យោងតាមការចុះផ្សាយរបស់ Bleacher Report Football សារព័ត៌មានរបស់ប្រទេសអង់គ្លេស បានចុះផ្សាយថាក្រុមជម្រើសជាតិអាហ្សង់ទីន ម្ចាស់ជើងឯក World Cup ឆ្នាំ ២០២២ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសបង់ក្លាដែស ព្រមទាំងប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង Dhaka ក្នុងពហុកីឡដ្ឋានជាតិ Bangabandhu ខាងមុននេះ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស (BFF) លោក Kazi Salahuddin បានថ្លែងថា៖«កិច្ចពិភាក្សាពិសេសដែលពួកយើងបានស្នើទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ដើម្បីប្រកួតមិត្តភាព ទីបំផុតបានមើលឃើញពន្លឺហើយ ក្រោយមានការឯកភាពពីភាគីអាហ្សង់ទីន»។

លោកបន្តទៀតថា៖«សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន បានជូនដំណឹងមកកាន់ពួកយើងថា ពួកគេចង់មកកាន់ប្រទេសបង់ក្លាដែស នៅខែមិថុនា អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ (FIFA Transfer Window Summer)។ ប្រសិនបើអ្វីៗដំណើរការល្អជាមួយលក្ខខណ្ឌដែលយើងបានយល់ព្រមគ្នាទៅវិញទៅមក»។

គួរដឹងថាក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស ម្តងនៅក្នុងឆ្នាំ ២០១១ ប៉ុន្តែមិនមែនប្រកួតទល់នឹងបង់ក្លាដែសឡើយ គឺប្រកួតទល់នឹងនីហ្សេរីយ៉ា ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅទីក្រុង Dhaka ក្នុងពហុកីឡដ្ឋានជាតិ Bangabandhu ដែលបញ្ចប់លទ្ធផលអាហ្សង់ទីន ឈ្នះ ៣-១។

ខណ:ក្រុមជម្រើសជាតិបង់ក្លាដែស ក្រោមការដឹកនាំរបស់លោក Javier Fernández Cabrera បច្ចុប្បន្នស្ថិតនៅលេខរៀងទី១៩២ នៃចំណាត់ថ្នាក់ FIFA Ranking ជាពិសេសថ្មីៗនេះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបតែយកឈ្នះគោព្រៃកម្ពុជា ក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងជំនួបមិត្តភាពអន្តរជាតិ៕

Share.