ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន រកបានកៅអីឡើងទៅជុំបន្តបានមុនគេ ក្រោយបន្តជ័យជម្នះក្នុងពានរង្វាន់បាល់ទាត់ជើងឯកប្រចាំទ្វីបអាមេរិកខាងត្បូង 2021 Copa Américaបើទោះបីជាវគ្គប្រកួតជម្រុះតាមពូលនៅមិនទាន់បានបញ្ចប់ក៏ដោយ។
លទ្ធផលប្រកួតក្នុងពូល A នៅព្រឹកថ្ងៃអង្គារ នេះមាន៖
-អ៊ុយរុយហ្គាយ ១-១ ឈីលី
-អាហ្សង់ទីន ១-០ ប៉ារ៉ាហ្គាយ
សម្រាប់ប្រកួតបន្តក្នុងពូល B នឹងធ្វើឡើងនៅព្រឹកថ្ងៃពុធ នេះដោយ៖
-អេក្វាទ័រ Vs ប៉េរ៉ូ ម៉ោង៤ព្រឹក
-ប្រេស៊ីល Vs កូឡុំប៊ី ម៉ោង៧ព្រឹក
បើតាមការកំណត់របស់គណៈកម្មការប្រកួតក្រុមលេខ១ដល់លេខ៤តាមពូលនីមួយៗមានឈ្មោះឡើងទៅជុំបន្ត ខណៈបើធៀបនៅពូល A រវាងក្រុមបាតតារាងបូលីវី និងក្រុមកំពូលតារាងអាហ្សង់ទីន មានគម្លាតដល់ទី៧ពិន្ទុ ព្រោះការប្រកួតនៅសល់២ប្រកួតក្នុងដៃមុនបិទពូលក៏ដោយ។
ចំណែកអ្នកទាត់បាល់បញ្ជូលទីបានច្រើនជាងគេនៅឆ្នាំនេះ គឺរកបានម្នាក់២គ្រាប់មាន Neymar របស់ប្រេស៊ីល Eduardo Vargas របស់ឈីលី និង Ángel Romero របស់ប៉ារ៉ាហ្គាយ។
ព្រឹត្តិការណ៍នេះមានក្រុមចូលរួមចំនួន១០ក្រុម បែងចែកជា២ពូល នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ ពូល A អាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B កូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។
ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូលីវី ឈ្នះម្នាក់១លើក៕