សិល្បៈអន្តរជាតិ៖ គិតមកទល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ នេះគឺជាជំនាន់ទី ៩ហើយ ដែលបវរកញ្ញាចក្រវាលអាមេរិកអាចដណ្ដើមមកុដពីចក្រវាលស្រីស្អាត Miss Universe មកគ្រង ដោយម្ចាស់មកុដជំនាន់ចុងក្រោយបង្អស់នេះគឺបានទៅលើ កញ្ញា R’Bonney Nola Gabriel មានវ័យ ២៨ ឆ្នាំ និងមានកំពស់ ១៧០ សង់ទីម៉ែត្រ​។ ​

ថ្ងៃនេះសារព័ត៌មានត្រយងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកដឹងរឿងរ៉ាវខ្លះៗរបស់ រាជិនីកំពូលសម្រស់របស់អាមេរិកទាំង ៩ ជំនាន់ដែលបានទម្លុះចក្រវាលស្អាត Miss Universe ដណ្ដើមយកមកុដមកគ្រងបានច្រើនជាងគេបំផុតនៅលើពិភពលោក។

1-រាជិនីកំពូលសម្រស់ Miriam Stevenson

លោកស្រី Miriam Jacqueline Stevenson ជាជនជាតិអាមេរិក កើតថ្ងៃទី 4 ខែកក្កដា ឆ្នាំ 1933 មានអាជីពជាពិធីការិនីទូរទស្សន៍ តារាសម្តែង អតីតតារាបង្ហាញម៉ូត ដែលបានគ្រងមកុដបវរកញ្ញាចក្រវាលនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ 1954 ។ លោកស្រីគឺជាស្ត្រីអាមេរិកដំបូងគេបង្អស់ដែលបានគ្រងមកុដបវរកញ្ញាចក្រវាលអាមេរិក ប៉ុន្តែមុនចូលក្លាយជាម្ចាស់បវរកញ្ញាច្រវាលអាមេរិក លោកស្រីធ្លាប់ចូលរួមប្រកួតបវរកញ្ញារដ្ឋ South Carolina នៅឆ្នាំ 1953 និងជាបេក្ខភាពស្ថិតក្នុងចំណោមកំពូល Top 10។ នេះមិនមែនជារឿងចៃដន្យនេះទេ ដែលបវរកញ្ញាអាមេរិកដំបូងគេនេះអាចបំបែកប្រវត្តិសាស្ត្រថ្មីក្នុងបានច្រវាលស្រីស្អាត នោះក៏ដោយសារតែ លោកស្រី Stevenson ឈ្នះពិន្ទុរបានច្រើនជាគេចំពោះវិញ្ញាសារដើរបង្ហាញឈុតប៊ីគីនីហែលទឹក ដែលមានក្រុមហ៊ុន Catalina Swimwear ជាអ្នកគាំទ្រកម្មវិធីទាំងមូលនាពេលនោះ។

2-រាជិនីកំពូលសម្រស់ Carol Morris

រំលងបានមួយឆ្នាំ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ1956 មកុដរបស់បវរកញ្ញាចក្រវាលពិភពលោកគឺបានទៅលើដៃរបស់បវរកញ្ញាអាមេរិកទៀត នោះគឺលោកស្រី Carol Morris ដែលជាកូនស្រីតែមួយគត់របស់រដ្ឋមន្ត្រីនៅរដ្ឋ Nebrask លោកស្រីមានថ្ងៃកំណើតថ្ងៃទី 8 ខែមេសា ឆ្នាំ 1936។ មុនចូលមកប្រកួតដណ្ដើមមកុដ Miss Universe លោកស្រីគឺជាអតីតតារាសម្ដែង និងបង្ហាញម៉ូដ ដែលមានបទពិសោធន៍យ៉ាងជោគជាំនៅក្នុងវិស័យហ្វេសសិន និងដើរម៉ូត។ ក្រៅពីអាជីពនៅក្នុងពិភពសិល្បៈហើយនោះ លោកស្រីក៏ជាជើងឯកហែលទឹកប្រចាំតំបន់ដែលមានឈ្មោះលេចធ្លោរទៀតផង។ រាជិនីកំពូលសម្រស់រូបនេះគឺជាជនជាតិអាមេរិកដែលមានសម្បុរស្បែកស ភ្នែកពណ៌ខៀវលាយត្នោតខ្មៅ សក់ខ្មៅ មានរាងតូចច្រលឹង និងពូកែញញឹមស្រស់។ ក្រោយឈ្នះបានមកុដ Miss Universe ជំនាន់ទី ២ នៃស្ត្រីអាមេរិក លោកស្រីត្រូវបានផ្ដល់កិត្តិយសដោយអភិបាលរដ្ឋរៀបចំក្បួនដង្ហែរដើម្បីអបអរចំពោះភាពជោគជ័យរបស់លោកស្រី។

