ទំព័រប្រតិទិនថ្មី ឆ្នាំ២០២៣ ត្រូវបានបើកជាផ្លូវការ បន្ទាប់ពីបញ្ចប់ទំព័រឆ្នាំចាស់ ហើយ​នៅ​ពេល​និយាយ​ពីឆ្នាំ២០២៣ រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។

ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិត​បាន​រង់​ចាំ​អស់​រយៈពេល ៦៤ឆ្នាំរួចមកហើយ។ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី ៦៤ឆ្នាំ នៃការចាប់​ផ្ដើម​ការប្រកួត​ព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍ លើកដំបូង ដែលបានធ្វើឡើងនៅប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៩។

តើព្រឹត្តិការណ៍កីឡានេះកើតឡើងដោយរបៀបណា?

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ គណៈប្រតិភូមកពីបណ្តាប្រទេសនៅឧបទ្វីបអាស៊ីអាគ្នេយ៍ ដែល​ចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាន​ជួប​ប្រជុំគ្នា​ហើយ​បាន​យល់​ព្រម​បង្កើតអង្គការកីឡា។ ព្រឹត្តិការណ៍នេះ ដំបូងឡើយមានឈ្មោះថា កីឡាឧបទ្វីប​អាស៊ី​អាគ្នេយ៍ ឬ South East Asian Peninsular Games (SEAP Games)។

SEAP Games ត្រូវបានបង្កើតឡើងដោយលោក Luang Sukhum Nayapradit ដែល​ពេល​នោះ​ជា​អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ។ ហេតុផលដែលបានស្នើឡើងគឺថា ព្រឹត្តិការណ៍​កីឡាក្នុងតំបន់នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការយល់ដឹង និង​ទំនាក់ទំនង​រវាង​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសចំនួន ៦ រួមមាន ភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) កម្ពុជា, ឡាវ, ម៉ាឡាយ៉ា (បច្ចុប្បន្ន​ម៉ាឡេស៊ី) ថៃ និងសាធារណៈរដ្ឋវៀតណាម (វៀតណាមខាងត្បូង) គឺជាសមាជិកស្ថាបនិក និង​បាន​យល់ព្រមរៀបចំការប្រកួតកីឡារយៈពេល ២ឆ្នាំម្ដង ក្នុងខែមិថុនា ឆ្នាំ១៩៥៩ ហើយ​គណៈ​កម្មាធិការសហព័ន្ធកីឡា SEAP ត្រូវបានបង្កើតឡើងបន្ទាប់ពីនោះ។

ក្រោយមក SEAP Games លើកដំបូងត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៥៩ ដោយមានអត្តពលិក និងមន្ត្រី ប្រមាណ ៥២៧នាក់ មកពី ៦ប្រទេស​ចូលរួម។ យ៉ាង​ណា​ក៏​ដោយទោះស្ថិតក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិក កម្ពុជា​ មិន​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​លើក​ដំបូង​បាន​ឡើយ ហើយ​បាន​បើក​ទ្វារ​សម្រាប់​ការ​ចូល​រួម​ពីប្រតិភូកីឡា​របស់ប្រទេសសិង្ហបុរី។

ប្រទេស​ចូលរួមលើកដំបូងនាពេលនោះរួមមាន ប្រទេសមីយ៉ាន់ម៉ា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី វៀតណាមខាងត្បូង និងម្ចាស់ផ្ទះថៃ ប្រកួតលើកីឡាចំនួន ១២ប្រភេទរួមមាន ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ, ប្រដាល់សកល, កីឡាទោចក្រយាន, បាល់ទាត់, បាញ់​កាំភ្លើង, វាយកូនឃ្លីលើតុ, វាយកូនបាល់, បាល់ទះ និងលើកទម្ងន់ លើ ៦៧វិញ្ញាសា។

ជាលទ្ធផល ម្ចាស់ផ្ទះថៃ ឈរនៅលើគេនៃតារាងមេដាយសរុបពោលគឺ រកបានមេដាយសរុប ៧៧គ្រឿង ក្នុងនោះមេដាយមាស ៣៥គ្រឿង, មេដាយប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ១៦គ្រឿង។ តាមពីក្រោយដោយ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២, សិង្ហបុរី នៅលេខ៣, ម៉ាឡេស៊ី លេខ៤, វៀតណាម លេខ៥ និងឡាវ លេខ៦។

យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺការប្រកួតស៊ីហ្គេម ចាប់ផ្ដើមមុន រួច​ទើប​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ចាប់ផ្ដើមជាក្រោយ ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.