អង្គការ NATO បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ទីក្រុង Kyiv អាចរំពឹងថា នឹងទទួលបានការដឹកជញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតពីបណ្ដាប្រទេសលោកខាងលិចក្នុងរយៈពេលឆាប់ៗនេះ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរកងកម្លាំងរបស់លោក ជុំវិញការអះអាងពីការកាន់កាប់ទីក្រុង សូឡេដា (Soledar) របស់អ៊ុយក្រែនបានទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០២៣។

គិតត្រឹមថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅអគារមួយក្នុងទីក្រុង Dnipro ភាគខាងកើតបានកើនឡើងម្ដងទៀតហើយ ដោយលើកនេះឡើងដល់ ៣៥នាក់ហើយ ក្នុងនោះមានកុមារ ២នាក់។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថា អ៊ុយក្រែនអាចនឹងមានអាវុធធុនធ្ងន់ជាច្រើនបន្ថែមទៀត បន្ទាប់ពីសំណើររបស់ទីក្រុង Kyiv ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការស្នើសុំយានជំនិះ កាំភ្លើងធំ និង មីស៊ីល ដែលអ៊ុយក្រែនស្នើសុំដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg

លោក Stoltenberg បាននិយាយថា «ការសន្យាបញ្ជូនអាវុធធុនធ្ងន់កាលពីពេលថ្មីៗ គឺពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំរំពឹងថា នឹងមានការបញ្ជូនអាវុធធុនធ្ងន់កាន់តែច្រើននៅពេលអនាគតដ៏ខ្លីខាងមុខ»។

លោក ពូទីន បានននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃ អាទិត្យ ថា «ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងអភិវឌ្ឍទៅតាមផែនការគ្រប់យ៉ាង ហើយខ្ញុំសង្ឃឹមថា អ្នកប្រយុទ្ធរបស់យើងនឹងសម្រេចបានជ័យជម្នះបន្ថែមនៅក្នុងសមរភូមិប្រយុទ្ធរបស់ពួកគេ»។

សូមជម្រាបថា ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសថា ចក្រភពអង់គ្លេសនឹងឲ្យរថក្រោះប្រយុទ្ធរបស់ខ្លួន ចំនួន១៤គ្រឿង រួមជាមួយកាំភ្លើងធំ បន្ថែមទៀតទៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា រថក្រោះ ឆាលេនចឺ-ធូ (Challenger 2) មួយក្រុមចំនួន១៤គ្រឿង នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន នៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយប្រព័ន្ធកាំភ្លើងធំ AS90 ដែលអាចចល័តបានដោយខ្លួនឯងចំនួន៣០គ្រឿង នឹងទៅតាមក្រោយ។ ជាមួយគ្នានេះ ទីក្រុងឡុងដ៍ ក៏នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ និង កាំភ្លើងធំទាំងនេះផងដែរ៕

ប្រភព៖ CNA

Share.