សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ CAMSOC ជំរុញ​លើ​ការ​បំពាក់​ប្រព័ន្ធ​អ៊ិនធឺណេត​ឲ្យ​បានគ្រប់កន្លែង ក្នុង​អំឡុង​ពេល​ប្រកួត ដែលប្រព័ន្ធអ៊ិនធឺណេត ជាចំណុច​គន្លឹះ​ក្នុង​ការផ្សព្វផ្សា​យឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់នៅ ទូទាំងប្រទេស និងទៅកាន់បរទេសផងដែរ។

ការ​លើកឡើង​ដូចនេះ ធ្វើ​ឡើងនៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២២ និង​លើក​ទិស​ដៅ​ឆ្នាំ២០២៣ សម្រាប់​ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ប្រសិនមិនមានប្រព័ន្ធអ៊ិនធឺណិតគ្រប់គ្រាន់ទេ នោះការផ្សព្វផ្សាយនេះ មិនមានប្រសិទ្ធភាពខ្ពស់នោះឡើយ ហើយ​ក៏មិន​អាច​ផ្សាយផ្ទាល់​ពីកន្លែង​ពិធី​បានល្អនោះដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងដែរថា ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់បង្ហាញជូនកិច្ចប្រជុំថា នឹង​មាន​ការ​បំពាក់​ឧបករណ៍ Wi-Fi នៅគ្រប់ទីកន្លែង និងមានរថយន្ត Wi-Fi ចល័តទៀត ដើម្បី​ជួយ​បន្ថែម​កម្លាំង​លើ​ប្រព័ន្ធ​អ៊ិនធឺណិតនេះ។


ជាមួយគ្នានេះ អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេស​ខេត្ត​គោល​ដៅ​រៀប​ចំប្រភេទ​កីឡា​មួយ​ចំនួន ក៏កំពុងត្រៀមរៀបចំកែលម្អ លើ​ការងារផ្សព្វផ្សា​យឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ផងដែរ៕

Share.