កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការស្ម័គ្រចិត្ត នៃគ​ណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានប្រកាស​ទទួល​អ្នក​ស្ម័គ្រចិត្តជាផ្លូវការ ដើម្បីជាផ្នែកមួយនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ក្នុង​ឱកាស​ដែលកម្ពុជា ត្រូវចាប់ផ្ដើមមុនសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ីអាគ្នេយ៍ លើក​ទី៣២ លើ៣៦ប្រភេទកីឡា បូកកីឡាសម្ដែង ១ប្រភេទ តម្រូវការអ្នកស្ម័គ្រចិត្ត ត្រូវបានរំពឹងថា នឹង​ជ្រើសរើសចំនួន ៦,៩៦៣នាក់ ដូច្នេះ​ការចូល​រួមគឺ​ជាចំណែក​ដ៏សំ​ខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដំ​ណើរ​ការទៅយ៉ាងរលូន។

អំពីអ្នកស្ម័គ្រចិត្ត៖
អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា ៣កម្រិត រួមមាន៖ ថ្នាក់ដឹកនាំ ជនបង្គោល និងអ្នកស្ម័គ្រចិត្តទូទៅ។
ក្នុងតម្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧,០០០នាក់ គណៈ​កម្មការ​បាន​បើកទូលាយ​ជូន​ដល់​សាធារ​ណជន​ចូលរួម ព្រម​ទាំងផ្ដល់នូវ ៥០កន្លែងដល់អ្នកស្ម័គ្រចិត្តជាជនជាតិបរទេស។ លើស​ពីនេះ​ក៏​ត្រូវ​ការ​អ្នក​ស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្តព្រះសីហនុ ចំនួន ១០០នាក់ ខេត្តកែប ៥០​នាក់ និងខេត្តកំពត ៥០នាក់។

ការចូលរួមស្ម័គ្រចិត្ត អ្នក​ស្ម័គ្រចិត្តត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
  • មានពេលវេលាគ្រប់គ្រាន់
  • មានសុខភាពល្អ ដើម្បីបំពេញការងារ
  • មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
  • មានអាកប្បកិរិយាស្លូតបូត និងសុភាពរាបសា
  • លើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី
  • ចេះភាសាអង់គ្លេស (សម្រាប់អ្នកស្ម័គ្រជាអ្នកសម្របសម្រួល LO)

អ្នកស្ម័គ្រចិត្តត្រូវមានឯកសារតម្រូវ៖

រូបថត (ទំហំ ៤គុណ៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប
ឆ្លងកាត់ការចុះឈ្មោះតាមអនឡាញ (Online Registration) និងត្រូវឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំងចូលរួមវគ្គបណ្ដុះបណ្ដាលភារកិច្ចដែលអ្នកស្ម័គ្រចិត្តនឹងធ្វើពេលព្រឹត្តិការណ៍។

វិធី និងដំណាក់កាលនៃការបំពេញពាក្យជាអ្នកស្ម័គ្រចិត្ត៖

បើកទទួលចុះឈ្មោះពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយចូលទៅកាន់ https://cambodia2023.com/km/volunteer-register

ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយ​បេក្ខភាព​ដែល​បំពេញ​ពាក្យ​ស្នើសុំ​បាន​ជោគ​ជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail។

បន្ទាប់ពីត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់សម្ភាសន៍ ស្រប​តាម​ស្ដង់​ដា​ដាក់​ពិន្ទុ​ដែល​កំណត់ (ចំនួន៦ផ្នែក) ដើម្បីធានានូវតម្លាភាព។ ចំពោះការងារដែលមានតម្រូវការជំនាញកម្រិតខ្ពស់ នឹងមានការចូលរួមសម្ភាសន៍ពីគណៈកម្មការជំនាញ។

ការប្រកាសលទ្ធផល៖

បេក្ខជនដែលបានជាប់នឹងទទួលបានសារបញ្ជាក់ពីជោគជ័យក្នុងការក្លាយខ្លួនទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍កីឡា និងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំដោយគណៈកម្មការ តាមរយៈ Telegram និង E-mail។

ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត៖

ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ត្រូវបានបែងចែកជា ២កម្រិតរួមមាន៖ ១. កម្រិតថ្នាក់ដឹកនាណ និងជនបង្គោល។ ២. កម្រិតអ្នកស្ម័គ្រចិត្តទូទៅ។

កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល មានរយៈពេល ៣ថ្ងៃ ស្មើនឹង ១៨ម៉ោង ខណៈកម្រិតអ្នកស្ម័គ្រចិត្តទូទៅ មានរយៈពេល ២ថ្ងៃ ស្មើនឹង ១៣ម៉ោងកន្លះ។

អត្ថប្រយោជន៍អ្នកស្ម័គ្រចិត្តទទួលបាន៖

  • អាវយឺត ចំនួន ២, ខោ ចំនួន ២, មួក ចំនួន ១, កាតាប ចំនួន ១, លិខិតថ្លែងអំណរគុណ
  • ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ៕

Share.