមានលោក ម៉ៅ ហាជី លោក នី រតនា និងលោក សៅ ឧត្តម។ មហាជនគ្រប់គ្នានាពេលនោះ នៅមិនទាន់យល់ច្បាស់អំពីការចូលរួមបោះឆ្នោតរើសបេក្ខភាពអាយដលដែលគ្រប់គ្នាស្រឡាញ់ពេញចិត្តឱ្យជាប់ក្លាយជាម្ចាស់ពាននៅឡើយទេ។ ប៉ុន្តែម្នាក់ៗរំពឹងទុកក្នុងចិត្តថា ម៉ៅ ហាជី ដែលមានសំឡេងគាំទ្រច្រើនជាងគេរាល់សប្ដាហ៍ នឹងក្លាយជាម្ចាស់ពានពិតប្រាកដ។ បែរជាជាក់ស្ដែងនៅថ្ងៃផ្ដាច់ព្រ័ត្រ ពានរង្វាន់ Cambodian Idol រដូវកាលដំបូង បានធ្លាក់មកលើដៃរបស់ នី រតនា ទៅវិញ ព្រោះលោកមានសំឡេងបោះឆ្នោតច្រើនបំផុតពីមហាជន។

មួយវិញទៀត កន្លងមកនេះហ្វេនមួយចំនួនតែងយល់ខុសថា ក្រោយបញ្ចប់ការប្រឡង នី រតនា និង ម៉ៅ ហាជី គឺមានរឿងចម្រូងចម្រាស់គ្នា និងអន់ចិត្តគ្នារៀងៗខ្លួន។ កាលនោះគេសង្កេតឃើញដែរថា ពេលប្រឡងចប់ហើយភ្លាម ម៉ៅ ហាជី រត់ទៅទ្រនំរបស់ថោនទាំងកុងត្រាកម្មវិធីនៅជាប់នឹងខ្លួនមិនទាន់ដោះស្រាយឱ្យដាច់ស្រាច់។ រីឯ នី រតនា ក៏បានក្លាយជាតារាចម្រៀងលេចធ្លោមួយរំពេចនៅក្នុងផលិតកម្មរស្មីហង្សមាស។ ម្នាក់ៗនៅទ្រនំផ្សេងគ្នា មិនអើពើ និងគ្មានសកម្មស្និទស្នាលជាមួយគ្នាឱ្យមហាជនបានឃើញទេ ខណៈភាគច្រើន ម៉ៅ ហាជី ភាគច្រើនឧស្សាហ៍បង្ហោះតែភាពស្និទស្នាលតែជាមួយ សៅ ឧត្តម ទើបជាហេតុមានការគិតខុស។ នោះអាចមកពីរវល់ការងាររៀងខ្លួនក៏ថាបាន ព្រោះម្ចាស់ពានអាចនឹងមានការងាររវល់ច្រើនជាង។

ទាញអារម្មណ៍ទៅប្រយោគដែលលោក នី រតនា​ ទើបតែបង្ហោះខាងដើមនេះវិញ ទើបគេដឹងច្បាស់ថា ៨ ឆ្នាំដែលបានកន្លងផុតទៅនេះ លោកមានទំនាក់ទំនងល្អជាមួយ ម៉ៅ ហាជី ធម្មតាទេ ដោយអ្នកទាំងពីរមិនមានរឿងអ្វីអន់ចិត្តគ្នានោះទេ តែផ្ទុយទៅវិញ ពួកគេស្រឡាញ់រាប់អានគ្នាដូចបងប្អូនល្អ ដែលហ្វេនមិនធ្លាប់ដឹងទាល់តែសោះ៕

Share.