ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសនាំចូលកីឡាករកូនកាត់ ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) ដែលអ្នកគាំទ្រស្គាល់ថាជា​កីឡាករ​កូន​កាត់​ខ្មែរ-អាមេរិក កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រៀមពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក ដូច្នេះរូប​គេ​មាន​សិទ្ធិតំណាងឱ្យជម្រើសជាតិកម្ពុជា។

Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះបានបង្ហាញខ្លួនចំនួន ៥ប្រកួតហើយ ឱ្យ​ជម្រើស​ជាតិ​កម្ពុជា​ឈុតធំ ក្នុងនោះមានការបង្ហាញខ្លួនទាំង ១១នាក់ដំបូង និងផ្លាស់ប្ដូរចូល។

ក្រៅពីនេះព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសនាំចូលខ្សែការពារកណ្តាល ធារី ចន្ថាប៊ីន ពីវិសាខា, អ្នកចាំទី វីរៈ ដារ៉ា ពីវិសាខា, ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ពី Tiffy Army, ខ្សែបម្រើ គួច ដានី ផ្លាស់ពីណាហ្គាវើលដ៍ និង ខ្សែការពារស្លាប សេត រ៉ស៊ីប ពីបឹងកេត រួមទាំងដាវញីឈ្មោលប្រេស៊ីល Gabriel Silva Costa និង Iago Bento Fernandes ពីអង្គរថាយហ្គឺរ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជូនខ្សែប្រយុទ្ធ Marcus Haber និង ខ្សែការពារកណ្តាល Takashi Odawara ចំនួន១ឆ្នាំបន្ថែមទៀត គឺសម្រាប់រដូវកាល ២០២៣-២០២៤ នេះ។

Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា គឺជាកីឡាករសំខាន់របស់លោក Conor Nestor នៅលីគកំពូលកម្ពុជា កាលពីរដូវកាល ២០២២ បន្ទាប់ពីស៊ុត​បញ្ចូល​ទី​សរុបចំនួន​២៥​គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៧ប្រកួត ព្រមទាំងក្រសោបបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯង ក្នុងកម្មវិធី CPL FOOTBALL AWARD 2022។

ដោយឡែក​ខ្សែ​ការពារ Takashi Odawara ខ្សែការពារជនជាតិជប៉ុន ធ្លាប់​ប្រកប​អាជីព​ទាំង​នៅ​លីគ​កំពូល​ប្រទេស​ហ្វីលីពីន និង​ម៉ាល់ឌីវ ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីរដូវ​កាល​មុន​ ដោយ​បង្ហាញខ្លួន ២៣លើក និង​ស៊ុតទាត់​បញ្ចូល​ទី​បាន ១គ្រាប់។ខណ:រូបគេ​ក៏​រួមចំណែក​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​ច្រើន​ប្រកួត​ដូចគ្នា​ផង​ដែរ ក្នុងនាមជាខ្សែការពារកណ្តាល៕

Share.