3-រាជិនីកំពូលសម្រស់ Linda Bement

សម្រាប់លោកស្រី Linda Jeanne Bement គឺជាម្ចាស់មកុដបវរកញ្ញាចក្រវាលអាមេរិកជំនាន់ទី ៣ ដែលបានគ្រងនៅថ្ងៃទី៩ ខែកក្ដដា ឆ្នាំ 1960។ លោកស្រីគឺជាស្ត្រីជនជាតិអាមេរិក កើតនៅថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ 1941និងមរណភាពថ្ងៃទី 19 ខែមីនា ឆ្នាំ 2018។ នៅក្នុងពិភពសិល្បៈ លោកស្រីមានអាជីពតែជាតារាបង្ហាញម៉ូដ និងបានរៀបការជាមួយស្វាមីដែលជនជាតិប៉ាណាម៉ា ២ឆ្នាំក្រោយបានគ្រងមកុដ។ ក្រោយមកលោកស្រីក៏លែងមានមុខនៅក្នុងពិភពសិល្បៈបន្តទៀត ព្រោះដើម្បីចំណាយពេលមើលថែទាំក្រុមគ្រួសារ។

4-រាជិនីកំពូលសម្រស់ Sylvia Hitchcock

សម្រាប់លោក Sylvia Hitchcock គឺជាបេក្ខភាពបវរកញ្ញាច្រកវាលអាមេរិកដែលមកពីអាឡាបាម៉ា លោកស្រីបានគ្រងមកុដ Miss Universe នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ 1967។ លោកស្រីគឺជាតារាបង្ហាញម៉ូដដ៏ស្រស់ស្អាតម្នាក់ ដែលកើតថ្ងៃទី 31 ខែមករា ឆ្នាំ 1946 និងមរណភាពថ្ងៃទី 16 ខែសីហា ឆ្នាំ 2015។ លោកស្រីHitchcock បានចម្រើនវ័យធំធាត់នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់នៅ Miami រដ្ឋ Florida និងបានបញ្ចប់ការសិក្សាផ្នែកសិល្បៈនៅមហាវិទ្យាល័យ Miami -Dade Junior College។ លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ William Carson ដែលជាអ្នកបង្កើតម៉ាស៊ីនច្រូតផ្លែឈើមុនគេនៅក្នុងឆ្នាំ 1970 ពួកគេមានកូនបីនាក់គឺ Jonathan, Christianne និង Will ហើយមានចៅប្រុសស្រីចំនួន ៧នាក់។

5-រាជិនីកំពូលសម្រស់ Shawn Weatherly

ម្ចាស់មកុដបវរកញ្ញាចក្រវាលជនជាតិអាមេរិកជំនាន់ទី ៥ នេះ គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពបំផុត ដែលបានគ្រងមកុដនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ 1980។ លោកស្រី ​Shawn Weatherly គឺជាស្ត្រីអាមេរិកតែ​ម្នាក់​គត់​ដែល​បាន​ពិន្ទុ​លើស 9.0 ក្នុង​ការ​ប្រកួត​ជុំ​បឋម និង​ក្នុង​ការ​ប្រកួត​ឈុត​ហែល​ទឹក និង​ឈុត​រាត្រីសមោសរ។ លោកស្រីបានចូលរួមសម្ដែងភាពយន្តល្បីដល់ទៅ ១៤ ភាពយន្ត តាំងពីឆ្នាំ ១៩៨៣ រហូតដល់ឆ្នាំ ១៩៩៩។

6-រាជិនីកំពូលសម្រស់ Chelsi Smith

រំលងបាន ១៤ឆ្នាំបន្ទាប់ លោកស្រី Chelsi Smith បានក្លាយជាបវរកញ្ញាចក្រវាលអាមេរិកជំនានទី ៦ ដែលមានគ្រងមកុដ Miss Universe នៅថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 1995។ លោកស្រី Smith កើតនៅថ្ងៃទី 23 ខែសីហា ឆ្នាំ 1973 និងមរណភាពថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2018។ លោកស្រីគឺជាបវរកញ្ញាទី៣របស់សហរដ្ឋអាមេរិក ដែលមានដើមកំណើតអាហ្រ្វិក-អាមេរិក បន្ទាប់ពីលោកស្រី Carole Gist ( 1990 ) និងលោកស្រី Kenya Moore ( 1993 ) ។ លោកស្រីមានអាជីពជាតារាសម្តែង តារាចម្រៀង និងពិធីការិនីទូរទស្សន៍។ ក្រោយបញ្ចប់ការប្រកួត Miss លោកស្រីបានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម Music World Entertainment ដែលមានបទចងចាំរបស់លោកស្រីមានចំណងជើងថា “Dom Da Da” ។ មរណភាពរបស់លោកស្រីត្រូវបានវិនិច្ឆ័យថា មានជំងឺមហារីកថ្លើម។

