សិល្បៈជាតិ៖ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា វីរសិល្បៈការិនីចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី បានលាចាកលោកនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយរោគាពាធ។

បើតាមការបញ្ជាក់របស់ក្រុម វប្បធម៌ខ្មែរ Khmer culture កាលពីថ្ងៃទី ១ ខែកុម្ភៈថា ស្ថានភាពសុខភាពអ្នកគ្រូកាន់តែ ទ្រុតទ្រោមទៅបាត់ហើយ។ រហូតដល់ថ្ងៃទី ២នេះ ក៏ស្រាប់តែទទួលដំណឹងថា អ្នកគ្រូបានលាកចាកលោកនេះដោយគ្មានថ្ងៃត្រឡប់ឡើយ។

វប្បធម៌ខ្មែរ Khmer culture បានបង្ហោះសារទាំងស្រុងថា ៖ « វីរសិល្បៈការិនីចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី បានលាសិស្សគុណបងប្អូននិងប្រជាជាតិកម្ពុជាទាំងមូលគ្មានពេលនិងត្រឡប់ទៀតហើយនាវេលាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ សូមលើដៃសួងបន់អស់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី សូមនាំនូវដួងវិញ្ញាណក្ខន្ធ វីរសិល្បៈការិនីចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី អញ្ជើញទៅកាន់ឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើយ។ កូនចៅសិស្សគុណទាំងឡាយនូវចងចាំការពលីការតស៊ូការលះបង់របស់អ្នកគ្រូជាដរាប…»។

ចំពោះការបាត់បង់វីរសិល្បៈការិនីចម្រៀងមហោរីដែលជាធនធានមនុស្សជាតិដ៏សំខាន់នេះ កូនខ្មែរគ្រប់រូបសូមសម្ដែងនូវការសោកស្ដាយនិងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Share.