សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ទើប​នឹង​រះ​ចិញ្ចែងចិញ្ចាំង​ក្នុង​ពិភព​សិល្បៈ​វ័យ​២៧​ឆ្នាំ​ ប៉ុន្តែ​ជា​អកុសល​ទាំង​មនុស្ស​និង​ឆ្កែ​ស្រាប់​តែ​ស្លាប់​ជាមួយ​គ្នា​​នៅ​ក្នុង​ផ្ទះ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សោកសង្រេង​និង​ស្ដាយ​ស្រណោះ​ជា​ពន់​ពេក។​

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​តារា​រូប​នេះ​និង​ឆ្កែ​ស្លាប់​គឺ​បណ្ដាល​មក​ពី​សារធាតុ​ពុល​ Carbon monoxide នៅ​តំបន់​ Lockport ខណៈ​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ St.Mary ដើម្បី​សង្គ្រោះ​បាន​។

ប៉ូលិស​​បានប្រាប់​សារព័ត៌មាន​ថា​បាន​ទទួល​ការ​ហៅ​ចូល​រាយការណ៍​ថា​មាន​មនុស្ស​២​នាក់​ និង​ឆ្កែ១​ក្បាល​​បាន​សន្លប់​ស្ដូក​នៅ​ក្នុង​ផ្ទះ​ នៅពេល​ដែល​ប៉ូលិស​ទៅ​ដល់​គេ​រក​ឃើញ​ថា​មាន​មនុស្ស​២​នាក់​ស្រូប​សារធាតុ​ Carbon Monoxide ច្រើន​ពេក​។ ប៉ូលិស​បាន​ឱ្យ​ដឹង​ទៀត​ថា​តារា​សម្ដែង​និង​ឆ្កែ​របស់​គេ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​។ ខណៈមនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ឈ្មោះ​ និង​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​មិន​ត្រូវ​បាន​ទម្លាយ​នោះ​ព្រោះ​គ្រួសារ​កំពុង​ចាត់​ចែង​។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ក្រុម​ស៊ើប​អង្កេតបាន​ទម្លាយ​មូលហេតុនៃ​ការ​ស្លាប់​នេះ​ថា​អាច​មក​ពី​កម្រាស់ព្រិលធ្លាក់​ខ្លាំងគ្រប​ដណ្ដប់​ឧបករណ៍​ឡដុត​កម្ដៅ​ទើប​ធ្វើ​ឱ្យ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ចូល​ទៅ​ក្នុង​ផ្ទះ​។​ សមត្ថកិច្ច​ផ្នែក​សង្គ្រោះ​បន្ទាប់​បាន​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឧស្សាហ៍​ពិនិត្យឧបករណ៍​ប្រើប្រាស់​ដែល​មាន​ភ្ជាប់​ទៅ​ខាង​ក្រៅ​ រួច​ឧស្សា​ហ៍​សំអាត​ព្រិល​ដែល​អាច​គ្រប​បិទជិត​ត្រង់​កន្លែង​ណាមួយ​ដែល​អាច​បង្ក​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ឬ​ហានិភ័យ​ចំពោះ​ម្ចាស់​ផ្ទះ​និង​អ្នក​រស់​នៅ​។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រងនិង​ការពារ​ជំងឺ​បាន​ឱ្យ​ដឹង​ថា​អាការៈ​ដែល​បង្ក​ឡើង​ពី​ផ្សែង​ពុល​កាបូន​ឌីអុកស៊ីត​គឺ​បណ្ដាល​ឱ្យ​ឈឺ​ក្បាល វិលមុខ ខ្សោយ ឈឺពោះ​ ក្អួត​ ឈឺទ្រូង និង​ព្រិល​ភ្នែក ដោយ​ឡែក​អាការៈ​អ្នក​ពុល​ឧស្ម័ន​នេះ​គឺ​ស្រដៀង​គ្នា​នឹង​មនុស្ស​កើត​ជំងឺ​ផ្ដាសសាយ​។ អ្នក​គេង​លក់ និង​មនុស្ស​ដែល​ផឹក​គ្រឿង​ស្រវឹង អាច​ស្លាប់​ដោយ​សារ​ឧស្ម័ន​នេះ​មិន​មាន​ចេញ​អាការៈ​។

យ៉ាង​ណា​មិញ​អត្តសញ្ញាណ​របស់​តារា​រូប​នេះ​និង​ឆ្កែ​របស់​គេ​មិន​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅនោះ​ឡើយ​ ដោយ​សារ​ក្រុម​គ្រួសារ​សុំ​ឱ្យ​រក្សា​ការ​សម្ងាត់​ឯកជន។ ថ្វី​ត្បិត​អត្តសញ្ញាណ​ត្រូវ​បាន​លាក់​ប៉ុន្តែ​នៅពេល​ដំណឹង​ស្លាប់​របស់​តារា​រូប​ខាង​លើ​និង​ឆ្កែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ សាធារណជន​បាន​ចូលរួម​សោកស្ដាយ​និង​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព​។

ងាក​មក​អត្តសញ្ញា​របស់​តារា​រូប​នោះ​ទោះ​ជា​មាន​ការ​លាក់​បាំង​យ៉ាង​ជិត​ក្ដី ក៏​នៅ​មាន​អ្នក​ខ្លះ​ចេញ​មក​បញ្ជាក់​ថា​ជា​តារា​វ័យ​ក្មេង​ដែល​សម្ដែង​ភាពយន្ត​បែប​ Web Movie ខណៈ​ដែល​​មិត្ត​ភក្ដិរបស់​សព​បាន​ឱ្យដឹងថា​អ្នកស្លាប់​គឺជា​តារា​សម្ដែង​កូន​កាត់​កូរ៉េ​ អាមេិក​ ហើយ​ថ្មីៗ​នេះ​ដែរ ​គេ​ក៏​បាន​ចូល​រួម​សម្ដែង​រឿង​ជា​ច្រើន​ទៀតនៅ​លើ​អនឡាញ​និង​ Netflix ផង​ដែរ។

ប្រភព៖ LOVEKPOP95

Share.