តុក្កតាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា គឺរូបសត្វទន្សាយ២ មាន​ឈ្មោះថា បុរី (ឈ្មោល) និង រំដួល (ញី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ ទន្សាយ​ឈ្មោល​ឈ្មោះ បុរី តំណាងឱ្យសាមគ្គីភាព ហើយទន្សាយញីឈ្មោះ រំដួល ជាផ្កា​តំណាង​ឱ្យប្រទេសកម្ពុជា។

ចំពោះ​ប្រភេទកីឡាដាក់ឱ្យប្រកួត ក៏មានការបែងចែកដាច់ពីគ្នាផងដែររវាង ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ដោយស៊ីហ្គេម មានប្រភេទកីឡាច្រើនជាង អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវ​បាន​ប្រកាស​ជាផ្លូវការថា នឹងមានកីឡាចំនួន ៣៧ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ (Demonstration) ដាក់ឱ្យប្រកួត ដែលស្មើនឹង ៦០៨វិញ្ញាសា (៦០៨ មេដាយមាស)។

ចំណែកអាស៊ានប៉ារ៉ាហ្គេម ត្រូវបានប្រកាសជាផ្លូវការថា មានកីឡាចំនួន ១៣ប្រភេទ បូកនឹង​កីឡា​សម្ដែង ១ប្រភេទ ដាក់ឱ្យប្រកួត ស្រប​ពេល​ដែល​វិញ្ញាសាប្រកួត​ស្ថិត​ក្នុង​ការ​ពង្រាង​មាន​ប្រមាណ​ជាង​៤០០វិញ្ញាសា។ កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមាន​កីឡា​អត្តពលកម្ម​ជនពិការ, ហែលទឹកជនពិការ, វាយសីជនពិការ, បាល់ទាត់ ៥ម្ខាង, បាល់ទាត់ ៧ម្ខាង, លើក​ទម្ងន់​ជនពិការ, បូស្យាជនពិការ, វាយកូនឃ្លីលើតុជនពិការ, យូដូជនពិការ, បាល់បោះជិះរទេះជនពិការ, បាល់បោះជនពិការភ្នែក, បាល់ទះអង្គុយ និងកីឡាអុក រីឯកីឡាសម្ដែង ១ប្រភេទ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។

ប្រទេសចូលរួម គឺត្រូវបានបញ្ជាក់ថា រួចហើយថា ប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទាំង១០ រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម សុទ្ធ​តែនឹង​មកចូលរួម​ការ​ប្រកួត​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹង​ធ្វើឡើងពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.