សិល្បៈជាតិ៖ ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលអតីតម្ចាស់ Miss Grand Cambodia ទាំងពីរជំនាន់គឺកញ្ញា ជីលី ទេវី អតីតម្ចាស់មកុដ Miss Grand Cambodia 2020 និងកញ្ញា ប៉ូ​ ​គីម​ថេង​សុត​ធីតា Miss Grand Cambodia 2021 បានក្លាយជាបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss​ Supranational​​ Cambodia​​ ​2023​​។ នេះបើតាមការប្រកាសនៅលើហ្វេសប៊ុកផេក Miss​ Supranational​​ Cambodia​​ ផ្លូវការ​ នៅថ្ងៃទី ១៨ និង ១៩ខែមករា ឆ្នាំ ២០២៣។

សម្រាប់ កញ្ញា ជីលី ទេវី គឺជាអតីតកញ្ញាឯកដ៏អស្ចារ្យរងលំដាប់ទី២ ដែលទទួលបានតំណែងជា Miss Grand Cambodia 2020 តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅឯប្រទេស បន្ទាប់ពីកញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បានលាលែងពីតំណែងរបស់ Miss Grand Cambodia។ មហាជនគ្រប់រូបបានចងចាំយ៉ាងច្បាស់ថា នៅពេលនេះ ជីលី ទេវី ទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រខ្លាំងមែនទែន រហូតដល់ឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year»  តាមរយៈការទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand មកពី ៦៣ ប្រទេស។ ជីលី ទេវី គឺជាស្ត្រីខ្មែរដំបូងគេដែលបានបោះជំហ៊ានដល់វគ្គ Top 20 ដោយស្វ័យប្រវត្តិក្នុងការប្រកួត។ ភាពអង់អាចក្លាហានរបស់នាង ត្រូវបានមហាជនកត់សម្គាល់និងបានចារឈ្មោះនាងទុកក្នុងបេះដូង ព្រោះនាងមានការខិតខំប្រែង និងមានការតស៊ូខ្លាំងបំផុតនៅពេលប្រកួត។

រីឯ កញ្ញា ប៉ូ​ ​គីម​ថេង​សុត​ធីតា វិញ កញ្ញាគឺជាអតីតម្ចាស់ Miss Grand Cambodia 2021 ដែលតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដអន្តរជាតិនៅប្រទេសថៃ។ ក្នុងនោះកញ្ញាសម្រេចបានជោគជ័យដ៏ធំធេងមួយ ដែលអាចនាំមុខមាត់ប្រទេសជាតិចូលទៅកាន់វគ្គ Top 10 នៃកម្មវិធី។ សម្រាប់សមត្ថភាពពិសេសរបស់កញ្ញា ហ្វេនអ្នកគាំទ្រកម្ពុជានៅ​មិនទាន់​ភ្លេចឡើយ នូវភាពក្លាហាដែល​នាង​បាន​បង្ហាញ​ពេលនោះ និងចងចាំមក​ដល់បច្ចុប្បន្ន។ ក្រៅពីទទួលបានភាពជោគជ័យជា Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុទ្ធធីតា ក៏ធ្លាប់បានគ្រងមកុដជាជយលាភី Third Runner Up កម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន ។ កញ្ញាធ្លាប់មានឈ្មោះជាបវរកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាល MUC ថែមទៀតផង។

ដោយឡែកគ្រប់គ្នារង់ចាំអ៊ុតមើលថា បេក្ខភាពពីររូបខាងលើដែលធ្លាប់តែជាម្ចាស់មកុដរបស់កម្មវិធីធំ នឹងមានសន្ទុះខ្លាំងកម្រិតក្នុងការប្រកួតប្រជែងយកមកុដ Miss Supranational Cambodia 2023 ហើយតំណែងដ៏ពិបាកដណ្ដើមនេះ នឹងធ្លាក់នៅក្នុងដៃរបស់បេក្ខភាពរូបណា? រហូតមានការព្យាករណ៍ថា ខណៈដែលបវរកញ្ញាសម្រុកមកប្រឡងនៅក្នុងកម្មវិធីរួមគ្នាតែមួយបែបនេះ ពិតជាធ្វើឱ្យកម្មវិធីកក្រើកការគាំទ្រ ប៉ុន្តែមិនប្រាកដថា អាចដណ្ដើមមកុដបានទាំងស្រុងមួយភាគរយនោះទេ ព្រោះបេក្ខភាពជំនាន់ថ្មីៗក៏ខ្លាំង និងស្អាតមិនចាញ់គ្នាប៉ុន្មានដែរ៕

Share.