សិល្បៈ​ជាតិ​៖ ដំណឹង​ទទួល​បាន​គ្រឿង​ឥស្សរិយយសថ្នាក់​ធិបឌិន្ទរបស់​នាយ​ចឺម​ នា​ខណៈ​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​យក​មក​ជជែក​វែញញែក​គ្នា​យ៉ាង​ឆ្ងាញ់​មាត់​ ក្នុង​នោះ​គេ​ឃើញ​មាន​មន្ត្រី​យោធា​ម្នាក់​សម្ដែង​អារម្មណ៍​ហួស​ចិត្ត​ ដែល​​នាយ​ចឺម​​ច្រៀង​យក​លុយ​ដាក់​ហោប៉ៅ​ បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​ ខណៈ​ដែល​ខ្លួន​ដេក​តែ​​ក្នុង​ព្រៃ​ការពារ​ព្រំដែន​រាប់​ឆ្នាំ​ បែរ​ជា​មិន​ទាន់​ទទួល​បាន​មេដាយ​​ឬ​បណ្ណសរសើរ​នៅ​ឡើយ​។

កាល​ពីពេល​ថ្មីៗ​នេះ​ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ឡាយ​ព្រះហត្ថលេខា​នៅ​លើ​ព្រះរាជ​ក្រឹត្យ​មួយ​ដោយ​ផ្ដល់​គ្រឿង​ឥស្សរិយយស​ចំនួន​៦​ប្រភេទ​ផ្សេងៗ​គ្នា​ដល់​មនុស្ស​ចំនួន​៧០​នាក់​ ដោយ​ក្នុង​នោះ​មាន​​អតីត​អ្នក​កំប្លែង​នាយ​ចឺម​មួយ​រូប​ផង​ដែរ​។

អាន​អត្ថបទ​៖ សង្ស័យ​បំណង​ប្រាថ្នា​មាន​ងារ​ឧកញ៉ារបស់​​នាយ​​ចឺម​​ ​កាន់​​តែ​ខិត​ជិត​ដល់​ឆាប់​ៗ​​ហើយ​មើល​ទៅ​​ ក្រោយ​ពី​…

​មិត្ត​ភក្ដិ ​និង មនុស្ស​ជិតស្និទ្ធ​បាន​ចេញ​មក​សារ​អបអរសាទរ​តារា​ចម្រៀង​រូប​នេះ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោង​ព្រាត​ក្រោយ​ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​។ ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​អបអរសាទរ​នោះ​ក៏​មាន​មនុស្ស​មួយ​ក្រុម​ដែល​​ទំនង​ជា​មិន​ពេញ​ចិត្ត​ចំពោះ​​​ដំណឹង​នេះ​នោះ​ឡើយ​។ តួ​យ៉ាង​ដូច​ជា​មន្ត្រី​យោធា​ម្នាក់​លោក​បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ក្រោយ​ដឹង​ដំណឹង​ថា​នាយ​ចឺម​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ធិប​ឌិន្ទ​ថា​យ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំ​បោះ​តង់​ដេក​ក្នុង​ព្រៃ​រាប់​ឆ្នាំ​ដើម្បី​បម្រើ​ជាតិ​ ការ​ពារ​ព្រំដែន​មិន​ទាន់​បាន​មេដាយ​ឬ​បណ្ណ​សរសើរ​មួយ​ផង​ អា​ប្អូន​នេះ​ដើរ​តែ​ច្រៀង​យក​លុយ​ដាក់​ហោប៉ៅ​ខ្លួន​សោះ​ បាន​គ្រឿង​ឥស្សរិយយស​ខ្ពស់​ដល់​ថ្នាក់​ហ្នឹង​ បង​សុំ​សរសើរ​ហើយ​»

មិន​ត្រឹម​តែ​មន្ត្រី​យោធា​រូប​នេះ​នោះ​ឡើយ​ដែល​មិន​អបអរ​សាទរ​ចំពោះ​អ្វី​ដែល​នាយ​ចឺម​ទទួល​បាន​ ប៉ុន្តែ​គេ​ឃើញ​មាន​មតិ​មិន​គាំទ្រ​ជា​ច្រើន​ទៀត​ដែល​រិះគន់​ចំពោះ​នាយ​ចឺម​ដែល​មិន​ធ្លាប់​បាន​បញ្ចេញ​ស្នាដៃ​បម្រើ​ជាតិ​ ​តែ​​គ្រាន់​តែ​ជា​តារា​ចម្រៀង​ម្នាក់​ប៉ុណ្ណោះ​​បែរ​ជា​​ទទួល​បាន​កិត្តិយស​ខ្ពង់ខ្ពស់​ដល់​ម្លឹង​។

ដំណឹង​ដែល​នាយ​ចឺម​ទទួល​បាន​គ្រឿង​​ឥស្សរិយយស​ថ្នាក់​ធិប​ឌិន្ទ​ ធ្វើ​ឱ្យ​ផ្ទុះ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​​ពី​សាធារណជន​ ខណៈ​ដែល​សាមី​ខ្លួនកន្លងមក​​ធ្លាប់​ព្រលយ​ពាក្យ​លេង​បន្លំ​មែន​ថា​ខ្លួន​កំពុង​សន្សំ​លុយ​ដើម្បី​បាន​ទទួល​ងារ​ជា​ឧកញ៉ា​។បច្ចុប្បន្ន​តារា​ចម្រៀង​ជា​ច្រើន​ដួង​ហើយ​បាន​វិវត្តន៍​ខ្លួន​ពី​តារា​ចម្រៀង​ទៅ​ជា​ឧកញ៉ា និង​អ្នក​ជំនួញ​អចលនទ្រព្យ​ដូច​ជា​ឧកញ៉ា​ ព្រាប សុវត្ថិ និង​ ឧកញ៉ា ខេមរៈ សិរីមន្ត​ ជា​ដើម៕

Share.