ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន​អចិន្ដ្រៃយ៍​នៃគណៈកម្មា​ធិការ​ជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ ​មានប្រសាសន៍ថា៖ «ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់។ យើង​ដឹងហើយថា អ្នកស្ម័គ្រចិត្ត គឺជា DNA របស់ព្រឹត្តិការណ៍កីឡាដ៏ធំ ហើយកន្លងមកយើងក៏បាន ធ្វើ​ការ​រៀប​ចំ​បែង​ចែក គឺការចាត់តាំង ការប្រើប្រាស់ របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅ​តាម​គ្រប់​ផ្នែក​អស់​ហើយ»។

ការលើកឡើងដូច​នេះ ​ធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ប្រកាស​ទទួល​យក​អ្នកស្ម័គ្រចិត្ត​ជាផ្លូវ​ការ សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ផ្ទាល់​របស់​ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ានី កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣  នៅទីស្នាក់ការ គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម ថោង ខុន បន្ថែម​ថា៖ «ក្នុងនោះក៏មាននៅក្នុងគណៈកម្មការជំនាញផងដែរ ដោយ​ខាងមុខនេះ គណៈ​កម្ម​ការ​ជំនាញ នឹង​ទទួលយកអ្នកស្ម័គ្រចិត្តទាំងឡាយ ដើម្បី​ទៅ​ចូល​រួម​ការងារ​ជាមួយ​គណៈ​កម្ម​ការ​ជំនាញ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និងការងារជំនាញ ដែល​មាន​ការ​ពាក់ព័ន្ធ»។ ឯកឧត្តមបានដាក់ក្ដីសង្ឃឹមថា កម្ពុជា នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ស្ម័គ្រ​ចិត្តជាច្រើន ដើម្បីចូលរួមបំពេញការងារ ក្នុងកិច្ចការស៊ីហ្គេមរបស់ជាតិ ឱ្យ​ទទួល​បាន​ជោគ​ជ័យ។

កម្ពុជា​ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣នាក់ ដែលត្រូវបានបែងចែកជា៣កម្រិតគឺ១. អ្នកស្ម័គ្រចិត្តជា ថ្នាក់​ដឹកនាំ, ២. អ្នកស្ម័គ្រចិត្តជាជនបង្គោល និង៣. អ្នកស្ម័គ្រចិត្តទូទៅ ព្រម​ទាំង​៥០​កន្លែង​សម្រាប់​ជនជាតិបរទេស។ លើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្ត​ព្រះសីហនុ ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់៕

ដើម្បីក្លាយទៅជាអ្នកស្ម័គ្រចិត្តសូមចូលទៅកាន់៖ https://cambodia2023.com/km/volunteer-register

Share.