សិល្បៈ​ជាតិ​៖ ម្ចាស់​បទ​ «នៅទីនេះ​មាន​មនុស្ស​ខូច​ចិត្ត​» អ្នក​នាង​ អេដា ទើប​តែ​សម្រាល​កូន​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​មករា​ ឆ្នាំ​២០២៣ ម្សិលមិញ​នេះ​ នា​មន្ទីរ​ពេទ្យ​ បាំរ៉ុង​រ៉ាត់ ​ប្រទេស​ថៃ​។ កូន​ង៉ែត​តូច​ដែល​ទើប​តែ​កើត​​នេះ​មាន​មុខ​មាត់​ស្អាត​ និង Cute គួរ​ឱ្យ​ខ្នាញ់​បំផុត​ ចំណែក​ឯ​ឈ្មោះ​វិញ​ក៏​ពីរោះ​និង​មាន​អត្ថន័យ​​ពិសេស​មិន​ធម្មតា​ដែរ។

May be an image of 1 person

ថ្វី​ត្បិតតែ​ម៉ាក់​ៗ​ថ្មោង​ថ្មី​រូប​នេះ​ មិន​បាន​បញ្ជាក់​ថា​កូន​របស់​ខ្លួន​ជា​ទារក​ឬ​ទារិកា ប៉ុន្តែ​មនុស្ស​ជា​ច្រើន​​យល់​ថា​កូន​ង៉ែត​ដែល​ទើប​នឹង​កើត​នេះ​គឺជា​ក្មេង​ប្រុស​ ដោយ​សារ​តែ​កន្លង​មក​អ្នក​នាង​ធ្លាប់​បាន​បង្ហោះ​រូបថត​ឈុត​​ទារក​តូចៗ​សម្រាប់​ត្រៀម​​ឱ្យ​កូន​ខ្លួន ហើយ​លើក​ឡើង​ទៀត​ថា​ «តើ​ចាំ​បាច់​ត្រូវ​ប្រកាស​ពី​ភេទ​របស់​កូន​ទៀត​ឬ?»។ ឈុត​ទារក​ដែល​អ្នក​នាង​លើក​បង្ហាញ​នោះ​មាន​រូប​ខ្លា​ឃ្មុំ​នៅពី​ខាង​មុខ​ ដោយ​ភាគ​ច្រើន​មាន​ពណ៌​ខៀវ (ពណ៌​ទឹក​សមុទ្រ) ធ្វើ​ឱ្យ​មតិ​ភាគ​ច្រើន​ទស្សន៍ទាយ​ថា​កូន​របស់​តារា​រូប​នេះ និង​ស្វាមី​គឺជា​​កូន​ប្រុស​ ព្រោះ​បើ​កូន​ស្រី​ភាគ​ច្រើន​ឪពុក​ម្ដាយ​នឹង​ប្រើ​​ពណ៌​ផ្កាឈូក​ជា​ចម្បង។​

កូន​តូច​ដែល​ទើប​នឹង​កើត​របស់​អ្នក​នាង​ អេដា​ មាន​ឈ្មោះ​ថា​ Atlas Netra Tan។ តាម​រយៈ​ការ​ស្រាវជ្រាវ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត atlas មាន​អត្ថន័យ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​។ Atlas អាច​បក​ប្រែ​បាន​ថា​ផែនទី​ ឬបណ្ដុំ​ផែន​ទី​ ខណៈ​​នៅ​ក្នុង​សម័យ​ក្រិច​បុរាណ​ Atlas គឺអាទិទេព​​ទ្រ​ពិភពលោក ឬ ​ទ្រស្ថានសួគ៌​​នៅ​លើ​ស្មា​។ ​ទេវកថា​ក្រិច​បាន​សរសេរ​​រៀបរាប់​​ទៀត​ថា​ អាទិទេព​ Atlas គឺជា​កូន​កាត់​​រវាង​អាទិទេព​ និង​ យក្ស​ក្នុង​ត្រកូល​ទីតាន់​។ ក្នុង​ន័យ​ផ្សេង​ទៀត​ Atlas ក៏​អាច​ជា​ព្រះ​ចន្ទ​ Titan ​ដំបូង​របស់​ភព​សៅរ៍​ ព្រះ​​ច័ន្ទធំជាងគេបង្អស់ ដែលត្រូវបានរកឃើញ ក្នុងចំណោមព្រះច័ន្ទទាំង ៦២ ដែលគោចរជុំវិញភពសៅរ៍នោះ។

តារា​ចម្រៀង​ដែល​ធ្លាប់​តែ​ច្រៀង​បទ​​ «ពីរនាក់​បាន​ហើយ​» ប៉ុន្តែ​ពេល​នេះ​មាន​គ្នា​ឡើង​ដល់​ទៅ ​៣​នាក់​រូបនេះ​កំពុង​តែ​ញញឹម​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​នឹង​អំណោ​យ​ដ៏​ពិសិដ្ឋគឺ​កូន​តូច​ដ៏​គួរ​ឱ្យ​ស្រលាញ់​ ​ដែល​​​​ខ្លួន​នឹង​ស្វាមី​​​ទទួល​​បាន​សម្រាប់​ដើមឆ្នាំ​២០២៣នេះ៕

ប្រភព៖ Addaangelmusic IG

Share.