សិល្បៈ​ជាតិ​៖ រឿង​ភាគ​បុរាណ​បែប​ប្រវត្តិសាស្ត្រ​ «អប្សរា​មហានគរ» ដែល​​ជា​ស្នាដៃ​​ផលិត​ដោយ​អ្នក​ដឹកនាំ​ និង​និពន្ធ​ដ៏​ល្បីល្បាញ​ លោក​ ហ្វៃ​ សំអាង គឺជា​វណ្ណកម្ម​​ភាពយន្ត​ដ៏​ធំ​ដែល​ប្រមូល​ដួង​តារា​ទូទាំង​ប្រទេស​កម្ពុជា​ និង ​ត្រៀម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​។ ជា​ថ្មី​ម្ដង​ទៀត​លោក​ ហ្វៃ​ សំអាង​បាន​បញ្ចេញ​តួ​អង្គ​សំខាន់​ចំនួន​២​ដួង​ទៀត គឺ​អ្នក​នាង​ សារ៉ាយ សក្ខិណា និង​អ្នក​នាង​ កែវ ឡាវីញ​ ដែល​ត្រូវ​សម្ដែង​ជា​តួអង្គ​ម្ដាយ​កូន​និង​គ្នា​នៅ​ក្នុង​សាច់​រឿង​។ យ៉ាងណា​មិញ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ លោក​ ហ្វៃ​ សំអាង បាន​រៀបរាប់​ថា​​កូន​ស្រី​អ្នក​ស្រី​ កែវ កល្យាណ​ នឹង​សម្ដែង​ជា​​តួអង្គ​ អម្ពរមាស-អម្ពរ​ពេជ្រ​ តួអង្គ​កូន​ភ្លោះ​ដែល​មាន​ចរិត​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ​។ តើ​មាន​មូល​ហេតុ​អ្វី​ទើប​ធ្វើឱ្យ​កញ្ញា​ សេង​ រដ្ឋា ​​​របូត​តំណែង​តួ​អង្គ​កូន​ភ្លោះ​នេះ​ហើយ​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​នាង កែវ ​ឡាវីញ ​ទៅ​វិញ?

​គេ​នៅ​ចាំ​បាន​ថា​លោក​ ហ្វៃ​​ សំអាង​ បាន​ប្រគល់​សេចក្ដី​ទុកចិត្ត​និង​ប្រកាស​តួ​អង្គ​ដំបូងៗ​ដែល​មាន​វត្តមាន​នៅ​ក្នុង​សាច់​រឿង​របស់​លោក​គឺ​ប្រជុំ​ទៅ​ដោយ​​ស្រីស្អាត​ដូច​ជា​កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី កញ្ញា​ប៉ូគីមថេង សុតធីតា កញ្ញា​សេង រដ្ឋា និង​កញ្ញា​ រឿន ណាត​ ជា​ដើម​។ បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក​ ហ្វៃ​ សំអាង នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ កន្លង​មក​ លោក​បាន​​រៀប​រាប់​ថា​៖ «អបអរសាទរ​ Miss Grand Cambodia 🇰🇭 2020 កញ្ញា​ សេង​ រដ្ឋា​ ត្រូវ​បាន​ជ្រើសរើស​សម្តែងនៅក្នុង​ខ្សែ​ភាពយន្តភាគ​ខ្នាត​ធំ​រឿង​ អប្សរា​មហាអង្គរ​ របស់​ផលិតកម្ម​ហង្សមាស​ ។ កញ្ញា​ត្រូវ​សម្តែងជាតួ​អង្គ​ពីរដែលមានព្រះរាជចរិយា​ខុសគ្នាដូចមេឃហេីយនិងដី​ ជារាជបុត្រីដែលមានព្រះនាមថា​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​ពេជ្រ​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​មាស​ បេីនិយាយពីព្រះរូបឆោមវិញដូច​ជាស្រី​ទេពអប្សរច្បុតមកពីឋានសួគ៍​ ប្រិយមិត្ត​អ្នក​គាំទ្រ​កញ្ញា​នឹង​បានឃេី​ញទេព​កោសល្យ​ដ៏​ថ្មី​សន្លាង​របស់កញ្ញា​ ទ្រង់​ព្រះ​នច្ចារបាំអ​ប្សរា​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​នេះ​តាម​រយៈ​អ្នក​ដឹក​នាំ​សម្ដែងនិង​ក្រុម​ការងារ​​ដែល​ផ្តល់​ទំនុក​ចិត្ត​ នៅលេីកញ្ចក់ទូរទស្ស​ន៍​ និងប្រ​ព័ន្ធ​ផ្សព្វផ្សាយ​របស់​ ផលិតកម្ម​ហង្សមាស​និង​រស្មីហង្សមាស​ សូម​គោរព​អរគុណ​ចំពោះ​ការ​គាំទ្រ​និង​ចូលរួម​ផ្ដល់​មតិ​យោបល់​»។

