សិល្បៈជាតិ៖ ថ្មីៗនេះ តារាចម្រៀងស្រី សុខ ចិន្តា ឬ វ៉ាន់​ នីឡា​ ដែលត្រូវជាប្អូនស្រីរបស់លោក សុខ ជំនោរ បានចេញមករៀបរាប់រឿងក្ដៅចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានដឹង។ នាងនិយាយថា នាងធ្លាប់ត្រូវចាស់​ព្រើល​ចោល​ភ្នែក​សម្លឹង​លើ​សម្លឹង​ក្រោម​ក្នុង​គោលបំណង​ដូចចង់ស៊ីសាច់ទាំងដុំ។

តារាចម្រៀងស្រី វ៉ាន់ នីឡា បានសរសេរសារទាំងស្រុងដូច្នោះ៖ «មនុស្សចាស់ខ្លះភ្លើអីចឹងឯង ដូចអាតាមួយនៅកន្លែងហាត់ប្រាណចឹង ឯងស្លៀកខោឡើងរលុង អាវពិនមនុស្ស70គីឡូពាក់ចុះ ពាក់ម៉ាសពាក់មួក ស្បែកជើងផ្ទាត់ កោតតែឈរសម្លឹងឯងដូចចង់ស៊ីសាច់យើងចឹង ហើយមែនម្តងទេ ពីរដងហើយ ទាល់តែខ្ញុំឈរមើលវិញទើបប្រកាច់ដាក់មុខចុះ ហើយឡើងរញីរញ័រទប់ខ្លួនមិនចង់ជាប់ផង យកតែម្រាមដៃខ្ញុំរុញក៏ផ្ងារក្រោយដែរ គង់តែអត់ស្គាល់ផ្ទះតាឯងទេកុំអីទៅប្រាប់កូនប្រាប់ចៅអោយគេចាប់ឃុំតាឯងនៅក្នុងផ្ទះហើយ កុំឱ្យព្រើលតាលប់តាលិនចឹងទៀត»

ករណីដែលកញ្ញា វ៉ាន់ នីឡា បានលើកឡើងខាងលើនេះ គឺស្ដែងពីអារម្មណ៍ខឹងសម្បារដែលភ្ជាប់ជាមួយព័ត៌មានករណីជីតាបង្កើតរំលោភសេពសន្ថវៈឃើញចៅស្រី បានកើតឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

ដំណឹងបានពិស្ដារឱ្យដឹងថា កុមារីរងគ្រោះមានអាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាចៅ) ចំណែកជនសង្ស័យឈ្មោះ ប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាជីតា)។

កុមារីរងគ្រោះបានលម្អិតថា នៅពេលខ្លួនកំពុងតែអង្គុយលេងនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យជាជីតាបានចាប់ដៃនាងអូសចូលក្នុងបន្ទប់ដេករបស់នាង រួចក៏បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច រួចហើយកុមារីរងគ្រោះក៏បានមកនិយាយប្រាប់ឈ្មោះ ញ៉ ផល ហើយពេលនោះឈ្មោះ ញ៉ ផល ក៏បានមកនិយាយប្រាប់ម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ផុន រីណា រួចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បន្ទាប់មកជនសង្ស័ក៏បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីពិតប្រាកដមែន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមជម្រាបប្រិយមិត្តបន្ថែមថា ទង្វើអគតិ និងគ្មានសីលធម៌បែបនេះ មិនត្រូវបានគាំទ្រក្នុងសង្គមឡើយ អ្នកប្រព្រឹត្តិខុសនោះនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។ សូមកុំប្រព្រឹត្តិទង្វើបែបនេះឱ្យសោះ ជាពិសេសចំពោះកុមារី៕

Share.