សិល្បៈជាតិ៖ ក្រុមចម្រៀង SUFFER គឺជាក្រុមចម្រៀងដែលបង្កើតឡើងដោយបងប្អូនប្រុសចំនួន ៣នាក់ បើគិតមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣នេះ គឺជាគម្រប់ខួប ១១ ឆ្នាំដែលក្រុមនេះបានរះឡើង។ តើក្រុមចម្រៀង SUFFER បានតស៊ូបែបណាខ្លះនៅក្នុងវិស័យតន្ត្រីចម្រៀងរ៉ក់ក្នុងប្រទេសកម្ពុជា ទើបពួកគេទទួលបានការជោគជ័យរយៈពេលយូរអង្វែង ខុសពីក្រុមដទៃដែលបានរំសាយក្រុមក្នុងពាក់កណ្ដាលទី?

ក្រុមតន្ត្រី SUFFER គឺជាក្រុមតន្ត្រីមួយ ដែលសមាជិកទាំង ៣ គឺជាបងប្អូនបង្កើតនឹងគ្នា ដែលកើតឡើងចេញពីគ្រួសារអ្នកសិល្បៈ ដោយមានលោកឪពុកឈ្មោះ សុខ សារិន ជាតន្ត្រីករជើងចាស់ និង អ្នកម្តាយឈ្មោះ រ៉ុន សារ៉េត ជាអ្នកចម្រៀងពីដើមដូចគ្នា។ សមាជិកទាំង ៣ អ្នក នៃ SUFFER រួមមាន៖ កូនប្រុសច្បង លោក សុខ សារ៉ាដាំ មានជំនាញហ្គីតាបាស់ កូនប្រុសទី ២ លោក សុខ សារ៉ាដែន មានជំនាញតារាចម្រៀង និង ចេះលេងហ្គីតា និង កូនប្រុសទី ៣ លោក សុខ សារ៉ាដា មានជំនាញដៃស្គរ។

SUFFER ធ្លាប់លើកឡើងថា មូលហេតុដែលក្រុមរបស់ពួកមានសមជិក ៣នាក់ និងសុទ្ធតែបងប្អូនបង្កើតទៀតនោះ ព្រោះតែសាច់ឈាមបង្កើតដែលដូចពាក្យចាស់និយាយថា កាត់ទឹកមិនដាច់ កាត់សាច់មិនបាន។ បងប្អូនអាចនឹងយល់ចិត្តគ្នា អន់ឱនឱ្យគ្នា ស្រឡាញ់គ្នា មិនងាយនឹងបំបែកក្រុមបានដោយងាយ បើទោះមានរឿងអន់ចិត្តច្រើនយ៉ាងណា។ នេះហើយជាហេតុឱ្យ SUFFER ពិបាកនឹងចែកផ្លូវក្រុម។

ពួកគេទាំងបីនាក់បងប្អូនបានចាប់ដៃគ្នាជាថ្លុងមួយដើម្បីពង្រីកវិសាលភាពនៃចម្រៀងរ៉ក់ កាន់តែមានទីផ្សារខ្លាំងក្នុងប្រទេស និងឆាកអន្តរជាតិ។ SUFFER​ មានច្ឆន្ទៈមោះមុតក្នុងការផលិតបទចម្រៀងដែលមានគុណភាព និងជាសុទ្ធតែជាបទនិពន្ធថ្មី ឬ Original Song។ ដោយឡែកចំពោះបទ Cover ក៏ក្រុមមួយបានបន្ថែមនូវរសជាតិភ្លេងថ្មី ឱ្យអ្នកស្ដាប់ទទួលបានអារម្មណ៍ប្លែកត្រចៀកទៀតផង។

ឈរជើងបានយ៉ាងមាំក្នុងរយៈពេល ១១ ឆ្នាំមកនេះ ក្នុងនោះ SUFFER ក៏មានបទចម្រៀងល្បីល្បាញជាច្រើនបទនិងបទចម្រៀងជាច្រើនទៀតក្នុង Album ចុងក្រោយនេះមានឈ្មោះ «Three Brothers»។ សូមជម្រាបថា សមាជិកទាំង ៣ នៃក្រុម SUFFER ជ្រកក្រោមការជ្រោមជ្រែងរបស់រណ្ដំ ហើយក៏នៅមានបងប្អូនប្រុស និង ស្រី ២ នាក់ទៀតផងដែរ ដោយមានដូចជាលោក សុខ សារ៉ាដេត (ទុំ សារ៉ាដេត) សមាជិកនៅក្រុម Rizer និងកញ្ញា សុខ សារ៉ាវីតា ក៏ជាតារាចម្រៀងទោលផងដែរ៕

Share.