ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​​ផ្ទះ​​បានរក្សាជំហរ​សម្រេចក្នុង​ការ​​ប្រើ​ឈ្មោះ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ។


ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​សម្រេច​ប្រើ​ពាក្យ​ ​«គុន​ខ្មែរ» ​នៅក្នុង​ព្រឹត្តិការណ៍ដ៏ធំ២ឆ្នាំ​មាន​ម្ដង​នេះ​ កម្ពុជា​ក៏បាន​ផ្តល់​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​​ទៅ​គណៈ​កម្មាធិការ​ជាតិ​ (NOC) នៃ​​ប្រទេស​​អាស៊ាន​​​ទាំង​ ១០ រួចហើយនិងមាន​ប្រ​ទេសជាសមាជិកនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៦ប្រទេស ដែលនឹងចូលរួមប្រកួតកីឡា ​«​គុន​ខ្មែរ»​ មានដូច​ជា៖ ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ CAMSOC និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​លើកឡើងថា ការ​សម្រេច​ប្រើ​ពាក្យ គុន​ខ្មែរ​ ជាផ្លូវ​ការ នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​ នេះ គឺត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​ឆន្ទៈ​របស់​កម្ពុជា។ ការ​ប្រើ «Kun Khmer»​គឺ​ សម្រាប់​ការ​ប្រកួត​កីឡា Muay ក្នុង​កីឡា​​ស៊ីហ្គេម ​​នៅ​ប្រទេសកម្ពុជា។


ជុំវិញភាគីថៃ មិនពេញចិត្តចំពោះការប្រើពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើទី៣២​ និង​មិនបញ្ជូនអត្ដពលិកមកប្រកួតលើវិញ្ញាសានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ​កម្មា​ធិការជាតិ​រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សាព័ត៌​មានថ្មីៗ កាលពីថ្ងៃទី២២ ខែមករាថា៖ ប្រទេស​ជាសមាជិក​ប្រកួត​កីឡាស៊ីហ្គេម មាន​សិទ្ធិមិន​ចូលរួម​ប្រកួត​លើប្រភេទវិញ្ញាសាកីឡាណាមួយ។ ភាគីថៃ​មានសិទ្ធិមិន​ចូលរួម​ប្រកួតក្នុងគុនខ្មែរ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ចំណែកកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ​២០២៥ដូចគ្នា។ អគ្គលេខាធិការរូបនេះ បន្ថែមថា ក្នុង​នាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និង​ប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន។

លោក​បានបញ្ជាក់ថា បើទោះជាភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ និង​មិន​បញ្ជូន​អត្ដពលិក​មក​ប្រកួត​លើវិញ្ញាសានេះក៏ដោយ ប្រដាល់គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេម លើកទី៣២ ដដែល ព្រោះមាន៦ប្រទេស បានគាំទ្រនិងចូលរួមប្រកួតលើវិញ្ញាសានេះ។ ៦ប្រទេស ដែល​នឹងចូលរួមប្រកួតនោះមាន៖ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។


កីឡា Muay Thai ឬ Muay ត្រូវ​បាន​ដាក់​ក្នុង​កីឡា​​ស៊ីហ្គេម តាំង​ពីឆ្នាំ​ ២០០៧ ដោយ​កាល​នោះ​​ថៃ​ ​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​ប្រទេស​ឡាវ ហ្វីលី​ពីន មីយ៉ាន់ម៉ា សិង្ហ​បុរី និងឥណ្ឌូនេ​ស៊ី បានចូល​រួម​ប្រកួត​ប្រជែង​លើ​ប្រភេទ​កីឡា​មួយ​នេះ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កីឡាស៊ីហ្គេម ឆ្នាំ​ ២០២៣ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​បាន​​​រៀបចំ​លក្ខន្តិកៈ និងបទ​បញ្ជា​នៃ​​ប្រកួត​ដោយ​ខ្លួន​ឯង ព្រម​ទាំងបាន​ត្រៀមមន្រ្តី​អាជ្ញាក​ណ្តាល និងចៅ​ក្រម របស់​ខ្លួន​រួច​រាល់​សម្រាប់​រៀបចំ​ការ​ប្រកួត។


ក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក ថៃបានដាក់ចូលវិញ្ញាសារប្រដាល់សេរី ដោយប្រើឈ្មោះ ម៉ឺយ​ថៃ (Muay Thai) ទោះ​ជាខាងកម្ពុជាទាមទារឳ្យប្តូរក៏គេមិនព្រម ។ រហូតថៃប៉ុនប៉ងដាក់ ម៉ឺយ​ថៃ (Muay Thai) នេះ​ចូល​យូណេស​ស្កូទៀត តែមិនទាន់សម្រេច។


យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់ កណ្ដាល ឆ្នាំ២០២៣ ពោលគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.