ការិយាល័យក្រុមប្រឹក្សា FIFA បានអនុម័តជាឯកច្ឆ័ន្ទដើម្បីផ្អាករាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ស្រីលង្កា (FFSL) ជាបន្ទាន់ដោយសារឥទ្ធិពលមិនសមរម្យពីភាគីទីបី (ការលូកដៃពីភាគីទី៣) ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។

ការពិន័យនេះមានន័យថាស្រីលង្កា ក្នុងវិញ្ញាសារបាល់ទាត់ទាំងបុរស និងនារី នឹងមិនមានមុខចេញទៅប្រកួតពានរង្វាន់ណាមួយឡើយ ឬធ្វើជាម្ចាស់ផ្ទះការប្រកួតរហូតដល់មានការដោះស្រាយអំពីការរៀបចំក្នុងសហព័ន្ធរបស់ខ្លួនឡើងវិញ។

មូលហេតុមួយទៀតដែល FIFA ដាក់ទណ្ឌកម្មគឺដោយសារតែនៅក្នុងខែមករា ឆ្នាំ២០២៣ នេះសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បានរៀបចំការបោះឆ្នោតមួយ ដែលត្រូវបានគេរាយការណ៍ថាមិនគោរពតាមស្តង់ដារដែលបានព្រមព្រៀងជាមួយ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ខណ:ក្នុងការបោះឆ្នោតនោះ សម្ព័ន្ធមិត្តរបស់រដ្ឋមន្ត្រីក្រសួងកីឡាស្រីលង្កា ក្លាយជាប្រធាន។

គួរឱ្យដឹងថាកាលពីពាក់កណ្តាលឆ្នាំ​ ២០២២ ប្រទេសឥណ្ឌា ក៏ទទួលរងទណ្ឌកម្មទៅលើបញ្ហាដូចគ្នា ខណ:រាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ត្រូវផ្អាកដូចជា៖
– ក្រុមជម្រើសជាតិឥណ្ឌា នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023
– ក្រុមជម្រើសជាតិឥណ្ឌា នឹងមិនប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day នៅប្រទេសវៀតណាម
– ក្រុម ATK Mohun Bagan របស់ឥណ្ឌា មិនអាចចូលរួមពានរង្វាន់ AFC Cup – Inter Zone វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងក្លិបក្នុងតំបន់អាស៊ាន។
– ប្រទេសឥណ្ឌា នឹងមិនធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women’s World Cup ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ ៣០ ខែតុលា ឆ្នាំ២០២២៕

យ៉ាងមិញ FIFA ក៏បានសម្រេចលុបចោលការដាក់ទណ្ឌកម្មទាំងអស់លើសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) វិញ ក្រោយស្ថានការណ៍មានការប្រែប្រួលស្របតាមច្បាប់និងលក្ខន្តិកៈដែល FIFA បានកំណត់៕

Share.