សិល្បៈជាតិ៖ គិតមកទល់សព្វថ្ងៃនេះ ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា បានប្រមូលផ្ដុំឱ្យឧកញ៉ាតាំងពីថ្នាក់លើរូបដល់ថ្នាក់ក្រោម ដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ឧកញ៉ា យឹម តាស្រង់ អ្នកគ្រប់គ្រង និងជាអ្នកនិពន្ធ ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងជួរមុខ ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង និងឧកញ៉ា ហេង ឡុង ដែលគេស្គាល់ថា ជាប្រភពស្និទស្នាលនិងតម្រង់ទិសជាមួយម្ចាស់ផលិតកម្មផ្ទាល់។

តោះ ! ថ្ងៃនេះត្រយងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកស្គាល់ពីសាវតារខ្លះរបស់ជំរុំឧកញ៉ាកាឡាក់ស៊ីដូចខាងក្រោមនេះ៖

1-អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ជា​សេដ្ឋី​វ័យក្មេង​មួយ​រូប​ដែល​កំពុង​លេច​មុខមាត់​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ដោយលោក​ក្ដោបក្ដាប់​មុខ​ជំនួញ​ជាច្រើន​មុខ​នៅក្នុងដៃ រាប់​ចាប់​តាំង​ពី​វិស័យ​អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូត​ដល់​វិស័យ​សិល្បៈ។ លោក ឡេង ណាវ៉ាត្រា មាន​អាយុ ៣៤ឆ្នាំ និង​មាន​ឈ្មោះ​ពិត​ថា ឡេង ភក្រា (ភក្ត្រា)។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ លោក​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ជិត ១០ឆ្នាំ​មុន ប៉ុន្តែ​ពេលនេះ​លោក​បាន​ក្លាយ​ជា​អ្នកជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់ ដែល​មាន​ងារ​ជា «អ្នក​ឧកញ៉ា»។ អគ្គនាយកក្រុមហ៊ុន Galaxy Navatra រូបនេះ មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងពង្រឹងវិស័យផលិតកម្មបទចម្រៀងនៅក្នុងប្រទេសឱ្យមានស្ដង់ដា និងគុណភាពលំដាប់អន្តរជាតិ ដែលថ្មីៗនេះផលិតកម្មទើបតែបានចាប់ដៃគូជាមួយក្រុម Morgan ដែលជាដៃគូដ៏ល្អក្នុងរៀបចំបច្ចេកទេសសំឡេង។

2-ឧកញ៉ា យឹម តាស្រង់

គេនៅចាំបានថា លោក យឹម តាស្រង់ បានដកខ្លួនចេញពីសិល្បៈ​ និងប្រកាសរចាកចេញពីផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅពេលនោះលោកអះអាងថា លោកនឹងទៅគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន។ រហូតមកទល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ គេស្រាប់ការប្រកាសឱ្យសាធារណជនដឹងថា លោក យឹម​ តាស្រង់​ មាន​គោរមងារ​ជា​ «ឧកញ៉ា»​ ដែលមានការត្រាស់បង្គាប់ពីព្រះមហាក្សត្រ ដែលបានធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២។ បើទោះជាពេលនេះ អតីតអ្នកគ្រប់គ្រង និងជាអ្នកនិពន្ធបទល្បីៗឱ្យ Galaxy Navatra មិនចេញមុខក្នុងផលិតកម្មបន្តទៀតក៏ដោយ ក៏ប៉ុន្តែគេជឿថា លោក យឹម តាស្រង់ មិនដកដៃឆ្ងាយទាំងស្រុងពីផលិតកម្មឡើយ។ ជាក់ស្ដែងនៅថ្ងៃស្វាគមន៍ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត លោក យឹម តាស្រង់ មុខចូលរួមជាមួយសមាជិកគ្រួសារកាឡាក់ស៊ី ដែលមានរូបភាពខ្លះលោកអង្គុយជាលោក សុខ ជំនោរ។

3-ឧកញ៉ា ព្រាប សុវត្ថិ

សម្រាប់ឧកញ៉ា ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជ្រកក្រោមផលិតកម្ម Galaxy Navatra ដូចគ្នា។ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា «​ឧកញ៉ា​»​ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២​ ពោលគឺបន្ទាប់ពីការប្រកាសឈ្មោះឧកញ៉ា ខេមរៈ សិរីមន្ត ។ បើទោះបីមានគោរមងារជាឧកញ៉ា លោក​នៅ​បន្ត​អាជីព​ចម្រៀង​ដដែល ដោយសារ​លោក​យល់​ថា អាជីព​សិល្បៈ​ចម្រៀង​នេះហើយ​ដែល​ធ្វើ​ឱ្យលោក​មានមុខមាត់ និងកេរ្តិ៍ឈ្មោះ​រហូត​មក​ទល់សព្វថ្ងៃនេះ។

