ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក​បានបញ្ចប់ជាស្ថាពរ ដោយក្រសួងសាធារណការ និង​ដឹក​ជញ្ជូនឈរ​នៅចំណាត់​ថ្នាក់លេខ១ជាមួយនឹងមេដាយច្រើនជាងគេ ក្នុងចំណោមក្លិបចូលរួមសរុបចំនួន៨។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ដោយ​ទទួល​បានថវិកា​គាំទ្រ​ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះ​ទៅស៊ី​ហ្គេម​លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធខ្មែរកីឡា​ហែលទឹក​បានរៀប​ចំ​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនេះមានក្លិបហែលទឹក៨ស្ថាប័នបានចូលរួម ដែលមានកីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​សរុប មានចំនួន ១០៣នាក់ (កីឡាករ ៥៧នាក់ និងកីឡាការិនី ៤៦នាក់) និងគ្រូបង្វឹក គ្រូជំនួយ​ចំនួន​១៦នាក់ នឹងមានវត្តមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥០នាក់ ចូលរួមដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត។ សម្រាប់ការប្រកួតនេះ មាន២០វិញ្ញសា កីឡាករ ១០វិញ្ញាសា និងកីឡាការិនី ១០វិញ្ញាសា។

សម្រាប់ការរៀបចំការប្រកួតនេះ គឺប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និង​កីឡា​លើ​ការងារ​រៀបចំការប្រកួត ៤៥% ផ្តល់មកសហព័ន្ធខ្មែរកីឡាហែលទឹក រៀងរាល់ឆ្នាំ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សហព័ន្ធកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឆ្លងកាត់ការប្រកួត៣ថ្ងៃ លទ្ធផលជ័យលាភីរួមមាន ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះ មេដាយមាស ៩ មេដាយប្រាក់ ៩ និងសំរឹទ្ធ២, លេខ២ ក្លិបក្រសួងមហាផ្ទៃ មេដាយមាស៨ និងសំរឹទ្ធ២, លេខ៣ ក្លិបព្រឹទ្ធាចារ្យ ហែម ថុន មេដាយមាស ២ ប្រាក់៥ និងសំរឹទ្ធ៦, លេខ៤ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៤ ខណៈលេខ៥ ក្លិបហែលទឹកក្រសួងព័ត៌មាន មេដាយប្រាក់២ និងសំរឹទ្ធ៤៕

Share.