ក្លិបបាល់ទាត់ Everton សមាជិកលីគកំពូលអង់គ្លេស Premier League បានសម្រេចបណ្តេញលោក Frank Lampard ចេញពីតំណែង កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយដឹកនាំក្រុមដែលមានមូលដ្ឋាននៅទីក្រុង Liverpool មួយនេះបានរយ:ពេល១២ខែ។

គួរដឹងថាលោក Frank Lampard ចូលកាន់តំណែង Everton ដំបូងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំកន្លះ ពោលគឺជំនួសកៅអីលោក Rafael Benitez បុរសសញ្ជាតិអេស្ប៉ាញ វ័យ៦២ឆ្នាំ។

ប៉ុន្តែលោក Lampard បានធ្វើឲ្យអ្នកគាំទ្រ និងប្រធានក្លិបលោក Farhad Moshiri អស់សេចក្តី​ទុកចិត្តក្នុងការបន្តលោកជាគ្រូបង្វឹក ក្រោយ Everton ធ្លាក់ដល់តំបន់គ្រោះថ្នាក់ ពោលគឺអាចនឹងត្រូវកាត់ចេញពីលីគកំពូល Premier League ទៅកាន់លីគ២ Championship ដោយឆ្លងកាត់២០ប្រកួត ឈ្នះ៣ ស្មើ៦ និងចាញ់១១លើក មាន១៥ពិន្ទុប៉ុណ្ណោះ ស្ថិតនៅលេខរៀងទី១៩។

មុនកាន់តំណែងជាគ្រូ Everton បុរសវ័យ ៤៤ឆ្នាំរូបនេះត្រូវបានក្លិប Chelsea បណ្តេញចេញពីតំណែងជាគ្រូបង្វឹក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោយដឹកនាំក្រុមបានត្រឹមរយៈពេល ១៨ខែប៉ុណ្ណោះ​ បន្ទាប់ពី​ទទួល​បាន​សេចក្តី​ទុកចិត្ត​ឱ្យ​ឡើង​ជំនួស​លោក Maurizio Sarri។ ខណ:លោក Frank Lampard ក៏ធ្លាប់ដឹកនាំក្រុម Derby County F.C ចន្លោះឆ្នាំ ២០១៨-១៩៕

Share.