4-ឧកញ៉ា ខេមរៈ សិរីមន្ត

កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែប្រកាសថាឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra នាពេលថ្មីៗនេះទេ បន្ទាប់ពីលោកបានផុតកុងត្រាច្រៀងនៅក្នុងផលិតកម្ម ហង្សមាស អស់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៧-២០២២។ ឧកញ៉ា ខេមរៈ សិរីមន្ត ​បាន​ទទួលគោរម​ងារ​ជា​ ឧកញ៉ា ប្រកាសដោយ​​ព្រះរាជ​ក្រឹត្យ​​តែងតាំង​​ពី​ព្រះ​មហាក្សត្រ​​​ ដែល​ព្រះរាជក្រឹត្យ​នោះ​ធ្វើ​ឡើង​នៅ​រាជវាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​។ក្រៅពីអាជីពជាតារាចម្រៀង លោក ខែម ប៊ុនថៃ ហៅ សិរីមន្ត ក៏ជាបុគ្គលខ្លាំងកាន់កាប់មុខជំនួញធំៗក្នុងដៃជាច្រើន ដែលមានបើកក្រុមហ៊ុននាំចូលទឹកអប់ម៉ាក «Or Brand» ផ្ដាច់មុខមកពីប្រទេសបារាំងមានការចែកចាយពាសពេញបណ្ដាខេត្ត-ក្រុង ព្រមទាំង លោក ក៏ជាអ្នកជំនួញរកស៊ីលក់ដីឡូត៍ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  លើសពីនេះ លោកក៏មានដំណើររកស៊ីលើគម្រោងអចលទ្រព្យថ្មីៗជាច្រើនកន្លែងនៅសៀមរាប និងកំពង់ចាម។

5-ឧកញ៉ា ហេង ឡុង

មែនទែនទៅ មហាជនភាគច្រើនស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាស្វាមីរបស់តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា។ បន្ទាប់ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានគោរមងារជា ឧកញ៉ា មិនទាន់បាន១ថ្ងៃស្រួលបួលផង ស្រាប់តែលេចក្រដាសព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង ឡុង ជា ឧកញ៉ា បន្តកន្ទុយពីតារាចម្រៀងជើងចាស់រូបនេះតែម្តង។ លោក ហេង ឡុង ត្រូវបានគេដឹងទៀតថា ជាប្រភពស្និទស្នាលបំផុតជាមួយលោក ឡេង ណាវ៉ាត្រា និងមានស្នាដៃសរសេរបទចម្រៀងជាភាសាអង់គ្លេសឱ្យតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ជាច្រើនបទដូចជា «Are You OK?» «Lambo Toy»  «CAMBODIAN PRIDE» ជាដើម។

យ៉ាងណាមិញ ស្របពេលដែលតារាចម្រៀង និងអ្នកសិល្បៈជ្រកក្នុងទ្រនំកាឡាក់ស៊ីណាវ៉ាត្រា មានគោរមងារសុទ្ធតែជាឧកញ៉ា ក្នុងនោះក៏មានសំនួរលើកឡើងថា តើខេម ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបដែរ អាចនឹងក្លាយជាឧកញ៉ាម្នាក់ទៀតទេ។ សម្រាប់ដំណឹងនេះ មានប្រភពមួយលើកឡើងថា ខេម មានឈ្មោះជាឧកញ៉ាហើយគ្រាន់តែមិនទាន់ជាផ្លូវការ។ ប៉ុន្តែសម្រាប់ ខេម វិញ​ក៏បានឆ្លើយថា «ត្រឹមមានសំណាងរាប់អានបងៗដែលមានងារឧកញ៉ាខ្ញុំរំភើបបាត់ហើយ នោះក៏ជាសំណាងខ្ញុំដែរ ជូនពរបងប្អូនមានសំណាងល្អគ្រប់គ្នា ខ្ញុំមានសំណាងណាស់ដែលបានមករស់ក្នុងក្រុមហ៊ុនGalaxy Navatra»។

ជារួមមកវិញ  Galaxy Navatra គេអាចចាត់ទុកថា គឺជាផលិតកម្មធំៗដែលប្រមូលផ្ដុំដោយកំពូលៗតារាចម្រៀងក្នុងស្រុក និងមានឈ្មោះជាឧកញ៉ាថែមទៀត ។ ដូច្នោះហើយសក្ដានុពលផលិតកម្មនេះ ប្រហែលឱ្យផលិតកម្មដទៃទៀតពិបាកទប់ទល់បន្តិចហើយ ក្នុងការប្រកួតប្រជែងទីផ្សារចម្រៀង និង​អចលនទ្រព្យ៕

Share.