សិល្បៈជាតិ៖ តារាចម្រៀង វ៉ាយ ឬមានឈ្មោះក្រៅ Mr white បានប្រកាសដើរចេញពីផលិតកម្មសាន់ដយ៉ាងសោកសៅ បន្ទាប់ពីប្រឡូកអាជីពជាតារាចម្រៀងអស់ ៦ឆ្នាំ។ នេះបើតាមការបង្ហោះរបស់លោកនៅលើហ្វេសប៊ុកផ្លូវការនាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។

ម្ចាស់បទ «មួយលានហេតុផល» រូបនេះបានរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «រយៈពេលជិត ៦ឆ្នាំ ដែលជ្រកក្រោមទ្រនំ ផលិតកម្មសាន់ដេ ថ្ងៃនេះខ្ញុំពិតជាតាណតឹង នឹងសោកសៅ ខ្លាំងណាស់ ខ្ញុំបានសម្រេចចិត្ត សម្រាក និងបញ្ចាប់ការងារជាមួយផលិតកម្ម សាន់ដេហើយ!!! អរគុណមេ អរគុណក្រុមការងារ ជាពិសេស អរគុណបងប្អូនសម្រាប់ការគាំទ្រកន្លងមក អរគុណមនុស្សជាទីស្រលាញ់ដែលតែងតែនៅក្បែរៗខ្ញុំ ពេលខ្ញុំមានកំលាំងចិត្តឡើងវិញ ខ្ញុំនិងក្រោកឈរ បន្តរក្តីស្រមៃ និង ចេញបទចំរៀងថ្មីអោយបងប្អូនទាំងអស់គ្នា»។

យ៉ាងណាមិញ នៅមិនទាន់មានតម្រុយថា តារាចម្រៀងប្រុសរូបនេះទៅជ្រកនៅទ្រនំផ្សេង ឬបន្តអាជីពជាតារាចម្រៀងឯករាជ្យឬយ៉ាងណាទេ ប៉ុន្តែក្រោយពីតារាចម្រៀងរូបនេះបានបង្ហោះប្រកាសជាសាធារណៈដូចខាងលើនេះឱ្យមហាជនជាអ្នកគាំទ្របានដឹងហើយនោះ ភ្លាមស្រាប់តែអ្នកគាំទ្រលាន់មាត់ដេញដោលសួរនាំលោកថា មានគោលដៅណាវិញ?

គេនៅចាំបានថា វ៉ាយ ជាតារាចម្រៀងមានប្រភពមកពីខេត្ត ព្រៃវែង លោកជាបុគ្គលតែម្នាក់ក្នុងគ្រួសារដែលមានទេពកោសល្យ និងស្រលាញ់វិស័យសិល្បៈ ទាំងដែលក្រុមគ្រួសារទាំងមូលគ្មានឈាមជ័រជាអ្នកសិល្បៈអ្វីសោះឡើយ។ ដោយចិត្តស្រលាញ់ និងមានក្តីស្រម៉ៃចំពោះវិស័យសិល្បៈ វ៉ាយ ត្រូវបានអ្នកផ្ទះជម្រុញ និងលើកទឹកចិត្តបន្ថែមឱ្យក្លាយជាតារាចម្រៀង ដោយពីអតីតកាលលោកធ្លាប់ជាអ្នកចម្រៀងប្រចាំ Pub និងភោជនីយដ្ឋានរយៈពេលច្រើនឆ្នាំ មុនពេលជោគជ័យក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ដូចសព្វថ្ងៃនេះ។ 

Share.