សិល្បៈអន្តរជាតិ៖ មហាជនអ្នកស្នេហាវិស័យប្រកួតសម្រស់ស្រីស្អាតចក្រវាល Miss Universe ពិតជាកក្រើកនិងភ្ញាក់ផ្អើលបំផុតពេលបានឃើញវត្តមានកញ្ញា Payengxa Lor បវរកញ្ញា​ចក្រវាល​ឡាវ ប្រកាសឱ្យចូលខ្លួនក្នុង Top 16 នាក់ដំបូងក្នុងថ្ងៃផ្ដាច់ព្រ័ត្រ។ តើបវរកញ្ញារូបនេះមានសាវតារបែបណាខ្លះ? តោះមកស្គាល់ទាំងអស់គ្នា។

កញ្ញា Payengxa Lor គឺជានិស្សិតស្រីបន្តការសិក្សារនៅមហាវិទ្យាល័យ Lao-American College លើមុខវិជ្ជាជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម។ បវរកញ្ញារូបនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ ព្រោះនាងគឺជាគ្រូបង្រៀនភាសាអង់គ្លេសដល់សហគមន៍ស្ត្រី និងក្មេងៗជនជាតិឡាវតាមទីជនបទ។ នាងក៏ជាបេសកជនស្ម័គ្រចិត្តក្នុងកិច្ចការងារមនុស្សធម៌ជួយជនក្រីក្រ ដូចជាកុមារកំព្រា មនុស្សចាស់ និងជនអនាថាជាដើម។

មុនពេលឈានជើងចូលលើឆាកអន្តរជាតិនៅសហរដ្ឋអាមេរិក បវរកញ្ញា​ចក្រវាល​ឡាវរូបនេះបានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុកថា នាងមានការចិត្តយ៉ាងមុតមាំក្នុងឈោងឱកាសចូលទៅដណ្ដើមមកុដរបស់ Miss Universe នាំមោទកភាពមកជូនប្រទេសវិញ។ ក្រៅពីនោះ នាងមានគោលបំណងបង្ហាញពិភពលោកអំពីឈុតតំណាងជាតិប្រទេសឡាវ ភាសាការប្រាស្រ័យទាក់ទង និងរបៀបរបបជីវិតរបស់ជនជាតិឡាវឱ្យពិភពលោកបានដឹងបន្ថែម។

នៅអំឡុងពេលប្រកួត កញ្ញា Payengxa Lor បានចេញមុខសម្ភាសឱ្យសារព័ត៌មានល្បីរបស់អាមេរិក បង្ហាញមុខក្នុងវីដេអូឱ្យមហាជនអ្នកគាំទ្រឃើញពីសមត្ថភាពនិយាយភាសាបរទេសរបស់នាង ការតុបតែងខ្លួន និងការតាំងចិត្តយ៉ាងមុតមាំលើសមត្ថភាពដែលនាងមាន។ ស្រីស្អាតដែលនិយមញ៉ាំបាយដំណើបរូបនេះបានឱ្យនិយមន័យភាពស្រស់ស្អាតថា គឺជាមន្ត​ស្នេហ៍​ដ៏​អស្ចារ្យ​បំផុតនៃការគិតសុទិដ្ឋិនិយម គិតវិជ្ជមាន និងញញឹមឱ្យបានញឹកញាប់ ទាំងនោះហើយគឺជាភាពស្រស់ស្អាត។

សូមជម្រាបថា កញ្ញា Payengxa Lor បាននាំឈុតតំណាងជាតិដែលមានឈ្មោះថា «Symbolic of 3 Lao Ethnic Groups» មកដើរបង្ហាញឱ្យពេលប្រកួតថ្ងៃបឋម ក្នុងគោលបំណងលើកស្ទួយពីអត្តសញ្ញាណរបស់ស្ត្រីឡាវ ដែលបានថែរក្សាប្រពៃវប្បធម៌ អរិយធម៌បានយ៉ាងផូផង់ពីមួយជំនាន់ទៅមួយជំនាន់៕

Share.