សិល្បៈជាតិ៖ សារព័ត៌មានត្រយងលើកផ្សាយពីរឿងនេះឡើងពុំមានបំណងឬចេតនាញុះញង់ឱ្យមានការស្អប់ ឬក៏រើសអើងជាតិសាសន៍ណាមួយនោះទេ ប៉ុន្តែនេះគ្រាន់តែជាការបកប្រែតាមច្បាប់ដើម សម្រួលឱ្យមហាជនបានជ្រាបដឹងច្បាស់បន្ថែមអំពីការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ តើស្ថិតក្នុងចេតនាអ្វីឱ្យប្រាកដ?

នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សារព័ត៌មានថៃ 3Plus NEWS បានចេញផ្សាយដែលមានសេចក្ដីសម្រួលទាំងស្រុងដោយដាក់ចំណងជើងថា ៖ « កម្ពុជាទាមទារពេញទំហឹង ដើមកំណើតនៃម៉ូដកាបូបប្រេនដ៍ បានទទួលគំនិតបណ្ដាលចិត្តពីដូនតាបុព្វបុរសខ្មែរ»។

បន្តមកក្នុងសំណេរអត្ថបទបានរៀបរាប់ថា ៖ « បន្ទាប់ពីកម្ពុជា ទាមទារ មួយថៃ (ប្រដាល់ថៃ) រហូតបានក្លាយជាបញ្ហាដ្រាម៉ាឆ្លងប្រទេស អាងសិទ្ធជាម្ចាស់ផ្ទះការប្រកួតប្រដាល់ភាគខាងត្បូងប្ដូរដាក់ឈ្មោះថា គុនខ្មែរ ជំនួសឱ្យការហៅឈ្មោះ មួយថៃ ដោយមានលក្ខន្តិកៈគ្រប់យ៉ាងស្រដៀងគ្នានឹង មួយថៃ ។ បន្ទាប់មក ខាងភាគីសម្ព័ន្ធមួយថៃអន្តរជាតិ ឬ IFMA បានអះអាងថា មិនបញ្ចូនអ្នកប្រដាល់ថៃទៅចូលរួមការប្រកួត។ ក្រៅពីនោះគណៈកម្មការអូឡាំពិកអន្តរជាតិ ឬ IOC បានបញ្ជាក់ដែរថា មួយថៃ នឹងប្រើប្រាស់ជាផ្លូវការក្នុងការប្រកួតលំដាប់អន្តរជាតិ»។

សារព័ត៌មានថៃដដែលនេះ បានបន្តសរសេររៀបរាប់ទៀតថា ៖ «នៅទីបំផុត ផេកហ្វេសប៊ុក Ebook Cambodia បានទាមទារម៉ូដកាប៉ូបល្បី LOUIS VUITTON ម្ដងទៀត ដោយរូបភាពមួយនេះ ជារូបចម្លាក់នារីរបាំ តែងខ្លួនគ្រងសំពត់ ដែលសំពត់នោះមានម៉ូដក្បាច់ដូចនឹងប្រេនដ៍កាបូបល្បីលំដាប់ពិភពលោក។ រូបនេះបាននាំយក​កាបូបប្រេនដ៍ល្បីមកប្រៀបធៀប ព្រមជាមួយ Caption ថា ប្រេនដ៍​ LV????​ ពេលខ្លះនៅតែគេចមិនផុតពីគំនិតសិល្បៈស្នាដៃដូនតាខ្មែរ​។ ចម្លាក់រាប់ពាន់ឆ្នាំមកហើយ​ នៅបន្សល់ទុកភាពស៊ីវិល័យ និងភាពមិនចេះហួសសម័យ​។ ពិតជាអស្ចារ្យមែនដូនតាខ្មែរ»។

យ៉ាងណាមិញ ការផ្សព្វផ្សាយព័ត៌មាននេះគេមិនដឹងច្បាស់ថា ថៃមានចេតនាអ្វី​ឱ្យពិតប្រាដនោះទេ។ ត្រយងបានសុំការបំភ្លឺជាទស្សនៈខ្លះៗពីអ្នកជំនាញច្នៃនៅប្រទេសកម្ពុជាយើង ដើម្បីចង្អុលបញ្ហាខ្លះអំពីករណីនេះ។

លោក ជួប វិចិត្រ ហៅស្ករគ្រាប់ បានពន្យល់ថា បញ្ហាដែលមើលឃើញថា កាបូប LV មានម៉ូដលក្ខណៈស្រដៀងនឹងចម្លាក់នៅប្រាសាទអង្គរវត្តនេះ អាចជារឿងចៃដន្យក៏ថាបាន ព្រោះការរចនាម៉ូដៗនីមួយៗគឺមានភាពប្រហាក់ប្រហែលគ្នាច្រើនណាស់។ លោកបន្ថែមថា យើងមិនហ៊ានសន្និដ្ឋានថា LV បានយកលំនាំម៉ូដពីកម្ពុជានោះទេ ព្រោះគ្មាការបញ្ជាក់ណាមួយចេញពីក្រុមហ៊ុនរបស់ LV ។ មួយវិញទៀត សូម្បីតែការប្រើប្រាស់គ្រឿងអលង្ការរបស់បុព្វបុរសខ្មែរនាសម័យនាស.វទី ៧-៨ ក៏មានភាពស្រដៀងគ្នានឹងប្រទេសអេហ្ស៊ីបផងដែរ។

បើតាមការបកស្រាយរបស់គេហទំព័រ seasia បានលើកឡើងថា កម្ពុជាយើងធ្លាប់នៅក្រោមការត្រួត្រារបស់បារាំងរយៈពេល ៩០ ឆ្នាំ ហើយនេះក៏អាចជាហេតុផលមួយដែលអ្នកឌីហ្សាញរបស់បារាំង និងជាពិសេសម្ចាស់ប្រេនដ៍ផលិតកាបូបនេះដំបូងដែលជាជនបារាំង បានឃើញ ឬក៏ចាប់អារម្មណ៍ចំពោះចម្លាក់របស់កម្ពុជាដែលមានតាមប្រាង្គប្រាសាទ។

សូមជម្រាប ក្រោយការចេញផ្សាយនេះហើយ គេនៅមិនទាន់ដឹងថា ខាងផ្នែកពាក់ព័ន្ធកម្ពុជាយើង ទទួលជ្រាបនូវដំណឹងនេះឬអត់ គេរំពឹងថានឹងមានបកស្រាយពន្យល់ឱ្យកាន់ច្បាស់ពីបញ្ហានេះដើម្បីកុំមានការភាន់ច្រឡំរវាងប្រទេសទាំងពីរបន្តទៅទៀត ៕

Share.