ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជូនខ្សែប្រយុទ្ធ Marcus Haber និង ខ្សែការពារកណ្តាល Takashi Odawara ចំនួន១ឆ្នាំបន្ថែមទៀត គឺសម្រាប់រដូវកាល ២០២៣-២០២៤ នេះ។

Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា គឺជាកីឡាករសំខាន់របស់លោក Conor Nestor នៅលីគកំពូលកម្ពុជា កាលពីរដូវកាល ២០២២ បន្ទាប់ពីស៊ុត​បញ្ចូល​ទី​សរុបចំនួន​២៥​គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៧ប្រកួត ព្រមទាំងក្រសោបបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯង ក្នុងកម្មវិធី CPL FOOTBALL AWARD 2022។

ពានរង្វាន់៣របស់ Haber មានដូចជា៖
ពានរង្វាន់ទី១៖ ​ពាន​ស្បែក​ជើង​មាស បន្ទាប់ពីស៊ុត​បញ្ចូល​ទី​សរុបចំនួន​២៥​គ្រាប់ក្នុងចំណោម២៧ប្រកួត
ពានរង្វាន់ទី២៖ ​កីឡាករ​ល្អទាំង១១​នាក់​ប្រចាំ​រដូវ​កាល
ពានរង្វាន់ទី៣៖ កីឡាករឆ្នើមជាងគេប្រចាំរដូវកាល។

ដោយឡែក​ខ្សែ​ការពារ Takashi Odawara ខ្សែការពារជនជាតិជប៉ុន ធ្លាប់​ប្រកប​អាជីព​ទាំង​នៅ​លីគ​កំពូល​ប្រទេស​ហ្វីលីពីន និង​ម៉ាល់ឌីវ ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីរដូវ​កាល​មុន​ ដោយ​បង្ហាញខ្លួន ២៣លើក និង​ស៊ុតទាត់​បញ្ចូល​ទី​បាន ១គ្រាប់។ខណ:រូបគេ​ក៏​រួមចំណែក​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​ច្រើន​ប្រកួត​ដូចគ្នា​ផង​ដែរ ក្នុងនាមជាខ្សែការពារកណ្តាល។

ក្នុងនោះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បាននាំចូលកីឡាករចំនួន៤រូប គឺអ្នកចាំទី វីរៈ ដារ៉ា ពីវិសាខា, ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ពី Tiffy Army, ខ្សែបម្រើ គួច ដានី ផ្លាស់ពីណាហ្គាវើលដ៍ និង ខ្សែការពារស្លាប សេត រ៉ស៊ីប ពីបឹងកេត ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់នានានៅឆ្នាំ ២០២៣ នេះ។

ក្រៅពីនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរចំនួន​បួនរូបមានដូចជា៖ ឃៀង ម៉េងហួរ រស់ គង់សំរេច ត្រាយ វិចិត្រ និង ឡុង ភារ៉ាត់​។

ក៏ដូចជាការចាកចេញរបស់គ្រូជំនួយសញ្ជាតិអេស្ប៉ាញ លោក Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង រួមទាំងខ្សែប្រយុទ្ធស្លាប ម៉ុន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត។

ជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់៕

Share.