ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆន្ទៈរបស់ស្រាបៀរវឌ្ឍនៈនិងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈកាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើនដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។ ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្តែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ “លោក G-Devith គឺជាសិល្បករមួយរូបដែលមានច្ឆន្ទៈ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។ គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលច្ឆន្ទៈនេះដូចទៅនឹងច្ឆន្ទៈរបស់ វឌ្ឍនៈប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង។”

លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុ​នកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និង​ភេសជ្ជៈ​​នៅ​កម្ពុជា ​​ ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈគ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។

Share.