នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញសេចក្ដីប្រកាសស្ដីពីពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ ដែលមានសមាសភាពចំនួន ១៤ក្រុមចូលរួមប្រកួតនៅរដូវកាលនេះ។

សម្រាប់ទម្រង់ និងរបៀបនៃការប្រកួតប្រជែង ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងធ្វើបច្ចុប្បន្នភាពជូនបងប្អូនអ្នកគាំទ្រក្នុងពេលឆាប់ៗខាងមុខនេះ។

ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣ បង្កើតឡើងដើម្បីផ្តល់ឱកាសអោយកីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូចជាបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម។

តាម​ផែនការពានរង្វាន់ខេមបូឌាន លីគខាប់ ចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមុនព្រឹត្តិការណ៏កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games)។

ចំណែកឯពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់, ពានរង្វាន់ខេមបូឌានព្រីមៀរលីគ, និងខេមបូឌានលីគ២ នេះធ្វើឡើងក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ត្រូវបានបញ្ចប់ ពោលគឺនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.