សិល្បៈជាតិ៖ ក្នុងកម្មវិធី Meet And Greet Miss Grand International ដែលធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ក្រៅពីចាប់អារម្មណ៍ចំពោះកញ្ញា ពេជ្រ វត្តីសារាវឌ្ឍី និងរៀមច្បង Miss Grand Cambodia គ្រប់ជំនាន់ហើយ មហាជនក៏បានផ្ដោតការចាប់អារម្មណ៍ចំពោះកញ្ញា ប៉ូ​ គីម​ថេង​សុតធីតា ដែលជាអតីតម្ចាស់មកុដកាលពីឆ្នាំ២០២១។ តើកញ្ញាមានអ្វីលេចធ្លោរនៅក្នុងថ្ងៃពិសេសនោះ?

ជាក់ស្ដែង កញ្ញា ប៉ូ​ គីម​ថេង​សុតធីតា បានឆក់បានចំណាប់អារម្មណ៍ និងសរសើរខ្លាំងពីមហាជន ខណៈកញ្ញាបង្ហាញការតុបតែងខ្លួនគ្រងឈុតរាត្រីសមោសរពណ៌ផ្កាឈូក បញ្ចេញរាងក្នុងចំណោមបវរកញ្ញា​​ឯកគ្រប់ជំនាន់ ដែលមើលទៅរំលេច​សម្រស់​ស្អាត​គ្មាន​ទាស់​។ យ៉ាងណាមិញ ចំពោះរូបភាពដែលកញ្ញាបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ក៏កំពុងត្រូវបានហ្វេនអ្នកគាំទ្រចែករំលែក និង សរសើរមិនដាច់ពីមាត់ជាមួយរូបសម្រស់របស់កញ្ញាជាមួយឈុតរាត្រីសមោសរមួយនេះ។ ភាគច្រើនគ្រប់គ្នាលាន់មាត់ថា៖ «So Beautiful Queen»។

ជាការពិតណាស់ សម្រាប់ កញ្ញា ប៉ូ​ គីម​ថេង​សុតធីតា គេអាចនិយាយបានថា នាងគឺពិតជាចាក់គ្រិះបានម៉ាំក្នុងវិស័យបវរកញ្ញាដែលអាចរក្សាប្រជាប្រិយភាពមិនស្រុត។ ថ្មីៗនេះដែរ កញ្ញាក៏ទើបតែប្រកាសថា នឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Supranational Cambodia 2023 ដែលនៅក្នុងនោះ ក៏មានអតីតម្ចាស់មកុដមួយចំនួនទៀតបានប្រកាសចូលរួមក្នុងកម្មវិធីនេះដូចគ្នា។ ប៉ុន្តែអ្នកគាំទ្ររបស់ ធីតា បានជូនពរកញ្ញាឱ្យឈ្នះមកុដពីកម្មវិធីថ្មីនេះ ដោយពួកគេនិយាយថា ៖ «Winner of Miss supranational Cambodia 2023»។

សូមជម្រាបថា ឆ្នាំថ្មីនេះ កញ្ញា ប៉ូ​ គីម​ថេង​សុតធីតា ទើបតែមានវ័យ ២៤ ឆ្នាំកំពុងពេញស្អាត ហើយតាមរយៈបទពិសោធន៍ជាច្រើនពីវេទិការប្រកួតសម្រស់ធំៗ និងលំដាប់អន្តរជាតិ គេរំពឹងថា ប៉ូ​ គីម​ថេង​សុតធីតា នឹងគ្រងមកុដនៅក្នុងឆ្នាំថ្មី១០០ភាគរយ។

គួររំលឹកថា នៅក្នុងឆ្នាំ ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា គឺជាអតីតបវរកញ្ញាឯកដ៏អស្ចារ្យតំណាងឱ្យប្រទេស​កម្ពុជា​ទៅចូលរួមប្រកួតនៅលើវេទិការអន្តរជាតិ Miss Grand International 2021 នៅប្រទេសថៃ។ កញ្ញាឈ្នះបានពាន «Popular Votes» និងបានចូលទៅកាន់វគ្គ Top 10 ដោយស្វ័យប្រវត្តិតាមរយៈការឈ្នះសំឡេងបោះឆ្នោតច្រើនជាងគេ។ កញ្ញាគឺជាបេក្ខភាព Miss Grand Cambodia ដំបូងដែលបានឈានជើងដល់វគ្គកំពូល Top 10។

Share.