សិល្បៈជាតិ៖ តាមរយៈរូបភាពអង្គុយកាន់ឧបករណ៍ភ្លេងហ្គីតាញញឹមមករកកាមេរ៉ា ស្រាប់តែរាជិនីសំឡេងមាស ម៉េង កែវពេជ្ជតា ភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងវែងអន្លាយប្រកាសថា មានអ្នកប៉ុនប៉ងបង្អាក់ដំណើរ និងចង់បិទផ្លូវឱ្យបាត់មុខពីពិភពសិល្បៈ ក៏ដោយសារតែរឿងគុំគួន។

អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយរៀបរាប់នៅលើហ្វេសប៊ុកឱ្យមិនបង្ហាញឈ្មោះបុគ្គលចំៗនោះទេ តែសង្កត់ធ្ងន់ថា «គឺអ្នកបំពានខ្ញុំមុន​!!»។ តារាចម្រៀងស្រីចាស់វស្សារូបនេះបានបន្ថែមថា ការពិតអ្នកនាងបានដាក់វាចុះតាំងពីយូរហេីយ​ ព្រោះស្តាប់ចាស់ទុំ​ ទេីបអ្នកនាងអហោសិកម្ម​ឱ្យ និងខិតខំបង្កេីតតែស្នាដៃសិល្បៈជាមួយបងប្អូនកូនចៅគ្រួសារ​ដេីម្បីសង្គម ។

អ្នកនាងបន្តថា «ខ្ញុំឃេីញអ្នកស្ងាត់ក៏គិតថាអ្នកដូចខ្ញុំ​ដែរ​ ប៉ុន្តែមិនអីចឹងទេ​ គឺអ្នកសំងំរកវិធីកំចាត់ខ្ញុំទៅវិញ​ ជាក់​ស្តែងថ្ងៃនេះ​បានបង្ហាញ​ ។ ទង្វេីអ្នក​ គឺអ្នកមិនចង់ឱ្យខ្ញុំបន្តដំណេីរលេីវិស័យសិល្បៈដោយសម្រួល​ទេ ។ គំនិតអាក្រក់របស់អ្នក​ គឺចង់បំបាត់ខ្ញុំឱ្យបាត់មុខ​ពីសិល្បៈ​ បន្តិចម្តងៗ​ ។ ខ្ញុំមិនមែនចោទ​ តែគឺអ្នកខ្លួនឯងតែម្តងដែល​បង្ហាញឱ្យពិភពលោកបានឃេីញ​យ៉ាងច្បាស់ក្រឡែត​ថាអ្នកគឺអញ្ចឹងមែន​ ។ អ្នកមិនបានធ្វេីឱ្យវិស័យសិល្បៈខ្មែររីកលូត​លាស់ទេ​ព្រោះអ្នកបានបដិសេធអ្នកមានធនធានសិល្បៈចាស់ឬថ្មីក៏ដោយឱ្យតែមិនស្របនឹងអ្នក​ ។ ​អ្នក​ល្មោភមុខ​មាត់​ គ្រវាត់អ្នកចេះដឹងចោលកៀនជញ្ជាំង​ រារាំងបិទខ្ទប់គុណសម្បត្តិគេ​ បង្ហាញបង្អួតតែខ្លួនឯង​ ។ អ្នកចូលចិត្តសង្គ្រាម​ និងមិនចង់បានសន្តិភាព​ឡេីយ ។ ក្នុងទ្រូងអ្នកពេញដោយភ្លេីងគំនុំ​ ការ​សងសឹក​ និងភ្លេីងព្យាបាទគ្មានទីបញ្ចប់​ ។ ដូច្នេះបេីមានការរេីបំរាស់​ណាមួយកេីតឡេីងនោះ​ សូមអ្នកកុំរំអួយធ្វេីជាតួកំសត់ឱ្យសោះ និងសូមកុំប្រេីទឹកភ្នែកបោកប្រាស់ដេីម្បីឱ្យគេមេីលឃេីញថាអ្នកជនរងគ្រោះទៀត​ ព្រោះអ្នកទេដែលជាអ្នក​ចាប់ផ្តេីមវ៉ៃគេមុន​រាល់លេីក »។

សំណេរដ៏វែងអន្លាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រនិងមជ្ឍដ្ឋានមហាជន ងឿងឆ្ងល់គ្រប់គ្នា និងចង់ដឹងច្បាស់ថា តើអ្នកនាងបានសំដៅទៅលើអ្នកដឹកនាំក្នុងពិភពសិល្បៈគឺបុគ្គលណាឱ្យពិតប្រាកដ។ រហូតដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារមួយទៀតថា ៖ « ចិត្តចង្អៀតចង្អល់​ គំនុំ និន្ទា​​ឈ្នានិស​ ​ព្យាបាទ​ បំបិទ​ឱកាស​អ្នកមានជំនាញចំណេះដឹងសិល្បៈពិតប្រាកដ បក្សពួក​និយម​ រើសអើង​..​ ទាំងអស់នេះ មិនគួរមានក្នុងខួរក្បាល​ និងបេះដូងរបស់អ្នកដឹកនាំសិល្បៈទេ​ ! »។

តែដោយឡែក តាមការសង្កេតគេបានមើលឃើញការបង្ហោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា ចេញមកទម្លាយរឿងត្រូវគេបិទផ្លូវក្នុងពិភពសិល្បៈបែបនេះ បន្ទាប់ពីអ្នកនាងមានរឿងអន់ចិត្តចំពោះបទចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ដែលវណ្ណកម្មថ្មីទើបតែប្រកាសសម្ពោធជាផ្លូវការមិនគឺមិនមានវត្តមានអ្នកនាងចូលរួម និងផ្ដល់តម្លៃឱ្យក្នុងនាមជាម្ចាស់សំនៀងដើមកាលពី៣០ឆ្នាំមុន។

ពាក់ព័ន្ធជាមួយការករណីរសើបខាងនេះដែរ ត្រយងកំពុងព្យាយាមសុំសម្ភាសន៍កំពូលតារាចម្រៀងស្រី ម៉េង កែវពេជ្ជតា ដើម្បីមកផ្សាយជូនអ្នកគាំទ្របានដឹងបន្ថែមទៀតនាពេលក្រោយ៕

Share.