សិល្បៈអន្តរជាតិ៖ អ្នកស្នេហាវិស័យប្រកួតសម្រស់បវរកញ្ញាពិភពលោក ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលបានឃើញកញ្ញា Harnaaz Sandhu ដែលអតីតម្ចាស់មកុដ Miss Universe ប្រចាំឆ្នាំ ២០២១ មកពីប្រទេសឥណ្ឌា មានសភាពរូបរាងប្រែប្រួលលើសគីឡូខ្លាំងជាងមុនដល់ម្លឹង។

ខុសពីបវរកញ្ញាជាម្ចាស់មកុដ Miss​ Universe​ ឆ្នាំមុនៗ កញ្ញា Harnaaz Sandhu បានប្រែប្រួលរូបរាងស្អាតពីតូចច្រលឹងបែជាបែកសាច់លើសទម្ងន់ រហូតធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីកញ្ញា។ អតីតម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំ ២០២១នេះ ត្រូវរងសម្ពាធផ្លូវចិត្ត និងមានជំងឺអាក្រក់ Celiac ដែលតម្រូវឱ្យនាងប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំ ជាហេតុនាំឱ្យនាងឡើងសាច់ទ្រលុកទ្រលន់។

កញ្ញា Harnaaz Sandhu កើតមានអាការៈប្រតិកម្មជាមួយការញ៉ាំសារធាតុ Gluten ដែលជាប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី Barley និង Rye។ បវរ​កញ្ញា​ចក្រវាល​សញ្ជាតិ​ឥណ្ឌា​រូប​នេះ បាន​និយាយ​ថា រូប​នាង បាន​ឡើង​គីឡូ​យ៉ាងខ្លាំង ចាប់​តាំង​ពី​គ្រង​មកុដ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២១ មក ហើយ​ការ​ប្រែប្រួល​រូបរាង​របស់​នាង​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​រិះគន់​មក​លើ​រូប​នាង និង​ថែម​ទាំង​ចាត់​ទុក​នាង​ជា​មនុស្ស​មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​តំណែង​របស់​ខ្លួន​ទៀត។

អ្នកជំនាញសុខភាពនិយាយថា ជំងឺ Celiac បានប្រឆាំងនិងបំផ្លាញប្រព័ន្ធភាពស៊ាំ ហើយវិវត្តទៅរកជំងឺទឹកនោមផ្អែម ខូចតម្រង់នោម និងជំងឺបេះដូង។ ស្ថានភាពកញ្ញា Harnaaz Sandhu នៅពេលនេះ មិនត្រូវបានព្រួយបារម្ភពីអ្នកគាំទ្រទេ តែបែជារងការរិះគន់ពីមជ្ឍដ្ឋានមហាជន រួមទាំងម្ចាស់ប្រេនមួយចំនួនដែលបានកំចាយការងារដើរម៉ូដរបស់នាង ដោយសំអាងថា រូបរាងមិនស័ក្ដសមនឹងប្រេនរបស់ពួកគេ។

ថ្មីត្បិតតែម្ចាស់​មកុដ​បវរ​កញ្ញា​ចក្រវាល ២០២១ ឡើងផ្ទេរមកុដឱ្យម្ចាស់ថ្មីទាំងរូបរាងលើសគីឡូក៏ដោយ តែនាងហាក់មិនខ្វល់ពីមជ្ឍដ្ឋានមួយ​ចំនួន​ដែលទាក់ទង​នឹង​ការ​រិះគន់ មាក់ងាយ​តាម​បណ្ដាញ​សង្គមឡើយ។ ព្រោះបវរកញ្ញា​ចក្រវាល​រូប​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា រូប​នាង​ក៏​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​បញ្ហា​ជំងឺមួយ​នេះ​ដែរ។ កញ្ញា Harnaaz Sandhu នៅតែប្រកាន់ចិត្តគិតវិជ្ជមាន និងមានភាពក្លាហានប្រឈមគ្រប់បញ្ហាគ្រប់កាលៈទេសៈទាំងអស់៕

Share.