សិល្បៈជាតិ៖ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ស្រាប់តែចេញមកប្រកាសនាពេលថ្មីៗនេះថា លោកមិនមែនប្រកាន់ឫកពាររឿងតម្លៃខ្ពស់​ អាងខ្លួនល្បី​ឬប្រកាន់ខ្លួនអីទេ ប៉ុន្តែបើគ្មាន២០០​ ដុល្លារ​ទេ​ កុំ​ហត់ចំណាយពេលទាក់ទង​លោក​ផ្សាយ​ពាណិជ្ជកម្ម​អី ព្រោះមិនចង់ប្រកែកតម្លៃអីច្រើន។ ការប្រកាសនេះ លោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់របស់លោក នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះ។

ត្រយងសូមដកស្រង់សម្ដីទាំងស្រុងរបស់ លោក ម៉ា ច័ន្ទបញ្ញា ដែលបានបង្ហោះនិងរៀបរាប់ដូច្នោះថា ៖ « សូមអធ្យាស្រ័យផង​ បងប្អូន​ អ្នកទំនាក់ទំនងតួ​ និយាយត្រង់និងសូមប្រកាសតែម្ដង​! មិនមែនខ្ញុំ​ ប្រកាន់ឬក​ តម្លៃខ្ពស់​ អាងខ្លួនល្បី​ ឬប្រកាន់ខ្លួនអីទេ។ ចំពោះការងារសិល្បៈ​ពាណិជ្ជកម្ម​ ផលចំណេញ​ បើក្រោម​តម្លៃ​ 200​ សូមមេត្តា​ កុំទាក់ទងមកអី​! ខ្ញុំពិតជាមិនចង់ប្រកែកទេ​។»

លោកបន្តថា ៖ « ខ្ញុំធ្វើសិល្បៈនេះជារបរទីពីរ​ ទោះមិនស្អាតសង្ហារដូចគេ​ តែខ្ញុំយកបទពិសោធន៍​ ជាង10ឆ្នាំ​ ចំណេះជំនាញជាច្រើន និងចំណាយ​ សុខភាពអស់មិនតិចទេ​​ ទម្រាំអាចដើរដល់ទីនេះ។ ម្យ៉ាងបើក្រោមតម្លៃនេះ​ សុខចិត្ត​ បរិច្ចាគ​ ជាការចូលរួមដោយមិនគិតកម្រៃ​​វិញប្រសើរជាង។​ ដូច្នេះ​ សូមបងប្អូន​ មេត្តា​ កុំប្រកែប្រកាន់អី​​ ព្រោះ​ ខ្ញុំមានកិច្ចការក្រុមការងារច្រើន​ និងមានតម្រូវការចំណាយ​ រវល់ច្រើន​ សូមអរគុណ។»

តាមការប្រកាសលោក ម៉ា ច័ន្ទបញ្ញា យ៉ាងច្បាស់ៗអំពីតម្លៃខ្លួននាដើមឆ្នាំថ្មី២០២៣នេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្ដល់ជាយោលបល់ឱ្យលោកថា លោកគួរតែមានអ្នកគ្រប់គ្រងត្រឹមត្រូវដើម្បីដោះស្រាយតម្លៃជាមួយដៃគូពាណិជ្ជកម្ម ឬក្រុមហ៊ុនដែលទាក់ទងមកលោក ដែលនោះគឺជាកំណត់ស្តង់ដារតម្លៃជាក់លាក់របស់លោកផងដែរ។ ប៉ុន្តែតារាចម្រៀងប្រុសរូបនេះបានបកស្រាយវិញថា បញ្ញានេះគឺលោកធ្លាប់មានអ្នកគ្រប់គ្រងរួចមកហើយ ប៉ុន្តែភាគច្រើនគឺមានការទំនាក់ទំនងរឿងតម្លៃខ្លួនមកលោកផ្ទាល់ ដែលពេលខ្លះពួកគេគិតតាមស្ដង់ដារតម្លៃខ្លួនចាស់ និងចចារតាមអ្វីដែលអាចធ្វើទៅបាន។

សូមជម្រាបថា ការប្រកាសតម្លៃ​ខ្លួន​ខាង​លើ តារាចម្រៀងប្រុស​រូប​នេះ គ្រាន់តែចង់បញ្ជាក់ថា គឺ​ជា​តម្លៃ​ថ្មីដែលកំណត់មិនមានការចចារ ខណៈ​កាល​ពី​ឆ្នាំ​មុនៗ គឺ​មាន​ការ​ខុស​គ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ក្នុងនោះគេមើលឃើញថា លោកមិន​មាន​គម្រោង​តម្លើងតម្លៃខ្លួនបន្ថែម​ទៀត​ទេ ប៉ុន្តែ​លោក​ចង់​បាន​ភាពជាក់លាក់ការងារ​ច្រើន​ថែម​ទៀត ព្រោះដើម្បីផលប្រយោជន៍ទាំងសងខាងតែប៉ុណ្ណោះ ពោលគឺ រវាងលោក និងដៃគូពាណិជ្ជកម្ម។

Share.