សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​តារា​កំប្លែង​វ័យ​ក្មេង​ដែល​បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ នាយ​ចឺម​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស​មួយ​គ្រឿង​ឱ្យ​ដល់​តារា​រូប​នេះ​ ដែល​ដំណឹង​នេះ​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ជីវិត​តារា​រូប​នេះ​កាន់​តែ​មាន​ជំនឿ​ថា​បំណង​ប្រាថ្នា​មាន​ងារ​ជា​ឧកញ៉ារបស់​គេ​ច្បាស់​ជា​ខិត​ជិត​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

យោ​ង​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា​ឆ្នាំ​២០២៣​ មាន​គឡាយ​ព្រះហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ សន្លឹក​ទីពីរ​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា​ឈ្មោះ​ សុខ​ មេសា ទទួល​បាន​គ្រឿង​ឥស្សរិយយសថ្នាក់​ធិបឌិន្ទមួយ​គ្រឿង​។ បើ​ត្រឹម​តែ​ឈ្មោះ​នោះ​សាធារណជន​នោះ​មិន​អាច​សន្និដ្ឋាន​ថា​ឈ្មោះ​ សុខ មេសា នេះ​គឺជា​តារា​ចម្រៀង​នាយ​ចឺម​នោះ​ឡើយ​ ព្រោះ​អ្នក​ដែល​មាន​ឈ្មោះ​និង​នាម​ត្រកូល​ដូច​គ្នា​ក៏​មាន​ច្រើន​ដែរ​។ ប៉ុន្តែ​គេ​អាច​ប្រាកដ​ចិត្ត​ថា​ឈ្មោះ​ សុខ​ មេសា ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយសគឺនាយ​ចឺម ព្រោះ​ឧកញ៉ា «លី សាមឺឌី» បាន​បង្ហោះ​រូប​ភាព​ខ្លួន​និង​នាយ​ចឺម​ដោយ​ភ្ជាប់ជាមួយ​នឹង​សារថា​៖ «អបអរសាទរប្អូន ចឺម ដែលត្រូវបានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ»។

ក្រៅ​ពី​ពាក្យ​ជូន​ពរ​និង​អបអរសាទរ​របស់​ឧកញ៉ា​ខាង​លើ​ គណនី​ឈ្មោះ​ក្រុម​តន្ត្រី​នាយចឺម​ ក៏​បាន​ចេញ​មក​ស៊ែរ​បន្ត​ផុស​របស់​ឧកញ៉ា លី សាមឺឌឺ​ ដោយ​ភ្ជាប់​ឃ្លា​អបអរសាទរ​ចំពោះ​អ្វី​ដែល​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​សម្រេច​បាន​​នៅ​ដើម​ ឆ្នាំ​២០២៣​នេះ​។

កន្លង​មក​ឧកញ៉ា​ សុខ មេសា ហៅនាយ​ចឺម ធ្លាប់​ចេញ​មកនិយាយ​បែបលេង​បន្លំ​មែន​ថា​ លោកកំពុង​តែ​សន្សំ​លុយ​ដើម្បី​ត្រៀម​ខ្លួន​​ឡើង​ជា​ឧកញ៉ា​ ហើយ​បើ​ពិត​ជា​ដូចអ្វី​ដែល​នាយ​ចឺម​ធ្លាប់​បាន​លើក​ឡើង​មែន​ ប្រហែល​ជា​មិន​យូរ​មិន​ឆាប់​ទៀត​នោះ​ទេ​ តារា​ចម្រៀង​រូប​នេះ​អាច​នឹង​ដើរ​តាម​ដាន​ជើង​រៀម​ច្បង​ ព្រាប​ សុវត្ថិ​ និង​ខេមរៈ​ សីរីមន្ត​ ស្ថិត​ក្នុង​ចំណោម​សិល្បករ​ចម្រៀង​​ល្បី​ឈ្មោះ​មាន​ងារ​ជា​ឧកញ៉ា៕

Share.