សិល្បៈជាតិ៖ នៅក្នុងការប្រកួតបឋម និង វគ្គបង្ហាញឈុតតំណាងជាតិនៃកម្មវិធី Miss Universe 2023 នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ គេមើលឃើញថា កញ្ញា ហង្ស ម៉ានីតា បានដើរបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅវេទិកាប្រកបដោយភាពជឿជាក់ ស្វាហាប់ និងមិនភ័យខ្លាច។ វគ្គប្រកួតបឋមនេះ ម៉ានីតា បានបង្អួតសម្រស់ ៣ឈុតឱ្យមហាជន និងគណៈកម្មការផ្ទុះការចាប់អារម្មណ៍ខ្លាំង។

ដំបូងឡើយ កញ្ញា ហង្ស ម៉ានីតា  ដើរបង្ហាញឈុតឈុតប៊ីគីនីហែលទឹក រំលេចស្បៃរំដួល និងស្នាមបាតដៃ ដែលបង្កប់អត្ថន័យយ៉ាងស៊ីជម្រៅ។ ផ្ការំដួលជាប្រភេទផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ត្រូវបានជ្រើសរើសជាផ្កាជាតិនៃប្រទេសកម្ពុជា។ ផ្កាពណ៌លឿងនេះផ្តល់ក្លិនដ៏មានតម្លៃនៅពេលល្ងាច។ រំដួលតែងតែត្រូវបានគេប្រើដើម្បីពណ៌នាអំពីនារីខ្មែរដ៏ស្រស់ស្អាត។ ផ្ការំដួលទាំងប្រាំផ្កាតំណាងឱ្យបវរកញ្ញាកម្ពុជាយើងទាំងប្រាំជំនាន់ ដែលជាតំណាងជាតិរបស់នារីកម្ពុជា។  ស្នាមបាតដៃត្រូវបានសម្គាល់ដោយ កុមារកម្ពុជាចំនួន ៨៤ នាក់នៅក្នុងមណ្ឌលកុមារកំព្រា «សមាគមកុមារនៃក្តីសង្ឃឹមថ្មី»។ ស្នាមបាតដៃចម្រុះពណ៌ទាំងនេះ គឺតំណាងឱ្យពណ៌ឥន្ធនូនៃទង់ LGBT ជាសារមួយដើម្បីបញ្ជាក់ពីសមភាពសង្គម ការទទួលយក និងភាពចម្រុះ នៃអ្នកស្រឡាញ់ភេទដូចគ្នា។ ការបង្ហាញខ្លួនរបស់ ហង្ស ម៉ានីតា មិនមែនត្រឹមជាឈុតហែលទឹកនេះឡើយ តែកម្ពុជាបញ្ជូននាងទៅកាន់ឆាកនៃសកលលោក គឺដោយក្តីស្រឡាញ់ ដោយស្នាមញញឹមដ៏បរិសុទ្ធ។

បន្ទាប់មកកញ្ញា ហង្ស ម៉ានីតា ដើរបង្ហាញឈុតប្រកួតបឋមដែលឈុតនេះត្រូវបានច្នៃឡើង ដោយប្រៀបប្រដូចទៅនឹងបេះដូងនៃប្រជាជនកម្ពុជា។ ឈុតនេះជាការផ្គុំឈុតអាវធំ ជាមួយនិងលំហូរនៃត្បូងអង្កាំដាំលើស្បៃដ៏ទន់ស្រាលនៃជាយរ៉ូប។ ពណ៌ស្វាយ និងពណ៌ខៀវតំណាងឱ្យភាពខ្ពង់ខ្ពស់ថ្កើងថ្កាន និងភាពរឹងប៉ឹងនឹងនរ។ ត្បូងអង្កាំចម្រុះពណ៌ត្រូវបានតម្រៀបជាទម្រង់ដើមជ្រៃបុរាណដែលបែកមែកសាខាត្រៀមនឹងឈោងចាប់មកុដក្នុងក្តីស្រមៃ។

រីឯឈុតចុងក្រោយនៃថ្ងៃប្រកួតបឋម ម៉ានីតា បានសម្ញែងឈុត «រុក្ខទេពធីតា» ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ  បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ ឈុតតំណាងជាតិរបស់កម្ពុជាមួយនេះ ក៏បានបង្ហាញពីតស៊ូមតិក្រោមពាក្យស្លោកថា «រុក្ខជាតិ និងដើមឈើជាចំណែកមួយនៃជីវិតលើផែនដី សូមជួយថែរក្សា»។

អ្នកគាំទ្របានផ្ញើក្ដីរំពឹងខ្ពស់ទៅលើកញ្ញា ហង្ស ម៉ានីតា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តឡើងនៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ពេលវេលានៅសហរដ្ឋអាមេរិក និងត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ពេលវេលានៅកម្ពុជា ព្រោះចង់ឃើញកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំនេះបានឈានជើងចូលទៅក្នុងវគ្គកំពូលណាមួយនៃកម្មវិធី។ បើសិនជា ម៉ានីតា អាចសម្រេចបានភាពជោគជ័យនេះមែន នោះបានន័យថា បវរកញ្ញាកម្ពុជាបានបំបែកប្រវត្តិសាស្ត្រថ្មីជាស្ថាបពរ។ ក៏ប៉ុន្តែបើទោះជាមិនបានក្នុង Top ក៏ហ្វេនអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តចំពោះ ម៉ានីតា ដដែល។ ដំណឹងចុងក្រោយនេះ លោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិ CIM ក៏បានប្រកាសថា នឹងរៀបចំកន្លែងទស្សនា ២ កន្លែង នៅរាជធានីភ្នំពេញឱ្យអ្នកគាំទ្រអាចចូលរួមដោយសេរីដើម្បីទស្សនាការផ្សាយបន្តផ្ទាល់ជាគាំទ្រដល់កញ្ញា ហង្ស ម៉ានីតា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបថា ក្ដីរំពឹងគឺយើងមានហើយ សមត្ថភាពរបស់បវរកញ្ញាក៏មានដែរ នៅឡើយតែក្ដីសង្ឃឹមចុងក្រោយ នោះគឺការបោះឆ្នោតនៅលើគេហទំព័រ ឬ App របស់ Miss Universe។ ដើម្បីគាំទ្រកញ្ញា ហង្ស ម៉ានីតា ឱ្យក្លាយជាបវរកញ្ញាលេចធ្លោរមានសំឡេងគាំទ្រខ្លាំងជាងគេនៅក្នុងឆ្នាំ ២០២៣នេះ សូមចូលរួមបោះឆ្នោតគាំទ្រទាំងអស់គ្នា៖ https://missuniverse.choicely.com/?choicely=Q7dAJDA៕

Share.