សិល្បៈជាតិ៖ ថ្មីនេះ ផលិតកម្ម Galaxy Navatra (កាឡាក់ស៊ីណាវ៉ាត្រា) ត្រៀមនឹងរៀបចំកម្មវិធីស្វាគមន៍កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ចូលជាសមាជិកគ្រួសារថ្មី។ ដំណឹងដែលត្រយងទទួលបាននេះ បន្ទាប់ពីបានឃើញ Poster លិខិតអញ្ជើញរបស់ឧកញ៉ា ហេងឡុង និងលោកជំទាវ ចន ច័ន្ទលក្ខិណា។

តាំងពី​បញ្ចប់កុងត្រាជាមួយផលិតកម្មហង្សមាសរយៈពេល៥ឆ្នាំ ២០១៧-២០២២ មក ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានគេសង្ស័យថា នឹងរត់មកជ្រកជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែម្ដង ព្រោះដោយសង្កេតឃើញរឿងជំនួញដីធ្លីផង និងទំនាក់ទំនងជិតស្និទផង។ នេះក៏មិនខុសអីពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានដែរ។ ដំណើររបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ហក់ចូលទៅ Galaxy នឹងបង្ហាញមុខនាពេលឆាប់ៗនេះ ហាក់បីដូចជាបន្ថែមកំដៅ​​​នៃការប្រជែងទីផ្សារចម្រៀងរបស់លោកជាមួយរៀមច្បងដែលចេញពីហង្សមាសដូចគ្នា ឱ្យចាប់ផ្ដើមសារជាថ្មី​ម្ដង​ទៀតជាមិនខាន។

តាមការមើលឃើញរបស់ហ្វេនបានសន្និដ្ឋានថា តារាជួរមុខទាំងពីរដួងនេះធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញ​បំផុត​រយៈពេល​ជិត​១០ឆ្នាំកន្លងមក ទើបតែស្ងាត់ការយកឈ្នះចាញ់គ្នារយៈពេលជាង១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរទទួលបានគោរមងារជាឧកញ៉ាតំណាលៗគ្នា។ ប៉ុន្តែគេជឿថា ការចាកចេញពីទ្រនំខ្ពស់ មកជ្រកជាមួយរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ នៅកាឡាក់ស៊ីបែបនេះ នោះគឺមិនមែនផ្ដោតលើតែការប្រកួតប្រជែងទីផ្សារចម្រៀងជាសំខាន់នោះឡើយ ប៉ុន្តែអាចនឹងមានគោលដៅរឿងជំនួញភាគរយច្រើនជាង។

សូមជម្រាបថា ដំណើររបស់លោក ខេមរៈ សីរីមន្ត ចូលមកកាឡាក់ស៊ីគឺកំពុងតែធ្វើឱ្យផលិតកម្មកែប្រែមុខមាត់ ដែលមានអ្នកចម្រៀងសុទ្ធតែជាឧកញ៉ា រួមទាំងលោក ខេម ក៏មានដំណឹងមិនផ្លូវការមកថា មានឈ្មោះជាឧកញ៉ាស្ងប់ស្ងាត់។ បើទោះបីមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់ មហាជនអ្នកគាំទ្រទាំងអស់ចាំមើលថា តើការស្វាគមន៍ឧកញ៉ា ខេមរៈ សិរីមន្ត ចូលមកកាន់គ្រួសារកាឡាក់ស៊ីណាវ៉ាត្រា នឹងមានភាពអធឹកអធមដូចលោកឧកញ៉ា ព្រាប សុវត្ថិ ដែលឬយ៉ាងណា?

Share.