សិល្បៈជាតិ៖ បាត់មុខអស់មួយរយៈ ស្រាប់តែថ្មីៗនេះ អ្នកនាង ខ្ញុង លេចមុខមកបង្ហើបថា កូនប្រុសដែលមានវ័យ ១៦ ឆ្នាំ បានសុំអ្នកនាងទៅបួស ទាល់តែពេលសួរនាំទៅ ព្រោះមូលហេតុដើម្បីសងគុណម្ដាយដោយសារអាណិតម្ដាយដែលលំបាកពេក។ សម្ដីនេះបានធ្វើអ្នកនាង ខ្ញុង រន្ធត់ចិត្តជាពន់ពេក រហូតស្ទើរតែទប់ទឹកភ្នែកមិនជាប់។

តាមការបង្ហោះរបស់អ្នក​នាង ខ្ញុង បានរៀបរាប់នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា៖ «​មានកូន​ប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់ សុខ​ៗ​ស្រាប់តែ​កូនសុំ​ម្តាយ​ទៅ​បួស​, សួរនាំ​ទៅ​ថា មក​ពី​អាណិត​ម៉ាក់​ពេក មួយ​រយៈ​នេះ​ឃើញ​ម៉ាក់​លំបាក​ខ្លាំង ចង់​សងគុណ​ម៉ាក់ បើជា​បងប្អូន តើ​សប្បាយចិត្ត​ទេ? ចង់​លស់​ព្រលឹង​ហើយ​លោក​អើយ អនុមោទនា​កូន​សម្លាញ់ ជា​បុណ្យ​របស់​ម៉ាក់​ណាស់ ម៉ែ​រក​និយាយ​អ្វី​មិន​ចេញ​ទេ ហូរ​ទឹកភ្នែក​ដោយ​មិន​បានដឹង​ខ្លួន​»​។

បន្ទាប់ពីទម្លាយរឿងកូនប្រុសមានបំណងចង់សងគុណខ្លួន និងសុំទៅបួសនាពេលនេះ គេសង្កេតឃើញមានមិត្តសិល្បៈ និងមហាជនជាច្រើនបញ្ចេញមតិគាំទ្រ និងពោលសរសើរពីទំហំចិត្តរបស់កូនប្រុសអ្នកនាង ខ្ញុង ខ្លាំងណាស់។ ខ្ញុង នៅមិនទាន់មានការឆ្លើយតបទេថា ព្រមឱ្យកូនទៅបួសពិតមែន ឬ មិនដាច់ចិត្តពីកូននាពេលនេះ។

គេនៅចាំបានថា កន្លងមកនេះ អ្នកនាង ខ្ញុង និងស្វាមី បានតស៊ូពុះពារគ្រប់មធ្យោបាយដើម្បីចិញ្ចឹមកូនប្រុស និងផ្គត់ផ្គង់ការសិក្សារបស់កូន។ បើទោះជាជួបរឿងបំណុលវន្តកយ៉ាងណាក៏ដោយ ខ្ញុង នៅតែលើដៃសំពះឱ្យមានការជួយជ្រោមជ្រែងឱ្យកូនអ្នកនាងបានបន្តការសិក្សា និងរស់នៅក្នុងស្ថានភាពណាមួយដែលទទួលយកបាន។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញថា អ្នកនាង​ ខ្ញុង ឆ្លើយតបចំពោះបំណងល្អរបស់កូនប្រុសយ៉ាងណានោះទេ។ បើមានអ្វីថ្មីជាបន្តទៀត ត្រយងនឹងនាំសារមកប្រាប់ប្រិយមិត្តទាំងអស់គ្នាបានឱ្យជ្រាបជាដំណឹងបន្តទៀត៕

Share.