សិល្បៈជាតិ៖ ពិធីករល្បីឈ្មោះ វី យ៉ារ៉ូ បានទទួលឱកាសសម្ដែងជាតួឯកប្រុសលើកដំបូងនៅក្នុងភាពយន្តខ្នាតធំមានចំណងជើងថា «អំណោយស្នេហ៍ថ្ងៃណាត់ជួប» ដោយបានចាប់ដៃគូជាមួយតួ​​​​​ឯកស្រី ចិនចិន។ តើការសម្ដែងភាពយន្តថ្មីរបស់ LD នេះ មានផលលំបាកអ្វីខ្លះសម្រាប់តួប្រុសរូបសង្ហា យ៉ារ៉ូ?

ប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុក លោក វី យ៉ារ៉ូ បានលើកឡើងថា ភាពយន្តខ្នាតធំដែលលោកបានចូលរួមសម្ដែងជាលើកដំបូងនេះ គឺតម្រូវឱ្យតួសម្ដែងប្រឈមជាមួយបទពិសោធន៍សម្ដែងថ្មីដូចជា ការហ្វឹកហាត់សម្ដែងឈុតនៅក្នុងទឹក ការសម្ដែងភាសាកាយវិការ និងជាពិសេសគឺការសម្ដែងបែបមនោសញ្ចេតនាបែបយុវវ័យប្រុសស្រីដែលមិនធ្លាប់មានពីមុនមក។

ក្នុងការចាប់ដៃគូជាមួយតារាឯកស្រី ចិនចិន សម្រាប់លោក វី យ៉ារ៉ូ បានលម្អិតថា ពួកគេទាំងពីរនាក់គឺមានទំនាក់ទំនងស្និទស្នាលជាមួយគ្នាស្រាប់ ដូច្នោះហើយបើទោះបីជាក្នុងភាយន្តជាលើកទី ១ ដែលពួកគេទាំងពីរនាក់បានសម្ដែងរួមគ្នា ក៏មិនមានភាពលំបាកច្រើននោះទេ លើកលែងតែឈុតក្នុងទឹក។ យ៉ារ៉ូ លើកឡើងថា នៅពេលសម្ដែងឈុតក្នុងទឹក អ្នកដឹកនាំរឿងតម្រូវឱ្យអ្នកទាំងពីរសម្ដែងពិតៗនៅក្នុងទឹក ដោយមិនមានបច្ចេកទេសជំនួយ ឬ Green Screen។ លោកបន្តថា នៅពេលថតប្លង់មាត់ប៉ះមាត់តួស្រីនៅក្នុងទឹក គឺធ្វើឱ្យលោកមានអារម្មណ៍ថាពិបាកបំផុត ព្រោះត្រូវថតដកអុកស៊ីសែនចេញ ហើយទម្រាំតែសម្រេចបានប្លង់ដ៏ពិសេសនេះ គឺត្រូវថតច្រើនលើកច្រើនសារ។

ពិធីករសង្ហារូបនេះបានអះអាងថា ការសម្រេចចិត្តសម្ដែងភាពយន្ត «អំណោយស្នេហ៍ថ្ងៃណាត់ជួប» នោះក៏ព្រោះតែភាពយន្តនេះ មានសាច់រឿងលាតត្រដាងពីទំហំនៃក្ដីស្រឡាញ់របស់កូនចំពោះម្ដាយ ដែលហាក់ដូចជាចំសាច់រឿងនៃជីវិតពិតរបស់លោកខ្លាំងពេក។ បើទោះបីស្ថិតក្នុងទម្រង់ភាពយន្តបែបមនោសញ្ចេតនាស៊ីអារម្មណ៍អ្នកទស្សនាក៏ពិតមែន វី យ៉ារ៉ូ អំពាវនាវឱ្យមហាជនអ្នកគាំទ្រផលិតកម្ម LD ទាំងអស់បើកចិត្តបន្តិច ដើម្បីមកទស្សនាភាពយន្តថ្មីនេះ ដែលមានការចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

សូមជម្រាបថា ភាពយន្ត «អំណោយស្នេហ៍ថ្ងៃណាត់ជួប» មានការចូលរួមសម្ដែងពីតារាល្បីប្រចាំប្រទេសកម្ពុជាដូចជា អ្នកនាង ស្វែង សុជាតា លោក​ ទេព រិនដារ៉ូ លោក វី យ៉ារ៉ូ កញ្ញា ចិនចិន និងតារាកិត្តិយសជាច្រើនដួងថែមទៀត៕

Share.