សិល្បៈអន្តរជាតិ៖ កញ្ញា R’Bonney Gabriel គឺជាអ្នករចនាម៉ូដហ្វេសសិនសម្លៀកបំពាក់ និងជាតារាម៉ូដែលបានដណ្ដើមមកុដបវរកញ្ញា​ចក្រវាល ឆ្នាំ២០២២ មកគ្រង។ កញ្ញាគឺជាស្ត្រីទី៣តំណាងឱ្យក្រុងហូស្តុន រដ្ឋតិចសាស់សហរដ្ឋអាមេរិក​ ដំបូងគេបង្អស់ដែលមានឈាមជ័រ ហ្វីលីពីន-អាមេរិកដែលទទួលបានជ័យលាភី។

សាវតាររបស់ម្ចាស់មកុដ MU ជំនាន់ថ្មី ត្រូវបានបញ្ជាក់ជាផ្លូវការនៅលើគេហទំព័រ Miss Universe ថា កញ្ញាគឺនាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់មួយកន្លែង។ កញ្ញាមានវ័យ ២៨ឆ្នាំ បានក្លាយជាម្ចាស់មកុដជំនាន់ទី ៩ តំណាងឱ្យសហរដ្ឋអាមេរិក ។ បន្ទាប់ពីទទួលបានភាពជោគជ័យលើឆាកអន្តរជាតិមួយនេះ បវរកញ្ញាចក្រវាលអាមេរិករូបនេះ ត្រូវបានមហាជន និងហ្វេនៗដែលតែងតែតាមដានកម្មវិធីប្រកួតសម្រស់ យកចិត្តទុកទៅលើសមត្ថភាព សម្រស់ ក៏ដូចជាប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ទៀតផង។

កញ្ញា R’Bonney Gabriel បានបង្ហាញមោទកភាពជាលើកដំបូង ខណៈដែលបានលើកមុខមាត់ឱ្យស្រីស្អាតក្នុងរដ្ឋហូស្តុនថា កញ្ញាគឺជាស្ត្រីទី ៣ហើយដែលដណ្ដើមមកុដ Miss Universe តំណាងឱ្យស្រីស្អាតក្នុងរដ្ឋហូស្តុន ហើយអារម្មណ៍កញ្ញារំភើបស្ទើហោះអណ្ដែតដល់ឋានព្រះច័ន្ទបាត់ទៅហើយ។ រយៈពេល ១៥ ថ្ងៃនៃការប្រកួតនេះ កញ្ញាទទួលបានបទពិសោធន៍ក្នុងការផ្លាស់ប្ដូរជីវិតជាច្រើន។ កញ្ញាថាបានកាន់តំណែងថ្មីនេះ ក៏ព្រោះតែកម្លាំងឥទ្ធិពលរបស់ស្ត្រីទាំងអស់ ដែលវា​ពិត​ជា​​កិត្តិយស​ដ៏ធំធេងក្នុងការបំពេញ​បេសកកម្ម​ឱ្យ​សកលលោក​យ៉ាងមាន​មោទកភាព។

គួររំលឹកថា នៅពេលចូលក្នុងលំដាប់ Top 5 កញ្ញា R’Bonney Gabriel នាងត្រូវបានគេសួរថា ថ្មីៗនេះកម្មវិធីបវរកញ្ញាចក្រវាល បានធ្វើការផ្លាស់ប្តូរលក្ខន្តិក: ដែលអនុញ្ញាតឱ្យស្រ្តីជាម្តាយ និងស្ត្រីដែលរៀបការហើយ អាចចូលរួមប្រកួតប្រជែងនៅឆ្នាំនេះបាន។ ដូច្នេះ តើការផ្លាស់ប្តូរបន្ថែមទៀតដែលនាងចង់ឃើញគឺជាអ្វី ហើយហេតុអ្វី?។ ពេលនេះ ម្ចាស់មកុដបានតបថា អ្នករៀបចំការប្រកួត នឹងបង្កើនដែនកំណត់អាយុរបស់បេក្ខនារី។ សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញការបង្កើនអាយុ ព្រោះខ្ញុំមានអាយុ ២៨ឆ្នាំ ហើយនោះគឺជាអាយុដែលចាស់ជាងគេក្នុងការប្រកួតប្រជែងនេះ។ ខ្ញុំគិតថា វាជារឿងដ៏ស្រស់ស្អាត។ ប្រយោគចំណូលចិត្តខ្ញុំ បើសិនមិនមែនឥឡូវនេះ តើនៅពេលណាទៅ? ដោយសារ​តែជា​មនុស្ស​ស្រី​ម្នាក់ ខ្ញុំ​ជឿ​ថា ​អាយុ​មិន​កំណត់​យើង​ឡើយ។​ វា​មិន​មែន​ជា​ថ្ងៃ​ស្អែក​ទេ វា​មិន​មែន​ជា​ថ្ងៃ​ម្សិលមិញ​ទេ ប៉ុន្តែ​វា​ជា​ពេលបច្ចុប្បន្ន។ ពេលវេលាគឺឥឡូវនេះ។

សូមជម្រាបថា កញ្ញា R’Bonney Gabriel គឺជារាជិនីកំពូលសម្រស់ដែលមានដើមកំណើតនៅទីក្រុងហូស្តុន គឺជាតារាបង្ហាញម៉ូដ អ្នករចនាម៉ូដ និងជាគ្រូបង្រៀនផ្នែកដេរ ដែលផ្តល់អាទិភាពដល់បរិស្ថានក្នុងការងាររបស់នាង៕

Share.