បើ​ងាក​មក​មើល​ការ​ចាប់​អារម្មណ៍​ពី​​អ្នក​គាំទ្រ​បាន​បង្ហាញ​មតិ​គាំទ្រ​ច្រើន​ចំពោះ​ការ​សម្រេច​ចិត្ត​យក​អ្នក​នាង​ កែវ ឡាវីញ មក​ដើរ​តួជា​កូន​ស្រី​អ្នក​នាង សារ៉ាយ​ សក្ខិណា ព្រោះ​តារា​ទាំង​ពីរ​ដួង​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ស្រួល​នឹង​ជឿថា​គឺជា​ម្ដាយ​កូន​នឹង​គ្នា​ពិត​ៗ​។ ក៏​ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ខ្លះ​ដែល​នៅ​ចាំ​បាន​ថា​តួអង្គ​ អម្ពរមាស​ និង​អម្ពរពេជ្រ ពី​ដំបូង​ឡើយ​​លោក​ ហ្វៃ​​ សំអាង បាន​ប្រគល់​ឱ្យ​កញ្ញា​​ សេង រដ្ឋា សម្ដែង​នោះ​ក៏​បានសាកសួរ​លោក​ចំពោះ​ករណី​នេះ​ ដោយ​លោក​ហ្វៃ​ សំអាង​គ្រាន់តែ​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា​៖ «យើង​មាន​ការ​ផ្លាស់ប្ដូរ​»

អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​កោត​សរសើរ​ចំពោះ​អ្នក​ដឹកនាំ​ជើងចាស់​រូប​នេះ​ដែល​ពូកែ​ ជ្រើសរើស​តួសម្ដែង​ជា​ពិសេស​តាម​រយៈ​រៀបរាប់​ខ្លី​ៗ​​ពី​ចរិត​តួអង្គ​នីមួយៗ​នៅ​ក្នុង​សាច់​រឿង​ ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​អន្ទះសារ​ចង់​ទស្សនា​រឿង​ភាគ​ដ៏​ល្បីល្បាញ​នេះ។ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ចង់​ដឹង​​ដូច​​គ្នា​​ដែរ​​ ​ពេល​នេះ​​​តួអង្គ​ដែល​កញ្ញា​ សេង រដ្ឋា​ ធ្លាក់​ទៅ​លើ​ដៃ​​អ្នក​នាង​ កែវ ឡាវីញ ហើយ​ ចុះ​កញ្ញា​ សេង រដ្ឋា នឹង​សម្ដែង​ជា​អង្គ​អ្វី? ឬក៏​កញ្ញា​ សេង រដ្ឋា​ មិន​​បានសម្ដែង​​នៅ​ក្នុង​រឿង​នេះ​ទេ?

គួរ​ដឹង​ដែរថា​អ្នក​នាង​ កែវ ឡាវីញ និង​គូស្នេហ៍​ទើប​តែ​ដឹកដៃ​គ្នា​ចូល​រោងការកាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២២ កន្លង​ទៅ​ ដូច្នេះ​​នេះ​អាច​ចាត់​ទុក​ថា​ជា​ឱកាស​​ការងារ​សម្ដែង​ដ៏​ធំ​មួយ​សម្រាប់​អ្នក​នាង​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​៕

Share.