7-រាជិនីកំពូលសម្រស់ Brook Lee

សម្រាប់ជំនានទី ៧នេះ គឺលោកស្រី Brook Lee កើតថ្ងៃទី 8 ខែមករា ឆ្នាំ 1971 គឺជាអតីតរាជនីសម្រស់ជនជាតិអាមេរិកដែលធ្លាប់ឈ្នះការប្រកួតនិងគ្រងមកុដ បវរកញ្ញា Hawaii USA ឆ្នាំ 1997, Miss USA 1997 និង Miss Universe 1997 ។ លោកស្រី Lee គឺជាជនជាតិហាវ៉ៃដំបូងគេដែលឈ្នះតំណែងបវរកញ្ញាចក្រវាលនៅថ្ងៃទី6 ខែឧសភា ឆ្នាំ1997។ លោកស្រីមានឈាមជ័រជា ចិន កូរ៉េ ហាវ៉ៃ ព័រទុយហ្គាល់ បារាំង ហូឡង់ និងអង់គ្លេស។ លោកស្រី Lee មានកំពស់ ១៧០ សង់ទីម៉ែត្រ មានសក់ពណ៌ត្នោត និងភ្នែកពណ៌ត្នោត។

8-រាជិនីកំពូលសម្រស់ Olivia Culpo

សម្រាប់បវរកញ្ញាចក្រវាលអាមេរិកដែលបានឈ្នះមកុដទី ៨ នេះ គឺអ្នកនាង Olivia Culpo កើតថ្ងៃទី 8 ខែឧសភា ឆ្នាំ 1992 និងបានគ្រងមកុដ Miss Universe នៅថ្ងៃទី19 ខែធ្នូ 2012។ បវរកញ្ញារូបនេះធ្លាប់ឈ្នះការប្រកួត បវរកញ្ញា Rhode Island USA 2012 និងបោះជំហ៊ានបន្តចូលមកដណ្ដើមមកុដបវរកញ្ញាចក្រវាលលើកទី 61។ ក្រោយបញ្ចប់ការប្រកួត Olivia Culpo បានក្លាយជាបុគ្គលដ៏មានឥទ្ធិពលខ្លាំងនៅលើបណ្ដាញសង្គមដូចជា Twitter , Instagram និង YouTube។ ឆ្នាំ ២០២០ អ្នកនាងក៏បានចូលរួមសម្ដែងភាពរឿង Venus as a Boy ដែលមានតំណែងជាតួឯកស្រីតែម្ដង។ ជីវិតឯកជន Olivia Culpo ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់ Danny Amendola កាលពីឆ្នាំ 2016 បាន៣ឆ្នាំក៏ចែកផ្លូវគ្នាវិញ ហើយមកបន្តបង្កាត់ភ្លើងស្នេហ៍ជាមួយកីឡាករបាល់ទាត់ Christian McCaffrey នៅឆ្នាំ ២០១៩ដល់សព្វថ្ងៃនេះ។

9-រាជិនីកំពូលសម្រស់ R’Bonney Gabriel

បវរកញ្ញាជំនាន់ទី ៩នេះ មានឈ្មោះ R’Bonney Gabriel ថ្ងៃទី 20 ខែមីនា ឆ្នាំ 1994 មានវ័យ 28 ឆ្នាំ និងបានគ្រងមកុដ Miss Universe យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ពេលវេលានៅអាមេរិកដែលត្រូវថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ពេលវេលានៅកម្ពុជា។ កញ្ញាមានឈាមជ័រ ហ្វីលីពីន-អាមេរិក មានឪពុកជាជនជាតិហ្វីលីពីន និងម្ដាយជាជនជាតិអាមេរិក។ មុនចូលមកដណ្ដើមមកុដ Miss Universe កញ្ញាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Kemah USA 2020 បានឡើងដល់ 5 នាក់ចុងក្រោយ Top 5។ កញ្ញាមានអាជីពជាអ្នករចនាម៉ូដសម្លៀកបំពាក់ដែលផ្ដោតគោលគំនិតសំខាន់ក្នុងច្នៃប្រដិត្ឋសម្លៀកបំពាក់មិនប៉ះពាល់បរិស្ថាន។

ដោយឡែក ដូចដែលត្រយងបានប្រមូលផ្ដុំម្ចាស់មកុដ Miss Universe ទាំង ៩ ជំនាន់ដែលសុទ្ធតែបវរកញ្ញាចក្រវាលអាមេរិក មកជម្រាបជូនប្រិយមិត្ត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះរាជិនីកំពូលសម្រាប់ទាំង៩នេះ? កុំភ្លេច Comment ប្រាប់ផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

Share.