សិល្បៈ​ជាតិ​៖ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣ តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ និង​រស្មី​ហង្ស​មាស​បាន​ចេញ​មក​បង្ហោះ​រូប​ថត​និង​សំណេរ​ខ្លីមួយ​​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ព្រោះ​មិន​នឹក​ស្មាន​ថា​ឡុង លីងគ័ង្គ​ ដែល​ធ្លាប់​តែ​ជា​កុមារា​តូច​ក្នុង​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​​ ពេល​នេះ​ប្រែ​ប្រួល​រូបរាង​​ពេញ​កំលោះ​ស្ដូក​ទៅហើយ។

ពិត​ណាស់​សម្រាប់​ លីងគ័ង្គ​ ដែល​ចូល​ប្រកួត​កម្មវិធី​ The Voice Kids កាល​ពី​ឆ្នាំ​ ២០១៧ គឺ​មាន​អាយុ​ត្រឹម​តែ​៩​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្មេច​បើក​ធ្មេច​បើក​ពេល​វេលា​ពិត​ជាដើរ​លឿន​​រហ័ស​​ណាស់​ចូល​មក​ដល់​ឆ្នាំ​២០២៣នេះ​​ លីងគ័ង្គ​ ចម្រើន​វ័យឈានចូល​អាយុ​១៥​ឆ្នាំ​ហើយ​ ចំណែក​ឯ​រូប​រាង​វិញ​ក៏​ធំ​ខ្ពស់​ប្លែក​ខុស​ពី​កាល​ពី​៦​ឆ្នាំ​មុន​ដែរ​។

​តាម​ពិត​ទៅ​បើ​សិមជា​សាមី​ខ្លួន​ មិន​បង្ហោះ​រូបភាព​និង​​រៀបរាប់​ថា​៖ «ភ្លេចៗខ្លួនខ្ញុំពេញកំលោះបាត់» អ្នក​គាំទ្រ​​ច្បាស់​ជា​មិន​បាន​ចាប់​ភ្លឹក​ទេ​ថា​ អាយដលតូច​របស់​ពួក​គាត់​នៅពេល​នេះ​ធំធាត់​ឈាន​ចូល​វ័យ​កំលោះ​មិន​មែន​ជា​កុមារា​ដូច​ជា​ពីមុន​នោះ​ទៀត​ឡើយ​។

អ្នក​គាំទ្រ​បាន​ចូល​មក​ពោល​សរសើរ​ចំពោះ​លីងគ័ង្គ​ ដែល​ធំពេញ​កំលោះ​ហើយ​ថែម​ទាំង​មាន​រូប​រាង​សង្ហា​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ «មែន​ហ្នឹង​ឃើញ កូនក្មេងម៉ាងៃណោះសោះ» «កំលោះ​ហើយ​សង្ហា​ទៀត​ Idol» «ក្មួយ​ពេញ​កំលោះ​ហើយ​សង្ហា​ណាស់​ក្មួយ​ប្រុស​» និង​ «ទើបតែឃើញប្រលង រលឹមស្រិចបងលូកដៃក្តិច ថ្ងៃមុនសោះឥលូវធំពេញវ័យសង្ហាខ្លាំងទៀត ប្អូនប្រុស ស្រលាញ់ប្អូនតាំង​ពី​នៅតូច» ជា​ដើម​។

ទស្សនិកជន​ជឿថា​នា​អនាគត​ដ៏​ខ្លី ឡុង លីងគ័ង្គ​ ប្រហែល​ជា​នឹង​អាច​ទទួល​បាន​តំណែង​ជា​តួឯក​ប្រុស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ណាមួយ​របស់​ផលិតកម្ម​ហង្សមាស​ជាក់ជាមិន​ខាន​ ព្រោះយុវជន​វ័យ​ក្មេង​រូប​នេះ​​មិន​ត្រឹម​តែ​មាន​សំឡេង​ល្អ​រី​ឯ​រូប​សម្បត្តិ​ក៏​ស្រស់​សង្ហា​និង​លេច​ធ្លោ​មិន​ធម្មតា​ដែរ​៕

Share.